Skip to content

ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នាដើមខែធ្នូនេះ

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងផ្នែកឯកជន ត្រៀមនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ បើយោងតាមសេចក្តីជូនដំណឹងដែលបានចេញផ្សាយកាលពីថ្ងៃពេលថ្មីៗនេះបានឱ្យដឹងថា “ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន មានគោលបំណងជំរុញបន្ថែមទៀតនូវ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​លើកកម្ពស់​ការផ្លាស់ប្តូរ​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ និង​យុទ្ធនាការ ទស្សនា​ខេត្តសៀមរាប ឆ្នាំ ២០២៤”។ ពិព័រណ៍ទេសចរណ៍នេះ នឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ជាអ្នកទិញជនជាតិចិន ចំនួន៥០ក្រុមហ៊ុន អ្នកលក់ជាជនជាតិចិនចំនួន៥០ក្រុមហ៊ុន និងអ្នកលក់ជនជាតិខ្មែរ ចំនួន១០០ក្រុមហ៊ុន ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានចិន ចំនួន៥០ស្ថាប័នផងដែរ។

ក្រសួងទេសចរណ៍បានបន្ថែមថា ពិព័រណ៍នេះនឹងបង្ហាញពីសកម្មភាពសំខាន់ៗដូចជា សិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការផ្គូផ្គងអាជីវកម្ម កម្មវិធីទស្សនកិច្ចគោលដៅទេសចរណ៍មុន និងក្រោយពិព័រណ៍ និងកម្មវិធីផ្សេងៗទៀតជាច្រើន។ ក្រសួងក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នផ្សព្វផ្សាយជាតិ និងអន្តរជាតិ និងសាធារណជនទូទៅឱ្យចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះឱ្យបានច្រើនកុះករ ព្រមទាំងចូលរួម​ផ្សព្វផ្សាយ​ “ពិព័រណ៍​ទេសចរណ៍​កម្ពុជា-ចិន” នេះ​ដល់ដៃគូ​ពាក់ព័ន្ធ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ធ្វើឱ្យ​កម្មវិធី​នេះទទួលបាន​ការគាំទ្រ​កាន់តែច្រើន និងទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ មាន​ប្រសាសន៍​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន៤.៣លាន​នាក់​ក្នុងអំឡុង​ខែមករា ដល់​ខែ​សីហា ឆ្នាំ២០២៤ កើនឡើង២២.៥%។ ក្នុង​ចំណោម​ចំនួន​នេះ មាន​ភ្ញៀវទេសចរ​ចិន​ ចំនួន៥៣៨,៨៣៤​នាក់ កើនឡើង៤៧.៧%។ លោក​បាន​បន្តថា “កម្ពុជា​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន៧លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ជាង២លាន​នាក់​ក្នុង​ឆ្នាំ២០២៥”៕​

Leave a Reply

Your email address will not be published. Required fields are marked *