ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) Alibaba Group Holding កំពុងសហការជាមួយក្រុមហ៊ុនអភិវឌ្ឍរ៉ុក្កែតក្នុងស្រុក ក្នុងបំណងបង្កើតយានដឹកជញ្ជូនទំនិញទៅកាន់គ្រប់ទីកន្លែង ក្នុងរង្វង់មួយម៉ោង។
ការធ្វើតេស្តដែលក្រុមហ៊ុន Taobao របស់ Alibaba សហការជាមួយក្រុមហ៊ុន Space Epoch នៅទីក្រុងប៉េកាំង នឹងត្រូវបានធ្វើឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។
ពួកគេនឹងអភិវឌ្ឍរ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញច្រើនដង និងអាចចុះចតលើសមុទ្រ។ នេះបើតាមទំព័រ Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 4 មេសា។ Alibaba ក៏បានទទួលស្គាល់ព័ត៌មាននេះ កាលពីដើមសប្ដាហ៍។
រ៉ុក្កែតដែលមានលេខសម្គាល់ XZY-1 នឹងផ្គត់ផ្គង់កាប៊ីនផ្ទុកទំនិញទំហំ 120 ម៉ែត្រការ៉េ និងអាចដឹកទំនិញបាន 10 តោន អាចរួមទាំងកូនរថយន្ត ឬរថយន្តដឹកទំនិញខ្នាតតូចជាដើម។ ក៏ប៉ុន្តែ ក្រុមហ៊ុនខាងលើក៏បានទទួលស្គាល់ថា គោលដៅនេះពិតជាពិបាកសម្រេចបានក្នុងរយៈពេលខ្លី។