នៅក្នុងតំបន់ជនបទដែលមានស្ថានីយបញ្ចូលថាមពលថ្មមិនច្រើន លោក Frank Johnson អតីតគ្រូបង្រៀនមួយរូប រស់នៅក្នុងតំបន់ Dade រដ្ឋ Missouri សហរដ្ឋអាម៉េរិក បានចែករំលែកអំពីជីវភាពដែលលោកបានប្រើប្រាស់រថយន្តអគ្គិសនីតាំងពីឆ្នាំ 2021។
ចំណុចវិជ្ជមានរបស់រថយន្តអគ្គិសនី
នៅលើទំព័រ Springfield News-Leader លោក Frank Johnson ឱ្យដឹងថា រថយន្តអគ្គិសនីរបស់លោក ភាគច្រើនត្រូវបានបញ្ចូលថាមពលអគ្គិសនីក្នុងផ្ទះនៅពេលយប់ ហើយសាកថ្មល្បឿនលឿននៅលើផ្លូវល្បឿនលឿន គ្រាដែលលោកធ្វើដំណើរផ្លូវឆ្ងាយ។ កូនស្រីរបស់លោក ថែមទាំងបើកបររថយន្តអគ្គិសនីពាសពេញសហរដ្ឋអាម៉េរិក ដោយការបញ្ចូលថាមពលអគ្គិសនីនៅតាមស្ថានីយចល័ត។
ដោយសារតែមានបណ្ដាញស្ថានីយសាកថ្មនៅតាមបណ្ដោយផ្លូវល្បឿនលឿន (160 គីឡូម៉ែត្រ/ស្ថានីយ) លោក Frank Johnson លែងបារម្ភអំពីរយៈចម្ងាយដែលរថយន្តអគ្គិសនីរបស់លោកត្រូវធ្វើដំណើរ។
អតីតគ្រូបង្រៀនរូបនេះ ក៏បានឱ្យដឹងថា រថយន្តអគ្គិសនីមានភាពធន់ និងត្រូវការការថែទាំតិចជាងបើធៀបនឹងរថយន្តម៉ាស៊ីនចំហេះក្នុង។ លោកថា រថយន្តអគ្គិសនីសមស្របនឹងការប្រើប្រាស់ជាលក្ខណៈគ្រួសារ អ្នកប្រគល់ទំនិញ ក៏ដូចជាសិស្សសាលានៅជនបទ ដោយសារតែការចំណាយទៅលើអគ្គិសនីទាបជាង 5 ដង ធៀបនឹងតម្លៃសាំង។
លោក Frank បានផ្ដល់ជាយោបល់ថា សម្រាប់អ្នកដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយជាញឹកញាប់ គួរតែជិះរថយន្តឈ្នួល បើសិនមិនទាន់ចង់បោះបង់រថយន្តសាំង។
ចំណុចអវិជ្ជមានរបស់រថយន្តអគ្គិសនី
យោងតាមលោក Frank ចំណុចអវិជ្ជមានមួយចំនួនរបស់រថយន្តអគ្គិសនី រួមមាន រថយន្តថ្មីរបស់លោក ដំបូងឡើយសាកថ្មមួយពេញជិតបាន 490 គីឡូម៉ែត្រ ប៉ុន្តែបីឆ្នាំក្រោយមក សាកថ្មម្ដងជិះបាន 467 គីឡូម៉ែត្រ។ រថយន្តអគ្គិសនីក៏មានអាគុយផ្ទុកអគ្គិសនីដូចរថយន្តសាំង ដូច្នេះវាត្រូវការផ្លាស់ប្ដូរក្រោយរយៈពេលពី 5 ទៅ 7 ឆ្នាំ។
ថាមពលថ្មរបស់រថយន្តអគ្គិសនីនឹងឆាប់អស់នៅពេលអាកាសធាតុចុះត្រជាក់ ដូចជាពេលមេឃភ្លៀង ឬធ្លាក់ព្រឹលជាដើម បើធៀបនឹងរដូវក្ដៅ។
