ប្រយោជន៍ថ្មីៗទៀត​របស់​ថ្នាំ​អាស្ពីរីនដែលបងៗស្ត្រី​មេផ្ទះ​មិន​ធ្លាប់​ដឹង

របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះនីមួយៗអាចមាន​ប្រយោជន៍​ច្រើនជាង​ដែល​យើង​ធ្លាប់​ដឹង​ទៅទៀត ដូចជា ថ្នាំ​អាស្ពីរីន(Aspirin) ជាដើម ដែល​ក្រៅពី​សម្រាប់​លេប​ព្យាបាល​ជំងឺ​ហើយ​នោះ នៅ​អាច​នាំយកមក​ច្នៃ​ប្រើ​ជាមួយនឹង​ការងារ​ក្នុងផ្ទះ​បាន​ទៀតផង មិនថាតែ​ជួយ​កម្ចាត់​ស្នាម​កខ្វក់ ជួយ​ឱ្យ​ផ្កា​ក្នុង​ថូ​នៅ​ស្រស់​បានយូរ ការពារ​មេរោគ​ផ្សិត​នៅក្នុង​សួនច្បារ និងផ្សេងៗទៀត​ជាច្រើន ដូច្នេះ​បើបងៗស្រី្ត​មេផ្ទះ​ចង់ដឹងថា តើ​អា​ថ្នាំ​គ្រាប់តូចៗនោះ​អាច​ប្រើការ​អ្វី​បាន​ទៀត​នោះ សូម​តាមដាន​ជា​បន្ត​ជាមួយ​ឡា​រ៉ែ​ន​ដូចតទៅ។

