ភ្នំពេញៈ តារាសម្តែងស្រីសម្បូរទេពកោសល្យខាងតួដើរកាចឆ្នាស់ តួជាម្តាយដ៏សក្តិសមបំផុត ដែលទើបតែទទួលបានពន្លឺសុភមង្គលនៃក្តីស្នេហ៍ដ៏ផ្អែមល្ហែមជាមួយនឹងស្វាមីក្រោយវ័យក្មេងជាគ្រូផ្សំថ្នាំឱសថបុរាណឈ្មោះ ថោង សុខុម វ័យ ២៥ ឆ្នាំ មិនទាន់បានប៉ុន្មានផង ឥឡូវក៏ប្រេះឆា និងបានប្រើហិង្សាធ្ងន់ធ្ងរទៅលើអ្នកនាង ស្វែង សុជាតា យ៉ាងដំណំ រួចរត់ចោលបាត់ទៀតជាមួយនឹងម៉ូតូម៉ាក ST7 មានស្លាកលេខភ្នំពេញ១៣១៤។
អ្នកស្វែង សុជាតា ទទួលរងនូវអំពើហិង្សាពីប្ដីក្មេងរបស់ខ្លួន ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ដោយប្ដីក្មេងបានវាយនាងឡើង ខៀវភ្នែក បែកថ្គាម បង្កឲ្យបានការភ្ញាក់ឲ្យមានការផ្អើលទៅអ្នកតាខ្មៅមកជួយទាន់ពេល កុំអីកាន់តែធ្ង ន់ធ្ងរជាងនេះទៅទៀត។
បើតាមសម្តីរៀបរាប់ប្រាប់ទាំងទឹកភ្នែកនោះ អ្នកនាង ស្វែង សុជាតា ថ្លែងថា ៖« នេះមិនមែនជាលើកទី ១ ទេ រងនូវអំពើហិង្សាពីប្ដីក្មេង ហើយក៏មិនបានដាក់ពាក្យប្តឹងដែរ ដោយចង់ទុកឱកាសឲ្យប្តីកែខ្លួនគឺគ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់ការប្រើហិង្សាប៉ុណ្ណោះ»។ តែមិនបានប៉ុន្មានថ្ងៃផង គឺនៅថ្ងៃទី២២ ខែមេសា កន្លងមកថ្មីៗនេះ តារាសម្តែងស្រី មានស្រុកកំណើតមកពីខេត្តព្រៃវែង ស្វែង សុជាតា ក៏ទទួលរងនូវអំពើហិង្សាបន្តទៀត គឺស្វាមីបានចាក់សោផ្ទះដែលអ្នកនាងសន្សំលុយបង់រំលោះនៅបុរីប៉េង ហួត ផ្លូវជាសុផារ៉ា រហូតដល់ ៧ ជាន់ មុននឹងបង្កជម្លោះជាមួយអ្នកនាង។
តារាសម្តែងស្រីសម្បូរទេពកោសល្យខាងតួដើរកាចឆ្នាស់ ស្រគត់ស្រគំ តួជាម្តាយដ៏ប៉ិនប្រសប់ និងជាម្ចាស់ពានរង្វាន់អាណាចក្រតារាពីរឆ្នាំជាប់គ្នា អ្នកនាង ស្វែង សុជាតា ជួបលាភធំនៅឆ្នាំ ២០១៥ នេះ ដោយបានក្លាយជាតួអង្គស្រីសម្តែងជាម្តាយនៃគ្រួសារមួយក្នុងខ្សែ ភាពយន្ដឆ្លុះបញ្ចាំងពីសម័យខ្មែរក្រហមរឿង «ដំបូងពួកគេសម្លាប់ឪពុករបស់ខ្ញុំ» ដែលដឹកនាំសម្តែងតារាហូលីវូដល្បីអ្នកស្រី អេនជេលីណា ជោលី។
ទោះយ៉ាងនេះ អ្នកនាងស្វែង សុជាតា តែអាណិតកូនតូច និងប្រកាន់ទស្សនៈមិនចង់ខូចឈ្មោះជាស្រីប្តីបីបួន ទើបនៅជាមួយចំណងបញ្ហាដែលនាងពិបាករើបំរាស់បាន។ យ៉ាងណាក៏ដោយ សូមអំពាវនាវដល់សមត្ថកិច្ចជួយការពារសុវត្ថិភាព តារាភាពយន្តល្បីឈ្មោះប្រចាំស្រុកខ្មែរផង ព្រមទាំងអង្គការនានាផងដែរ គួរតែមានវិធានការបែបណាកោះហៅ ស្វាមីវ័យក្មេងនោះមកអប់រំដោយលក្ខខណ្ឌផ្សេងៗឲ្យតឹងរងផង ដើម្បីកុំឲ្យពូកែធ្វើបាបមនុស្សស្រី ជាពិសេសប្រពន្ធរបស់ខ្លួនតែម្តង៕