បច្ចេកវិទ្យារ៉ុក្កែតនុយក្លេអែរមួយប្រភេទដែលហៅថា Pulsed Plasma Rocket (PPR) អនុញ្ញាតឱ្យយានអវកាសហោះដល់ភពអង្គារដោយប្រើពេលតែពីរខែ ខណៈដែលបច្ចុប្បន្នគេត្រូវចំណាយពេលប្រហែល 9ខែ។
កាលពីថ្ងៃទី 1 ឧសភា ទីភ្នាក់ងារអវកាសអាម៉េរិក ណាសា ប្រកាសថា ក្រុមហ៊ុនអាម៉េរិក Howe Industries កំពុងអភិវឌ្ឍបច្ចេកវិទ្យារ៉ុក្កែតប្លាស្មាមួយប្រភេទដែលត្រូវបានដាក់ឈ្មោះថា Pulsed Plasma Rocket ឬ PPR ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជើងហោះហើរទៅកាន់ភពអង្គារ និងឆ្ងាយជាងនេះ។ ប្រព័ន្ធនេះនឹងបង្កើតបានកម្លាំងរុញច្រានឡើងដល់ 100,000 N ជាមួយនឹងកម្លាំងរុញច្រានផ្ទាល់ខ្លួន (Isp) គឺ 5,000 វិនាទី។
យានអវកាសបច្ចុប្បន្ន ទាមទារឱ្យមានល្បឿនលឿនដើម្បីហោះរយៈចម្ងាយឆ្ងាយនៅក្នុងទីអវកាស។ ប្រការនេះអាចសម្រេចបានដោយរចនាប្រព័ន្ធរុញច្រានដែលមានកម្លាំងខ្លាំងក្លា និងកម្លាំងរុញច្រានផ្ទាល់ខ្លួនកម្រិតខ្ពស់។ ក៏ប៉ុន្តែ ប្រព័ន្ធបែបនេះមិនទាន់មានវត្តមាននៅលើពិភពលោក។ បច្ចេកវិទ្យា PPR ត្រូវបានអភិវឌ្ឍដើម្បីឆ្លើយតបនឹងតម្រូវការនេះ។
PPR គឺជាការវិវត្តរបស់បច្ចេកវិទ្យាកម្លាំងប្រតិកម្មនុយក្លេអែរបែបបំបែកអាតូម និងបែបប្រមូលផ្ដុំអាតូម (PuFF)។ នេះគឺជាបច្ចេកវិទ្យារុញច្រានទំនើបដែលប្រើប្រាស់ថាមពលនុយក្លេអែរ ដើម្បីកម្លាំងរុញសម្រាប់យានអវកាស។ ជាមូលដ្ឋាន PPR ប្រើប្រាស់ប្រព័ន្ធថាមពលនុយក្លេអែរដោយយោងទៅលើការបំបែកអាតូមដែលស្ថិតក្នុងរង្វង់គ្រប់គ្រង។ PPR ក៏តូចជាង សាមញ្ញជាង និងមានតម្លៃទាបជាង បើធៀបនឹង PuFF។
ណាសាឱ្យដឹងថា ប្រសិទ្ធភាពល្អឥតខ្ចោះរបស់ PPR បូករួមនឹងការរុញច្រានផ្ទាល់ខ្លួន (Isp) កម្រិតខ្ពស់ និងកម្លាំងរុញច្រានខ្លាំង ត្រូវបានគេរំពឹងថា នឹងជាបដិវត្តសម្រាប់សកម្មភាពស្រាវជ្រាវទីអវកាស។ ប្រសិទ្ធភាពខ្ពស់អនុញ្ញាតឱ្យបេសកកម្មនានាដែលមានក្រុមហោះហើរ ឆ្ពោះទៅកាន់ភពអង្គារ ដោយចំណាយពេលតែពីរខែ។ បច្ចុប្បន្ន ជើងហោះហើរមួយទិសពីផែនដីទៅកាន់ភពអង្គារ ត្រូវការពេលប្រហែល 9ខែ។
បច្ចេកវិទ្យា PPR អាចជួយរុញច្រានបណ្ដាយានអវកាសដែលមានទម្ងន់ធ្ងន់ជាងឆ្ងាយ បើធៀបនឹងប្រព័ន្ធរុញច្រានបច្ចុប្បន្ន។ យានអវកាសដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះនឹងត្រូវបានរចនាជាមួយនឹងខែលការពារទំនើបបំផុត អាចទប់ទល់នឹងកាំរស្មីចក្រវាលបញ្ចេញពីកាឡាក់ស៊ីនានា (GCR) ដែលជាភាគល្អិតថាមពលខ្ពស់ អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅពេលធ្វើដំណើរក្នុងចក្រវាលរយៈពេលយូរ។
សមត្ថភាពរុញច្រានដ៏ទំនើបរបស់ PPR ក៏សមស្របនឹងបណ្ដាបេសកកម្មឆ្ងាយជាងភពអង្គារផងដែរ។ ឧទាហរណ៍ ជើងហោះហើរទៅកាន់តំបន់ខ្សែក្រវាត់អាចម៍ផ្កាយដើម្បីទាញយកធនធានរ៉ែជាដើម គឺអាចទៅរួចនៅពេលប្រើប្រាស់ PPR។
ដំណាក់កាលទីមួយនៅក្នុងការស្រាវជ្រាវ Concept ទំនើបថ្មី (NIAC) របស់ណាសា ស្ដីពីបច្ចេកវិទ្យា PPR គឺផ្ដោតទៅលើការវាយតម្លៃលំហូរនឺត្រុងរបស់ប្រព័ន្ធ ការរចនាយានអវកាស ប្រព័ន្ធអគ្គិសនី និងបណ្ដាប្រព័ន្ធរងសំខាន់ៗ ការវិភាគលទ្ធភាពរបស់ទូយោម៉ាញេទិច ការកំណត់គន្លងគោចរ និងផលប្រយោជន៍របស់ PPR។
ដំណាក់កាលទីពីរអាចជួយឱ្យណាសាឆ្ពោះទៅជិតដល់គោលដៅប្រែក្លាយសុបិនភពអង្គារឱ្យទៅជាការពិត ដោយការរចនាម៉ាស៊ីនជំនាន់បន្ទាប់ ក៏ដូចជាការធ្វើតេស្តសាកល្បងជាក់ស្ដែង និងរចនាយានអវកាសសម្រាប់បេសកកម្មដែលមានអវកាសចរ ហោះទៅកាន់ភពព្រះអង្គារ។ នេះបើតាមទំព័រ Interesting Engineering។