ខ្សែបម្រើ Emre Can បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អ ខណៈដែលក្រុមហង្សក្រហម Liverpool ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Watford កាលពីថ្ងៃចន្ទ នាកីឡដ្ឋាន Vicarage Road ដើម្បីរក្សាក្តីសង្ឃឹមនៃការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League។
ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់វ័យ២៣ឆ្នាំរូបនេះ បានស៊ុតបាល់បកថយក្រោយចូលក្នុងជ្រុងម្ខាងនៃសំណាញ់ទីយ៉ាងល្អ នៅជិតបញ្ចប់តង់ទីមួយ។ ជ័យជម្នះនេះ បានជួយឲ្យក្រុម Liverpool នាំមុខ៤ពិន្ទុដាច់លើក្រុមឈរលេខ៤ Manchester City និង៥ពិន្ទុពីលើក្រុមឈរលេខ៥ Manchester Unite បើទោះបីលេងការប្រកួតច្រើនជាងក្រុមទាំងពីរ១ប្រកួតក៏ដោយ។ ក្រុមស្ថិតក្នុងទីក្រុង Manchester ទាំងពីរហាក់ដូចជាត្រូវឡើងទៅឈរពីលើក្រុមហង្សក្រហមរបស់លោក Jurgen Klopp ទៅហើយ ក្រោយពី Liverpool បានរងបរាជ័យនៅកីឡដ្ឋាន Anfield ក្រោមស្នាដៃក្រុម Crystal Palace កាលពីចុងសប្តាហ៍មុន។
ប៉ុន្តែ ក្រុម Man City បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ពេលជួបក្រុម Middlesbrough កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Man United មិនអាចយកឈ្នះលើក្រុម Swansea ដូចគ្នា។ Liverpool មិនបានជួបការរីករាយខ្លាំងឡើយ ខណៈដែល Coutinho បានរងរបួស ក្រោយពីលេងបានរយៈពេល១២នាទី។ លោក Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ពិតណាស់ គ្រាប់បាល់នេះពិតជាអស្ចារ្យ។ វាច្បាស់ណាស់ថា យើងត្រូវតែធ្វើការ ហើយនោះគឺជាអ្វីដែលយើងបានធ្វើ។ វាមិនងាយស្រួលនោះឡើយសម្រាប់ក្រុមទាំងអស់ក្នុងការឈ្នះនៅទីនេះ។ យើងត្រូវការសំណាងខ្លះ ប៉ុន្តែ យើងបានធ្វើការយ៉ាងលំបាកដើម្បីដណ្តើមយកជ័យជម្នះនោះ»៕
ប្រភពពី៖ Mirror