Atletico Madrid និងលោក Diego Simeone ដែលជាគ្រូបង្វឹករបស់ពួកគេ នឹងស្រេកឃ្លានក្នុងការសងសឹកនៅកីឡដ្ឋាន Santiago Bernabeu ពេលជួបក្រុម Real Madrid ក្នុងការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រ ជើងទី១ នៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ស្របពេលដែលក្រុមភ្ញៀវមានខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតគឺខ្សែប្រយុទ្ធ Antoine Griezmann។
ក្រុម Atletico សង្ឃឹមថា នឹងលុបចោលនូវការខកចិត្តផ្សេងៗទាក់ទងនឹងការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៦ ក្រោមស្នាដៃ Real។ ក្រុម Atletico បានបាត់បង់ Jose Maria Gimenez ដោយសារតែបញ្ហារបួសក្រលៀន ដែលមានន័យថា ក្រុមភ្ញៀវ នឹងត្រូវអវត្តមានខ្សែការពារដ៏សំខាន់បីនាក់របស់ពួកគេ។ ស្របពេលដែលក្រុមរបស់លោក Simeone មានកេរិ៍្តឈ្មោះទៅលើការមានតំបន់ការពារយ៉ាងរឹងមាំ ពួកគេក៏មានតំបន់ប្រយុទ្ធយ៉ាងមុតស្រួចផងដែរ ខណៈដែលពួកគេទើបតែបានផ្តួលក្រុម Las Palmas ក្នុងលទ្ធផល ៥-០ កាលពីចុងសប្តាហ៍មុននេះ ដោយខ្សែប្រយុទ្ធ Kevin Gameiro បានស៊ុតបាល់បញ្ចូលទី២គ្រាប់។
ទោះបីជាយ៉ាងណា ក្រុម Real របស់លោក Zinedine Zidane កំពុងតែសម្លឹងរកការធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេក្នុងការការពារពាន Champions League យ៉ាងជោគជ័យ ក៏ដូចជាបញ្ចប់ការគ្រប់គ្រងរបស់ក្រុម Barcelona ក្នុងការប្រកួតក្របខ័ណ្ឌ La Liga។ លោក Zidane បានបង្ហាញឲ្យឃើញពីបំណងរបស់លោកក្នុងការប្រជែងដណ្តើមពានពីរក្នុងរដូវកាលតែមួយរួចជាស្រេច។ កីឡាករសំខាន់ៗជាច្រើនដូចជា Ronaldo, Gareth Bale, Karim Benzema, Luka Modric ឬ Toni Kroos សុទ្ធសឹងបានអវត្តមានក្នុងការប្រកួតលីក៣លើកចុងក្រោយរបស់ក្រុម Real។ ក្នុងពេលអវត្តមានកីឡាករឆ្នើមៗទាំងនេះ កីឡាករមួយចំនួនដូចជា Isco, Alvaro Morata និង Marco Asensio បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ហើយ Real បានឈ្នះរាល់ការប្រកួតទាំង៣លើកនោះ តាមរយៈការស៊ុតបាល់បញ្ចូលទីសរុបដល់ទៅ១៣គ្រាប់។ ក្រុម Real បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការផ្តួលក្រុម Valencia ក្នុងលទ្ធផល ២-១ កាលពីចុងសប្តាហ៍ថ្មីៗនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ប្រភពពី៖ sports.yahoo