លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool បានសន្យាថា នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ បើទោះបីក្រុមហង្សក្រហមរបស់លោក បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ២-១ ក្នុងផ្ទះខ្លួនឯងនៅពេលប្រកួតជាមួយនឹងក្រុម Crystal Palace ក្នុងក្របខ័ណ្ឌកាលពីថ្ងៃអាទិត្យក៏ដោយ។
ក្រុម Manchester United បានដាក់សម្ពាធទៅលើក្រុម Liverpool រួចជាស្រេច ខណៈដែល ប្រយុទ្ធ Anthony Martial បានឆ្លើយតបយ៉ាងវិជ្ជមានចំពោះការរិះគន់របស់លោក Jose Mourinho តាមរយៈការស៊ុតបាល់បញ្ចូលទី១គ្រាប់ និងជួយឲ្យខ្សែប្រយុទ្ធ Wayne Rooney រកបានគ្រាប់បាល់ទី២ដើម្បីផ្តួលក្រុម Burnley ២-០ និងដើម្បីជួយឲ្យក្រុមខ្លួនឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុម Manchester City មួយពិន្ទុ។ ហេតុនេះ ក្រុម Liverpool កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការអវត្តមានក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ ខណៈដែលពួកគេនាំមុខត្រឹមតែ២ពិន្ទុប៉ុណ្ណោះពីលើក្រុម Man United ដែលនៅសល់២ប្រកួតនៅក្នុងដៃរបស់ពួកគេ។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Klopp បានដាក់ចេញនូវការអំពាវនាវដល់អ្នកគាំទ្រ និងកីឡាកររបស់លោក មិនឲ្យបោះបង់ក្តីសង្ឃឹមទៅលើការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League។ លោក Klopp បានប្រាប់សារព័ត៌មាន BBC ថា៖ «វាពិតជាលទ្ធផលដ៏ខកចិត្ត។ គ្រប់គ្នាគិតថា Champions League បានធ្លាក់ចេញពីដៃរបស់ពួកគេ ប៉ុន្តែ យើងមានរយៈពេល១ខែទៀត ក្នុងការធ្វើឲ្យមានភាពវិជ្ជមានឡើងវិញ»៕
ប្រភពព័ត៌មាន៖ The Mirror