ប្រភេទរថយន្តអគ្គិសនី
រថយន្តដែលធ្វើដំណើរដោយអគ្គិសនី បច្ចុប្បន្នមានបីប្រភេទធំៗ រួមមាន រថយន្តអគ្គិសនីសុទ្ធ (BEVs), រថយន្តកូនកាត់សាំង-អគ្គិសនីថ្មធំ (Plug-In Hybrid / PHEV) និងរថយន្តកូនកាត់សាំង-អគ្គិសនីថ្មតូច (Hybrid / HEV)។
រថយន្តអគ្គិសនីសុទ្ធ (BEVs) គឺជារថយន្តដែលប្រើប្រាស់តែអគ្គិសនីពីថ្មដ៏ធំរបស់វា។ ថ្មរបស់រថយន្តនេះអាចបញ្ចូលអគ្គិសនីនៅតាមផ្ទះ ឬតាមស្ថានីយនានា។
រថយន្តអគ្គិសនីកូនកាត់សាំង-អគ្គិសនីថ្មធំ (Plug-In Hybrid / PHEV) គឺជាប្រភេទរថយន្តដែលប្រើប្រាស់ថាមពលចេញពីម៉ូទ័រអាគុយដ៏ធំរបស់វាទាំងស្រុង ដើម្បីធ្វើដំណើរនៅលើគ្រប់ស្ថានភាពផ្លូវ និងល្បឿន។
ការប្រើប្រាស់នូវថាមពលដែលចេញពីម៉ូទ័រថ្មអាគុយនឹងបន្តររហូតដល់ថាមពលថ្មអាគុយនោះស្ថិតនៅកម្រិតមួយដ៏ទាបបំផុត ទើបវាធ្វើការផ្លាស់ប្តូរទៅយកថាមពលដែលចេញពីម៉ាស៊ីនសាំងដើម្បីធ្វើការជំនួសវិញ។ អ្វីដែលជាផ្នែកមួយដ៏អស្ចារ្យរបស់រថយន្ត Plug-In Hybrid (PHEV) ដែលពុំមាននៅក្នុងរថយន្ត Hybrid (HEV) នោះគឺ ការបំពេញថាមពលថ្មឲ្យបានពេញវិញយ៉ាងរហ័ស តាមរយៈការបញ្ចូលថ្មពីប្រភពអគ្គីសនីតាមផ្ទះ ដែលវាមានលក្ខណៈដូចទៅនឹងការបញ្ចូលថ្មទូរស័ព្ទដៃរបស់យើងដែរ។
រថយន្តកូនកាត់សាំង-អគ្គិសនីថ្មតូច (Hybrid / HEV) គឺជាប្រភេទរថយន្តដែលប្រើប្រាស់កំលាំងថាមពលពីម៉ូទ័រថ្មអាគុយនៅពេលដែលរថយន្តនេះរត់នៅក្នុងរយៈល្បឿនយឺត។ នៅពេលដែលអ្នកបើកបរចង់បង្កើនល្បឿន រថយន្តនេះត្រូវការបន្ថែមថាមពល តាមរយៈការទាញយកថាមពលពីម៉ាស៊ីនដែលប្រើប្រាស់សាំង។ ការបង្កើនល្បឿននៃការបើកបរនេះនឹងធ្វើឲ្យរថយន្តផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលថ្មអាគុយ ទៅប្រើប្រាស់ថាមពលពីម៉ាស៊ីនសាំងវិញ។ លើសពីនេះប្រសិនបើរថយន្តត្រូវការថាមពលច្រើនក្នុងពេលបើកបរ ដូចជាការបើកបរឡើងទីទួល ទាំងម៉ូទ័រថ្មអាគុយ និងម៉ាស៊ីនសាំងនឹងត្រូវបានប្រើប្រាស់ ដើម្បីឱ្យមានថាមពលគ្រប់គ្រាន់សំរាប់ស្ថានភាពផ្លូវបែបនេះ។