1- កម្ចាត់​ស្នាម​ញើស​ជាប់​នៅលើ​អាវ​ពណ៌​ស
សម្រាប់​អ្នក​ដែល​មិន​ហ៊ាន​ទាញយក​អាវ​ពណ៌​សម​កពាក់ ព្រោះ​តែមាន​ប្រឡាក់​ស្នាម​ញើស​រហូត​ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​នោះ ចូរ​កិន​ថ្នាំ​អាស្ពីរីន2គ្រាប់​ឱ្យ​ម៉ដ្ឋ លាយ​ជាមួយ​ទឹក​ក្តៅឧណ្ហៗកន្លះ​ពែង រួច​យកមក​បៀក​
លាប​លើ​បរិវេណ​ដែលមាន​ស្នាម​ប្រឡាក់​ញើស​នោះ ទុកចោល​ប្រមាណ​ជា2-3ម៉ោង រួចហើយ​សឹម​បោក​សម្អាត​តាម​ធម្មតា។
2- រក្សា​ភាពស្រស់​ថ្មី​របស់​ផ្កា
ចំណែក​រឿង​បញ្ហា​ផ្កា​ដែល​ដោត​តាំង​លម្អ​នៅក្នុង​ថូ​ឆាប់​រុះ​រោយ​ស្រពោន​នោះ មិន​ពិបាក​ទេ គ្រាន់តែ​កិន​ថ្នាំ​អាស្ពីរីន 2-3គ្រាប់​ឱ្យ​ម៉ដ្ឋ ហើយ​លាយ​ជាមួយ​ទឹក​នៅក្នុង​ថូ​ដាក់​ផ្កា​នោះ​ទៅ ផ្កា​ស្រស់​ទាំងនោះ​នឹង​នៅ​ស្រស់​បានយូរ​មិន​ខាន តែ​សូមកុំ​ភ្លេច​ប្តូរ​ទឹក​រៀងរាល់2-3ថ្ងៃ​ម្តង​ផង។
3- កម្ចាត់​មេរោគ​ផ្សិត​នៅក្នុង​ដី​ដំណាំ
ថ្នាំ​ប្រភេទ​នេះ​មិនមែន​ត្រឹមតែ​ជួយ​ព្យាបាល​ជំងឺ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​កម្ចាត់​មេរោគ​ផ្សិត​នៅក្នុង​ដី​បាន​ទៀតផង ដោយ​គ្រាន់តែ​លាយថ្នាំ​អាស្ពីរីន​ជាមួយ​ទឹក​ក្នុង​បរិមាណ1គ្រាប់​ក្នុង​ទឹក1លិ​ត្រ ហើយ​យកទៅ​ស្រោច​នៅ
លើ​ដី​ដែល​សម្បូរ​ដោយ​មេរោគ​ផ្សិត​ដាំ​អ្វី​ក៏​មិនបាន​នោះ​ទៅជា​ការ​ស្រេច។ តែ​សូម​ប្រយ័ត្ន​ក្នុងការ​ប្រើ​ថ្នាំ​នេះ​បន្តិច ព្រោះ​បើ​មាន​ជាតិ​ថ្នាំ​ច្រើនពេកនឹងធ្វើ​ឱ្យ​ដំណាំ​ងាប់​ដើម​បាន។
4- សម្អាត​ស្នាម​ច្រែះ
ស្នាម​ច្រែះ​ក៏​ជា​បញ្ហា​មួយ​ដែល​ពិបាក​កែ​ដែរតែ​ក៏​មិនមែន​ថា​គ្មាន​វិធី​សម្អាត​បាន​នោះដែរ បងៗស្ត្រី​មេផ្ទះ​អាច​សម្អាត​បាន​ដោយ​យក​ថ្នាំ​អាស្ពីរីន​មក​កិន​ឱ្យ​ម៉ដ្ឋ(ប្រមាណ​ជា 2-3គ្រាប់) បន្ទាប់មក​យក​ទឹក​មក​ស្រោច​ពីលើ​បរិវេណ​ដែលមាន​ស្នាម​ច្រែះ​នោះ រួចហើយ​រោយ​កម្ទេច​ថ្នាំ​នោះ​ពីលើ​ឱ្យ​សព្វ ទុកចោល​ប្រមាណ10នាទី រួច​យក​ក្រណាត់​អេ​ប៉ុង​ជ្រលក់​ទឹក​ដុស​ចេញ តែ​ប៉ុណ្ណឹង​ជាការ​ស្រេច។
5- ញ៉ុ​ករ​ន្ធ ឬ​ស្នាម​ចោះ​រន្ធតូចៗនៅលើ​ជញ្ជាំង
ការលុបបំបាត់​ស្នាម​ចោះ​រន្ធតូចៗនៅលើ​ជញ្ជាំង​ជា​រឿង​ងាយ​បំផុត មិនចាំបាច់​ទៅ​ទិញ​ស៊ីម៉ងត៍​ស​មួយ​បាវ​មក​ប្រើ​ទេ គ្រាន់តែ​យក​ថ្នាំ​អាស្ពីរីន 4-5គ្រាប់​មក​កិន​ឱ្យ​ក្លាយជា​ម្សៅ ហើយ​លាយ​ជាមួយ​ទឹក​ឱ្យខាប់ៗ រួច​យកទៅ​បៀក​បិទ​ពីលើ​រន្ធ ឬ​ស្នាម​ចោះ​រន្ធតូចៗនោះ ហើយ​ទុកចោល​រហូតដល់​ស្ងួត យើង​នឹង​បាន​ជញ្ជាំង​រាបស្មើ​ស្អាត​ដូច​មុន​បាត់ទៅហើយ។
6- ជា​ជំនួយ​ការលាង​សម្អាត​បន្ទប់ទឹក​ពេលបន្ទាន់
បើសិនជា​ថ្ងៃនេះ​ដល់ពេល​ត្រូវ​លាង​សម្អាត​បន្ទប់ តែ​ទឹកសាប៊ូ​លាង​បន្ទប់ទឹក​ស្រាប់តែ​អស់រលីង​នោះ បងៗស្ត្រី​មេផ្ទះ​មិនចាំបាច់​ចេញទៅ​ទិញភ្លាមៗទេ ព្រោះ​អាច​ប្រើ​ថ្នាំ​អាស្ពីរីន​ជំនួស​មួយគ្រា​ក៏បាន។ ចាប់ផ្តើម​ដោយ​ការ​កិន​ថ្នាំ​អាស្ពីរីន 2-3គ្រាប់ ហើយ​លាយ​ជាមួយ​ទឹក​ក្តៅឧណ្ហៗ រួច​លាង​សម្អាត​បន្ទប់ទឹក​តាម​វិធី​ធម្មតា នោះ​បន្ទប់​ទឹកនឹង​ស្អាត​ឡើងវិញ គ្មាន​ទាំង​បន្សល់​នូវ​កំណក​សាប៊ូ​ឱ្យឃើញ​ទៀតផង។
7- បោក​សម្អាត​ស្នាម​ប្រឡាក់​ស៊ុតមាន់​នៅលើ​ខោអាវ
បងៗស្ត្រី​មេផ្ទះ​កុំអាល​គិតថា ពិបាក​បោក​ឱ្យ​ជ្រះ​ណាស់ បើ​មិនទាន់បាន​សាកល្បង​ប្រើ​វិធី​នេះ ដំបូង​គឺ​កិន​គ្រាប់​ថ្នាំ​អាស្ពីរីន​ឱ្យ​ម៉ដ្ឋ(ប្រមាណ1-2គ្រាប់) ហើយ​លាយ​ជាមួយ​ក្រែ​ម អ​ហ្វ ថា​រ៍-ថា​រ៍(Cream of Tartar ម្សៅ​ដែល​គេ​លាយ​ជាមួយ​ស៊ុត​ក្រឡុក​ដើម្បីឱ្យ​ចៀន​ទៅ​ឡើង​ប៉ោងល្អអា​ចរក​ទិញ​បាន​តាម​ហាង ​ផ្សារ​ទំនើប) បន្តិចរួច​ចាក់ទឹក​ចូលទៅ​បន្តិច លាយ​ឱ្យ​ចូលគ្នា​សព្វហើយ​យកទៅ​លាប​ពីលើ​ស្នាម​ប្រឡាក់​ស៊ុត​លើ​ខោអាវ​នោះ ទុកចោល​ប្រមាណ30នាទី។ នៅពេល​គ្រប់​កំណត់​ម៉ោង​ហើយ ចូរ​ស្រោច​ទឹក​ក្តៅឧណ្ហៗលាង​ល្បាយ​នោះ​ចេញ​ឱ្យអស់ មុននឹង​យកទៅ​បោកគក់​តាម​ប្រក្រតី៕

Advertisement