តើ​ព្រះ​រាជពិធី​បុណ្យអុំទូក ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​បំណង​អ្វី?

នៅ​ថ្ងៃទី 02ដល់​ថ្ងៃទី04 ខែវិច្ឆិកា ខាងមុខឆាប់ៗនេះ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅតាម​ដង​ទន្លេសាប នា​មុខ​ព្រះបរមរាជវាំង។ ដើម្បី​ដឹងថា​តើ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​នោះ គេហទំព័រ ឡា​រ៉ែ​ន បាន​ដកស្រង់​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន សម្រាប់​ចែកជូន​មិត្ត​អាន​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម៖

ឯកសារ​ប្រវត្តិសាស្ត្រ​នានា បាន​សរសេរដូចៗគ្នា​ថា ពិធី​នេះ​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​តាំងពី​សម័យបុរាណ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី7 ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​ខ្មែរ​ដែល​បាន​រំដោះទឹកដី​រួចផុត​ពី​ការជិះជាន់​របស់​ខ្មាំងសត្រូវ (កងទ័ព​ចាម)។ ពិធី​នេះ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ​និង​ទូក​ចែវ​បុរស-នារី បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​ផងដែរ។

ក្នុងឱកាស​នោះគេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត ក្រុង មួយចំនួន​យក​ទូក​មក​ប្រណាំង​ដណ្ដើមយក​ជ័យជម្នះ​ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង។ ឯកសារ​ប្រវត្តិសាស្ត្រ​បានឱ្យដឹងថា នៅ​អំឡុង​ឆ្នាំ1177 កងទ័ព​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ 4ឆ្នាំ ខណៈនោះ​ព្រះបាទ​ជ័យ​វធន(ជ័យ​វរ្ម័នទី7) បានធ្វើការ​បង្រួបបង្រួម​ជាតិ ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ប្រយុទ្ធប្រឆាំង​ចំពោះ​ទ័ព​ចាម​រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេស នៅ​ឆ្នាំ1181និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត។

យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក​នានា បាន​បញ្ជាក់ថា ព្រះបាទ​ជ័យវរ្ម័ន​ទី7 បាន​ឡើង​គ្រង​រាជសម្បត្តិ​នៅ​រាជធានី​សោធ​បុ​រៈ និង​បានរៀបចំ​កសាង​ប្រទេសជាតិ​ឡើងវិញ ដូចជា​កសាង​ប្រាសាទ​សាលាសំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ​ពាសពេញ​ផ្ទៃ​ប្រទេស។ តាមរយៈ​ចម្លាក់​នៅ​ប្រាសាទបាយ័ន គេ​សង្កេតឃើញ​មាន​ប្រាង្គ​ប្រាសាទ​មុខ​បួន​បែរ​ទៅគ្រប់​ទិស ដែល​ធ្វើឱ្យ​អ្នកប្រាជ្ញ​ជាតិ-អន្តរជាតិ​មួយចំនួន​យល់ថា“ ប្រាសាទបាយ័ន ជា​វិមាន​ទេព​ក្នុង​រឿងព្រេង​និទាន​មាន​លក្ខណៈ​អច្ឆរិយ​ខ្លាំងណាស់។ នៅតាម​ជញ្ជាំង​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់ទង​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទំនៀមទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ពិសេស​ការធ្វើ​សឹកសង្គ្រាម​ជាមួយ​កងទ័ព​ចាម ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី7 ទទួលបាន​ជ័យជម្នះ​យ៉ាង​ធំធេង​តាមរយៈ​ចម្បាំង​កងទ័ពជើងទឹក។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ចម្បាំង​កងទ័ពជើងទឹក ដែល​ត្រូវបាន​គេ​ឆ្លា​ក់ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរឱ្យ​ចង់​គយគន់​ខ្លាំងណាស់។ ចម្លាក់​នៃ​កងទ័ពជើងទឹក​នេះ​ត្រូវបាន​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចងចាំ​ពី​គុណបំណាច់​របស់​បុព្វបុរស​ខ្លួន​ដែល​បាន​រំដោះទឹកដី​ឱ្យ​រួច​ពី​ការត្រួតត្រា​របស់​ខ្មាំងសត្រូវ ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​ដើម្បី​រម្លឹក​គុណបំណាច់​ដ៏​ថ្លៃថ្លា​នេះ​ជា​រៀងរាល់ឆ្នាំ រហូតមកទល់​សព្វថ្ងៃ។ ពិធី​នេះ​មាន​តាំងពី​សម័យ​មហា​អង្គរ​រហូតមក ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យអុំទូក ដើម្បី​ធ្វើការ​ប្រឡង​ប្រណាំងទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មកពី​គ្រប់​ខេត្ត​ក្រុង។

ចំណែក​បងប្អូន ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ឈាមជ័រ​ដូចគ្នា ទោះបីជា​សព្វថ្ងៃនេះ​បាន​ឃ្លាតឆ្ងាយ​ពី​យើង ហើយ​រស់នៅ​ក្រោម​ការត្រួត​ត្រា​របស់​ប្រទេស​វៀតណាម យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​រក្សាបាន​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដដែល ដោយ​គេ​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ឡើយ។ ជា​រៀងរាល់ឆ្នាំ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ឃ្លាំង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​របស់​កងទ័ព​ខ្មែរ​នា​សម័យ​មហានគរ ដែល​ដណ្ដើម​ជ័យជម្នះ​ពី​ទ័ព​ចាម ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី7ហើយ​រៀបចំ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​រុងរឿង​ដល់​កម្រិត​កំពូល។

