ត្រកួន មិន​ត្រឹមតែ​ជា​បន្លែ តែ​ជា​ឱសថ​បុរាណ​ដ៏​ពូកែ

ត្រកួន គឺជា​បន្លែ​ពេញនិយម​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​យកមក​ចម្អិន​ជា​ម្ហូបអាហារ​ជាច្រើន​មុខ ហើយក្រៅពីជា​បន្លែ​ហើយ​នោះ ត្រកួន​ក៏​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខ ដែល​យើង​មិន​ធ្លាប់​បានដឹង​ពីមុនមក។ គុណប្រយោជន៍​របស់​ត្រកួន​មាន​ដូចខាងក្រោម​នេះ៖

1- ការពារ​ជំងឺ​ហើមពោះ ៈ ត្រកួន​ជា​ប្រភព​របស់​ជាតិ​សរសៃ​ច្រើន​បំផុត វា​មាន​ប្រសិទ្ធ​ភាពជា​ថ្នាំ​រលាយ​កាកសំណល់ទន់ៗ ជួយ​ឱ្យ​ការ​បន្ទោបង់​បាន​ងាយស្រួល។ វា​ជួយ​ការពារ និង​ព្យាបាល​ជំងឺ​ទល់លាមក ហើមពោះ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ឫសដូងបាត​បាន ពោលគឺ ការទទួល​ទាន​បន្លែ​ត្រកួន​ជាប្រចាំ​ថ្ងៃ នឹង​ជួយ​សម្អាត​រាល់​កាកសំណល់ និង​ជាតិពុល​ដែល​ធ្លាក់​ទៅក្នុង​ពោះវៀនតូច​ឱ្យ​ចេញមកក្រៅ ហើយ​ជួយ​ស្រូបយក​សារធាតុចិញ្ចឹម​ដល់​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ​ថែម​ទៀតផង។

2- ជំនួយ​ភ្នែក ៈ ជា​បន្លែ​ដែលមាន​វីតាមីន A ច្រើន ជំនួយ​ដល់​ភ្នែក និង​ប្រ​ស្រី​ភ្នែក ហើយ​មានគុណ​សម្បត្តិ​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ បំបាត់​ភាព​នឿយហត់ និង​គេង​លក់​ស្រួល។

3- សម្រួល​ដំណេក ៈ នៅក្នុង​ត្រកួន​មាន​សារធាតុ Selenium និង​ស័ង្កសី ដែល​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​បាន​សម្រាក ហើយ​ធ្វើឱ្យ​អ្នក​ឆាប់​គេង​លក់​ថែម​ទៀតផង។

4- ជំនួយ​គ្រាប់​ឈាម ៈ ត្រកួន​មាន​ធាតុដែក ជា​សារធាតុចិញ្ចឹម​ដែលមាន​សារសំខាន់​ចំពោះ​ប្រព័ន្ធ​ឈាម និង​ចលនា​របត់​ឈាម វា​ជួយ​បង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន​នៅក្នុង​ឈាម ទើប​អាច​ការពារ​ជំងឺ​អប្ប​លោហិត​បាន​ផងដែរ។

5- ជួយ​លាង​ជាតិពុល​នៅក្នុង​ខ្លួន ៈ ត្រកួន​នៅមាន​គុណប្រយោជន៍​ជួយ​លាង​សារ​ជាតិពុល​ក្នុង​រាងកាយ​ដូចជា​ថ្លើម​ជាដើម ព្រមទាំង​ជា​សារធាតុ​ពួក​រ៉ាឌីកាល់​សេរី ដែល​ជួយ​ការពារ​កោសិកា​មិនឱ្យ​ទទួលរង​នូវ​ការបំផ្លាញ ហើយ​ជួយ​ការពារ​ថ្លើម​ថែម​ទៀតផង។

6- បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម ៈ បច្ចុប្បន្ននេះ​មានការ​ស្រាវជ្រាវ​រកឃើញ​ថា ត្រកួន​មាន​សារធាតុ​ស្រដៀង​នឹង Insulin ដែលមាន​សមត្ថភាព​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ជួយ​បន្ថយ​ការ​ស្រូបយក​សារធាតុចិញ្ចឹមរ​បស់​ក្លុយកូស​នៃ​រាងកាយ​បាន។ ដូច្នេះ​អ្នកជំងឺ​ទឹកនោមផ្អែម គួរតែ​ទទួលទាន​ត្រកួន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម។

7- ជួយ​សម្រក​ទម្ងន់ ៈ ជា​ប្រភេទ​បន្លែ​ពណ៌​បៃតង ដែលជា​អាហារ​សម្រក​ទម្ងន់​ដែល​ទទួលបាន​លទ្ធផល​ល្អ​ជាទី​គាប់ចិត្ត វា​មាន​បរិមាណ​អាហារ​សរសៃ​ច្រើន មាន​កាល់​ឡូរី​ទាប ទទួលទាន​ហើយ​ឆ្អែត​បាន​ថែម​ទៀតផង។

8- បញ្ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ៈ អាហារ​សរសៃ និង​វីតាមីន ដែលមាន​នៅក្នុង​ត្រកួន ជា​ផ្នែក​មួយ​ដែល​សំខាន់បំផុត​ក្នុង​ការបន្ថយ​សារជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ទ្រី​គ្លី​សេរី​ដ (ខ្លាញ់​អាក្រក់) ក្នុង​រាងកាយ​បាន ទើប​វា​បាន​ហុច​ផល​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃឈាម និង​បេះដូង។

9- ការពារ​ជំងឺ​បេះដូង និង​សរសៃឈាម ៈត្រកួន​មាន​វីតាមីន A, វីតាមីន C, Beta និង Carotene ដែល​ជួយ​ប្រឆាំង​អ៊ុក​ស៊ីត​កម្ម ហើយ​ការពារ​កោសិកា ជួយ​កាត់បន្ថយ​សារជាតិ​កូ​ឡេ​ស្តេ​រ៉ូ​លការពារ​ការកើត​ជំងឺ​បេះដូង គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ក្រៅពីនោះ វា​មាន​សារធាតុ​ដែក​មាន​សារសំខាន់​ក្នុងការ​បង្កើត​ឈាមក្រហម និង​មាន​ម៉ាញ៉េ​ស្យូ​ម​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ដែល​ជួយ​ការពារ​មិនឱ្យ​កើត​ជំងឺ​បេះដូង។

10- ការពារ​ជំងឺមហារីក ៈ នៅក្នុង​ត្រកួន​មានសារធាតុចិញ្ចឹម​ជាង13ប្រភេទ ដែល​វា​ប្រឆាំង​អុកស៊ីតកម្ម និង​ការពារ​កោសិកា​មិនឱ្យ​កើត​ជំងឺមហារីក ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ ក្រពះ ស្បែក និង​មហារីក​សុដន់​ជាដើម៕

Advertisement