Rodri ក្លាយជាម្ចាស់ពាន Ballon d’Or 2024 ខណៈ Real Madrid ធ្វើពហិការ

ខ្សែបម្រើរបស់មេឃខៀវ Manchester City និងក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Rodri បានក្លាយជាម្ចាស់ពាន Ballon d’Or បន្ទាប់ពីជួយក្លិបឈ្នះពានរង្វាន់ Premier League និង Euro 2024 ខណៈក្លិបអធិរាជស Real Madrid ធ្វើពហិការមិនចូលរួមក្នុងពិធីប្រគល់ពាននៅទីក្រុងប៉ារីស ដោយចាត់ទុកថា ជាការមិនគោរពកីឡាករខ្លួន។

Rodri វ័យ ២៨ឆ្នាំ បានដើរតួយ៉ាងសំខាន់នៅពេលដែល Man City បានយកឈ្នះ Arsenal ដើម្បីឈ្នះពាន Premier League កាលពីរដូវកាលមុន ហើយត្រូវបានតែងតាំងជាអ្កីឡាករល្អ ប្រចាំព្រឹត្តិការណ៍ Euro 2024 ។ គ្រាប់​បាល់​នៅវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីឆ្នាំ ២០២៣ និងគ្រាប់បាល់ស៊ុតបញ្ចូល​ទី​តាម​ស្មើ​ក្នុង​ការ​ប្រកួត​វគ្គ ១៦ក្រុម Euro 2024 ​ទល់​នឹង Georgia ជួយឲ្យរូបគេឈ្នះពានឆ្នាំនេះ។

មែនទែនទៅ ការ​សម្រេច​ចិត្ត​ផ្តល់​រង្វាន់ ​សម្រាប់​កីឡាករ​ល្អ ​ដល់​ខ្សែ​បម្រើ​រូប​នេះ​ បាន​បង្កភាពភ្ញាក់​ផ្អើល​យ៉ាងខ្លាំងនៅទីទាំងពិភពលោក ខណៈ​ដែល​ កីឡាករ Vinicius Junior ដែលជួយក្លិប Real Madrid លើកពាន​រង្វាន់ Liga និង Champions League បានត្រឹមតែជាតួរង។

ទោះបីជាអ្នករៀបចំកម្មវិធីបារាំង ទទូចថា អត្តសញ្ញាណរបស់អ្នកឈ្នះគឺជាអាថ៌កំបាំង មិនត្រូវបែកធ្លាយមុនឡើយ ប៉ុន្តែនៅតែមានព័ត៌មានលេចធ្លាយដដែល ហើយប៉ុន្មានម៉ោងមុនពិធីនៅទីក្រុងប៉ារីសចាប់ផ្ដើម Real Madrid បានប្រកាសថា គណៈប្រតិភូរបស់ខ្លួន នឹងមិនចូលរួមពិធីនេះទេ ដោយសារតែអ្វីដែលខ្លួនយល់ថា ជាការមិនគោរពដល់ Vinicius ។

Real Madrid បានប្រាប់ AFP ថា ៖«ប្រសិនបើលក្ខណៈវិនិច្ឆ័យនៃពានរង្វាន់មិនផ្តល់ឱ្យ Vinicius ជាអ្នកឈ្នះនោះ លក្ខណៈវិនិច្ឆ័យដូចគ្នាទាំងនោះគួរតែចផ្ដល់ទៅ Carvajal ជាអ្នកឈ្នះ។ ដោយសារតែនេះ មិនមែនជាករណីនោះទេ វាច្បាស់ណាស់ថា Ballon d’Or-UEFA មិនគោរព Real Madrid ហើយ Real Madrid មិនទៅកន្លែងដែលមិនគោរពនោះទេ»។

គួរបញ្ជាក់ថា Vinicius ជាតួរអង្គដ៏សំខាន់របស់ Real Madrid កាលពីរដូវមុន ដោយបានស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១១ ដងក្នុង ៣៩ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ និងជួយក្លិបឈ្នះពានរង្វាន់ចំនួន ៣កាលពីរដូវកាលមុន៕