ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុម Barcelona ដណ្តើមបានជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល ៣-២ លើគូប្រជែងដ៏ខ្លាំងរបស់ពួកគេ Real Madrid កាលពីថ្ងៃអាទិត្យ ខណៈដែលគ្រាប់បាល់ទី២របស់គេ ដែលជាគ្រាប់លើកទី៥០០របស់គេសម្រាប់ក្លិប បានកើតឡើងនៅនាទីចុងក្រោយនៃនាទីបន្ថែម។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Messi បានកើតឡើងមនៅជិតបញ្ចប់នៃការប្រកួតដ៏រំភើបមួយ ដែលចាប់ផ្តើមយ៉ាងស្វិតស្វាញ ខណៈដែលខ្សែការពារ Samuel Umtiti បានប្រព្រឹត្តកំហុសទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែ មិនមានការផ្តល់ការស៊ុតបាល់ប៉េណាល់ទីឡើយ ខណៈដែលខ្សែការពារ Marcelo ក៏មិនបានរងពិន័យផងដែរ សម្រាប់ការឲ្យកែងទៅលើ Messi។ ខ្សែបម្រើ Casemiro បានជួយឲ្យក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់បើកឆាកនៅនាទី ទី២៨ នៅមុនពេល Messi បានរកគ្រាប់បាល់តាមស្មើវិញនៅនាទី ទី៣៣ ហើយខ្សែបម្រើ Ivan Rakitic បានជួយឲ្យក្រុម Barcelona មានគ្រាប់បាល់នាំមុខវិញជាមួយនឹងការស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អ ខណៈដែលនៅសល់រយៈពេលតិចជាង២០នាទីទៀត។
ការរងពិន័យកាតក្រហមរបស់ខ្សែការពារ Sergio Ramos សម្រាប់ការប្រើប្រាស់ជើងទាំងពីរដើម្បីឈូសដណ្តើមបាល់ទៅលើ Messi ហាក់ដូចជាធ្វើឲ្យក្រុម Barca ស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការទទួលជ័យជម្នះដោយងាយទៅហើយ ប៉ុន្តែ ខ្សែប្រយុទ្ធបម្រុង James Rodriguez បានរកគ្រាប់បាល់បំប៉ោងសំណាញ់នៅនាទី ទី៨៦ ក្រោយពីការបញ្ជូនបាល់របស់ Marcelo ដើម្បីរកក្រាប់បាល់តាមស្មើវិញ។ បន្ទាប់មក Messi បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតដើម្បីជួយឲ្យក្រុម Barcelona ដណ្តើមបានជ័យជម្នះមួយដែលជួយឲ្យពួកគេតាមស្មើពិន្ទុក្រុម Real Madrid ដែលមាន៧៥ពិន្ទុដូចគ្នា បើទោះបីក្រុម Real នៅសល់មួយប្រកួតក្នុងដៃក៏ដោយ។ ជ័យជម្នះនេះ ធ្វើឲ្យក្រុម Barcelona បំពេញការស្តារមុខមាត់មួយ ក្រោយពីធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Juventus កាលពីពាក់កណ្តាលសប្តាហ៍មុន៕
ប្រភពព័ត៌មាន៖ The Mirror