ជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ 2020 Mark Zuckerberg បានឈរពីលើ Elon Musk ដោយបានក្លាយជាអ្នកមានជាងគេលំដាប់ទីបីលើពិភពលោក នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ Bloomberg Billionaires Index។
ស្ថាបនិក Facebook បច្ចុប្បន្នមានទ្រព្យសកម្មសរុប 186.9 ពាន់លានដុល្លារអាម៉េរិក ខ្ពស់ជាង 6.3 ពាន់លានដុល្លារ បើធៀបនឹងទ្រព្យរបស់ Elon Musk។ ចាប់ពីដើមឆ្នាំមកដល់បច្ចុប្បន្ន ទ្រព្យរបស់លោក Musk បានថយចុះអស់ 48.4 ពាន់លានដុល្លារ ខណៈដែលទ្រព្យរបស់ Zuckerberg កើនឡើងបន្ថែម 58.9 ពាន់លានដុល្លារ ដោយសារតែភាគហ៊ុន Meta កើនឡើងជាបន្តបន្ទាប់។
Elon Musk ធ្លាប់កាន់កាប់ចំណាត់ថ្នាក់អ្នកមានជាងគេលើពិភពលោកនៅកាលពីខែវិច្ឆិកា 2021 នៅពេលទ្រព្យរបស់លោកបានកើនឡើងដល់ 215 ពាន់លានដុល្លារ។ ក៏ប៉ុន្តែ ភាគហ៊ុនរថយន្តអគ្គិសនី Tesla បានថមថយឥទ្ធិពល ដោយសារតែបណ្ដាបច្ចេកវិទ្យាឌីជីថល់ ពិសេសគឺបញ្ញាសិប្បនិម្មិត (AI)។
គិតចាប់ពីដើមឆ្នាំ 2024 មកទល់នឹងថ្ងៃទី 5 មេសា 2024 ភាគហ៊ុន Tesla បានថយចុះអស់ជាង 33%។ ផ្ទុយទៅវិញ ភាគហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានកើនឡើងជាង 52% នៅក្នុងឆ្នាំនេះ ដោយសារតែប្រាក់ចំណូលប្រចាំត្រីមាសកើនឡើង និងវិនិយោគិនសប្បាយចិត្តជាមួយនឹងគំនិតផ្ដួតផ្ដើមស្ដីពី AI របស់ Meta។