ភាគច្រើននៃផ្ទៃដីនៅប្រទេសអារ៉ាប៊ីសាអូឌីត គឺជាសមុទ្រខ្សាច់ និងវាលរហោឋានដែលមិនមានមនុស្សរស់នៅ។ ក្នុងនោះក៏មាន Rub’ AI Khali ដែលជាសមុទ្រខ្សាច់មានផ្ទុកខ្សាច់ច្រើនជាងគេលើពិភពលោក និងសមុទ្រខ្សាច់ An-Nafud ជាទីដែលមានភ្នំខ្សាច់កម្ពស់ជាង 30 ម៉ែត្រ រាប់មិនអស់។
ដោយសារតែមានភូមិសាស្ត្រដូចខាងលើ ទើបប្រទេសនៅអាស៊ីខាងលិចមួយនេះ តែងមានអាកាសធាតុក្ដៅខ្លាំង។ សីតុណ្ហភាពជាមធ្យមនៅក្នុងរដូវក្ដៅគឺប្រហែល 45 អង្សាសេ ប៉ុន្តែក៏អាចឡើងដល់ជាង 50 អង្សាសេផងដែរ។
ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែងាកទៅរកបច្ចេកវិទ្យាបង្កភ្លៀងសិប្បនិម្មិត ក្នុងបំណងបង្កើនបរិមាណទឹកភ្លៀងឱ្យបានច្រើនជាងមុនចាប់ពី 10 ទៅ 20%។ បច្ចេកវិទ្យាដែលអារ៉ាប៊ីសាអូឌីតប្រើប្រាស់គឺ ការបណ្ដុះពពកបង្កភ្លៀងសិប្បនិម្មិត។
ចាប់តាំងពីបង្ហាញវត្តមានជាលើកដំបូងនៅសហរដ្ឋអាម៉េរិកកាលពីឆ្នាំ 1946 ការបង្កភ្លៀងសិប្បនិម្មិតគឺជាបច្ចេកវិទ្យាដែលត្រូវបានអនុវត្តនៅតាមប្រទេសជាច្រើនលើពិភពលោក។ គិតមកដល់បច្ចុប្បន្ន មានប្រទេសជាង 50 បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះ។
បណ្ដុះពពកគឺជាបច្ចេកទេសដែលគេប្រើប្រាស់ធាតុគីមី ដែលមានដូចជាភាគល្អិតនៃអ៊ីយ៉ូតប្រាក់ជាដើម បាញ់ទៅលើពពក ដើម្បីបង្កើនបរិមាណទឹកភ្លៀងពីពពក។ នៅពេលចូលទៅដល់ពពក ភាគល្អិតអ៊ីយ៉ូតប្រាក់នឹងស្រូបទាញភាគល្អិតរបស់ទឹក ឱ្យប្រមូលផ្ដុំជុំវិញវា។ បន្ទាប់មក តំណក់ទឹកតូចៗនេះក៏ប៉ះគ្នា បង្កើតបានជាតំណក់ទឹកដែលធំជាងមុន រហូតដល់ធ្លាក់មកជាទឹកភ្លៀង។
បច្ចុប្បន្ន មានមធ្យោបាយចំនួនពីរដែលត្រូវបានប្រើប្រាស់ច្រើន នៅក្នុងការបណ្ដុះពពកដើម្បីបង្កើនទឹកភ្លៀង។ ទីមួយ គឺការប្រើប្រាស់យន្តហោះធុនស្រាលដើម្បីបាញ់កាំជ្រួចភ្លើងដែលមានផ្ទុកភាគល្អិតសូដ្យូមក្លរួ ឬអ៊ីយ៉ូតប្រាក់ ចូលទៅក្នុងពពក។ ទីពីរ គឺការបាញ់រ៉ុក្កែតតូចៗដែលមានផ្ទុកភាគល្អិត ពីដីទៅកាន់ពពក។
បើទោះជាបច្ចេកទេសបង្កភ្លៀងសិប្បនិម្មិត តែងតែមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែវាក៏ត្រូវបានគេសង្ស័យផងដែរ។ ជាក់ស្ដែង កាលពីដើមសប្ដាហ៍នេះ ភ្លៀងធំច្រើនមេដែលប្រហាក់ប្រហែលនឹងបរិមាណទឹកភ្លៀងពីរឆ្នាំបូកចូលគ្នា បានធ្លាក់ចុះលើទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) នៅក្នុងមួយថ្ងៃ បង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ នៅលើបណ្ដាញសង្គម គេឃើញមានការបញ្ចេញមតិជាច្រើនដែលចោទថា នេះគឺជាលទ្ធផលនៃការបង្កភ្លៀងសិប្បនិម្មិត។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រជាច្រើនបានបដិសេធការចោទប្រកាន់នេះ៕