ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកមិញនេះ បន្ទាប់ពីក្រសួងអប់រំយុវជន និង កីឡា បានប្រកាសឱ្យសហព័ន្ធកីឡា សូហ្វតេន្នីស ចាប់ផ្ដើមប្រកួតជ្រើសរើសជើងឯក ប្រចាំឆ្នាំ ២០១៧ នាថ្ងៃទី ១-៥ ខែឧសភា ប៉ុន្តែ ត្រូវបានខកខាត និង បាក់មុខជាខ្លាំង ក្រោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (Tennis) ដេញ មិនឱ្យចូលទីលាន Tennis របស់។
ភាពចម្រូងចម្រាសនេះ បានកើតឡើងនៅពេលដែល សហព័ន្ធកីឡា សូហ្វតេន្នីសកម្ពុជាកម្ពុជា បានស្នើទៅក្រសួងអប់ំយុវជន និង កីឡា ដើម្បីសុំខ្ចីទីលាន របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្វើការប្រកួតបណ្ដោះអាសន្នសិន ព្រោះទីលាន ប្រកួតរបស់ប្រភេទកីឡា សូហ្វតេន្នីសកម្ពុជា ដែលចំណាយទឹកប្រាក់ជិត២០ម៉ឺនដុល្លារនោះ មិនទាន់រួចរាល់។
ទាក់ទងនឹងបញ្ហាគ្រូបង្វឹកជម្រើសជាតិនៃក្រុមកីឡាវាយកូនបាល់កម្ពុជា លោក ជា ពៅ បានឲ្យដឹងដែរថា៖ ខ្លួនមិនប្រឆាំងនឹងកម្មវិធី ឬសេចក្ដីសម្រេចរបស់ក្រសួងអប់រំនោះទេ ប៉ុន្ដែព័ត៌មានខ្លួនទទួលបាន កីឡាសូហ្វតេន្នីសយកទីលានកីឡាវាយកូនបាល់ រៀបចំជើងឯកថ្នាក់ជាតិ គឺខ្លីពេក ពោលគឺទទួលបានកាលពីម្សិលមិញ ។ ខណៈសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានអញ្ជើញគ្រូបង្វឹកលំដាប់ពិភពលោកមកពីបារាំង ដើម្បីបង្ហាត់ដល់ក្រុមយុវជន និងក្រុមកីឡាករត្រៀមស៊ីហ្គេម ឆ្នាំ២០១៧ នាពេលខាងមុខ ក៏ធ្វើដំណើរមកដល់កម្ពុជាកាលពីម្សិលមិញដែរ ។
លោកបន្ដថា៖ ក្រោយទទួលបានព័ត៌មានខាងលើ លោកបានរាយការណ៍ទៅថ្នាក់លើ ដើម្បីដោះស្រាយជាមួយអគ្គនាយកដ្ឋានកីឡា ដែលទទួលបន្ទុកលើការងារនេះ ។ ប៉ុន្ដែលោកបានអះអាងថា កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ជាមួយគ្រូជនជាតិបារាំងនោះ មិនអាចលើកពេលបានឡើយ ព្រោះលោកបានធ្វើដំណើរមកដល់កម្ពុជាទៅហើយ ។
ម្យ៉ាងសហព័ន្ធបានចំណាយថវិកាច្រើនលើការអញ្ជើញគ្រូកម្រិតពិភពលោកនេះ មកបណ្ដុះបណ្ដាលពេញមួយសប្ដាហ៍ដល់ក្រុមកីឡាវាយកូនបាល់កម្ពុជា ។ ដូច្នេះលោកមិនចង់ឲ្យឱកាសដ៏មានតម្លៃនេះ ខកខានចំពោះក្រុមកីឡាករ ដែលកំពុងពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ក៏ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឡើយ ។
ជាមួយគ្នានេះផងដែរ យី សារិន គ្រូបង្វឹកក្រុមកីឡាសូហ្វតេន្នីសជម្រើសជាតិកម្ពុជា ក៍បានបញ្ជាក់ដែរថា៖ ការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែឧសហភានេះ ត្រូវបានខកខានជាបណ្ដោះអាសន្ន និងរង់ចាំដំណោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា បន្ទាប់ពីមានបញ្ហារឿងទីលានជាមួយក្រុមកីឡាវាយកូនបាល់កម្ពុជា(Tennis) ដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានស្នើរក្រសួងអប់រំ ដើម្បីរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ចាប់ពីថ្ងៃទី០១-០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។
លោក យី សារិន បានបន្ថែមថា៖ យោងតាមលិខិតអនុញ្ញាតរបស់ក្រសួងអប់រំ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន គឺបានអនុញ្ញាតឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានរបស់ក្រុមកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីរៀបចំការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិឆ្នាំនេះ ។ ប៉ុន្ដែលុះដល់ថ្ងៃកំណត់ប្រកួតនាព្រឹកថ្ងៃទី១នេះ បែរជាក្រុមកីឡាវាយកូនបាល់កំពុងហ្វឹកហាត់លើទីលានខ្លួន ដោយមិនអនុញ្ញាតឲ្យក្រុមកីឡាសូហ្វតេន្នីសរៀបចំការប្រកួតតាមគម្រោងរបស់ខ្លួនទៅវិញ បើទោះបីក្រុមកីឡាករ-កីឡាការិនីទូទាំងប្រទេសមកជុំគ្នាក៏ដោយ ។
ប៉ុន្ដែយ៉ាងណាមកទល់ពេលនេះ បញ្ហារឿងទីលានប្រកួតនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនូវដំណោះស្រាយ ដើម្បីឲ្យសហព័ន្ធកីឡាជាតិទាំងពីររៀបចំកម្មវិធីរៀងៗខ្លួននោះទេ ។ តែលោក ជា ពៅ បានបន្ថែមថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានសម្រេចឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានកីឡាវាយកូនបាល់នោះ ក្រោយបញ្ចប់កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ពោលគឺចាប់ពីម៉ោង ៦ល្ងាចទៅ កីឡាសូហ្វតេន្នីសអាចបើកភ្លើងរៀបចំការប្រកួតបាន ។ តែបើតាមប្រភពច្បាស់ការពីថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកាយ និងកីឡា ក៏លួចបង្ហើបឲ្យដឹងយ៉ាងដូច្នេះផងដែរ ៕