តាម​ឯកសារ​ស្រាវជ្រាវ​ជ្វ្រា​វ​តន្ត្រី និង​ជីវិត​របស់​អ្នកស្រី កែវ ណា​រុំ បាន​បញ្ជាក់ថា ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់​បានរៀបចំ​កងទ័ព​ជា3ក្រុម ដើម្បី​ការពារ​ភូមិសាស្ត្រ​របស់ខ្លួន គឺ​ទី1.ទ័ពស្រួច​ហាត់​ច្បាំង​នឹង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​សព្វថ្ងៃ ទី2.ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​មាន​ទ្រង់ទ្រាយ​ដូច​ទូក​សព្វថ្ងៃ​ដែរ និង ទី3.ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ចែវ​ក្ដោង​រាង​ស្រួច​ដំបូល​កាត់មុខ​ឥត​ជញ្ជាំង​សម្រាប់​ផ្ទុក​ស្បៀង​កងទ័ព។ របៀប​បង្ហាត់​ទូក​ចម្បាំង​នេះ ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម តែង​ឱ្យ​មន្ត្រី​នៅក្រោម​ឱវាទ​ធ្វើ​ការប្រឡង​ប្រណាំងទូក​នៅ​ថ្ងៃទី15កើត ខែកត្តិក ដោយ​ឱ្យ​កេណ្ឌ​ទាហានជើងគោក និង​ជើង​ទឹក​មក​ធ្វើការ​សមយុទ្ធ​ជា​រៀងរាល់ឆ្នាំ រយៈពេល​មួយ​យប់​មួយថ្ងៃ និង​បាន​ក្លាយជា​ទំនៀមទម្លាប់​ដ៏​មាន​សារសំខាន់​សម្រាប់​ជនជាតិខ្មែរ។

ក្នុង​ពិធី​នេះ​មានការ​លយប្រទីប​ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្មរ​បរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។ នៅពេល​យប់ តាម​ក្រសួង​ស្ថាប័ននីមួយៗមាន​បណ្ដែតប្រទីប​លម្អ​ទៅដោយ​ភ្លើង​ចម្រុះ​ពណ៌ គួរ​ជាទី​គយគន់ និង​បាញ់​កាំជ្រួច​ព្រោងព្រាត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ បញ្ចេញ​នូវ​ស្នាមញញឹម​គ្រប់គ្នា។ ចំណែកឯ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង​ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ  ដែល​យកកំណើត​ជា​ទន្សាយ​បាន​លះបង់​អាយុសង្ខារ​ក្នុងការ​បំពេញ​បារមី​ទាន​ដល់​ឥន្ទ្រ​ព្រាហ្មណ៍។ ការគិត​របស់​ព្រះ​ពោធិសត្វ នេះ​បាន​ក្ដៅ​ដល់​ឥន្ទ្រ​ព្រាហ្មណ៍ ហើយ​ព្រះអង្គ​បាន​និយាយថា“ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន​ធ្វើ​ម្ដេចនឹងបាន​អាហារ​បរិភោគ។ ពេលនោះ​ទន្សាយ​ពោធិសត្វ បាន​ពោលថា“ខ្ញុំ​មានតែ​សាច់ និង​ឈាម​ត្រូវ​ការឱ្យ​ជា​ទាន បើ​អ្នក​ចង់បាន​ចូរ​រក​អុស​មក​បង្កាត់ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឱ្យ​បានជា​អាហារ​បរិភោគ។ ឥន្ទ្រ​ព្រាហ្មណ៍​គ្រាន់តែ​ឮដូច្នេះ ក៏​ទៅ​បង្កាត់ភ្លើង ចំណែក​ទន្សាយ​ក៏​លោត​ចូល​ភ្លើង​ភ្លាម​ប៉ុន្តែ​ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិនឱ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ។ ឃើញ​ដូច្នេះ​ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ឋាន​លើ យក​ថ្មកែវ​មនោសិលា​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំងពី​នោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ15កើត។ ចំណែក​អ្នកស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ​ជា​រៀងរាល់ឆ្នាំ​ក្រុង និង​ខេត្ត​បានចូលរួម​នៅក្នុង​មហោស្រព​នេះ ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ដ៏​ធំ​បំផុត​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​មានការ​ប្រណាំងទូក​តាម​ដង​ទន្លេសាប។ ម្យ៉ាងទៀត​ពិធី​នេះ​ក៏​ជាការ​រម្លឹក​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​វស្សា​របស់​ប្រទេស​កម្ពុជា​ផងដែរ។

កម្មវិធី​នេះ​រួមបញ្ចូល​ទាំង​ការប្រណាំង​ទូក និង​ការប្រគំ​តន្ត្រី​ដែល​អាច​ទាក់ទាញ​មនុស្ស​ជាច្រើន​លាន​នាក់​ឱ្យមក​ចូលរួម​ជា​រៀងរាល់ឆ្នាំ៕

Advertisement