Skip to content

រាប់រយ​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​អំពើហិង្សា​នៅ​ភាគខាងត្បូង​ប្រទេស​កុង​ហ្គោ

ពលរដ្ឋ​ជិត 200នាក់​បាន​បាត់​បង់ជីវិត និង 40,000នាក់​ត្រូវ​ចាក​ចេញពីផ្ទះ​រាប់​ចាប់ពី​ខែមករា ក្រោយពី​ការវាយប្រហារ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​ប្រជាធិបតេយ្យ​សម្ព័ន្ធមិត្ត (Allied Democratic Forces/ADF) នៅ​ភាគ​ឦសាន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ។ នេះ​បើតាម​ប្រកាស​កាលពី​ថ្ងៃទី 19 មីនា 2021 របស់​ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)។

ក្នុង​របាយការណ៍​ខាងលើ UNHCR បាន​សំដែង​ការព្រួយបារម្ភ​ខ្លាំង​អំពី​ការកើនឡើង​នៃ​ករណី​វាយប្រហារ​របស់ ADF ដែលជា​កងកម្លាំងប្រដាប់អាវុធ​អ៊ីស្លាម Uganda មាន​វត្ត​មាននៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កុង​ហ្គោ​ចាប់តាំងពី​ឆ្នាំ 1995។

ចាប់តាំងពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន ការវាយប្រហារ​ប្រកបដោយ​ហិង្សា​នៅក្នុង​ទីក្រុង Beni នៃ​ខេត្ត Kivu ខាងជើង និង​ខេត្ត Ituri បានសម្លាប់​មនុស្ស​ជិត 200នាក់ និង​ជាច្រើន​នាក់​ត្រូវ​រងរបួស ខណៈដែល​មនុស្ស​ជាង 40,000នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញពីផ្ទះ។ ក្នុងអំឡុង​ជិត 3ខែ​មកនេះ ADF ត្រូវបាន​ចោទប្រកាន់ថា បាន​វាយប្រហារ​ទៅលើ​ភូមិឋាន​ចំនួន 25 និង​ដុត​ផ្ទះសម្បែង​របស់​ប្រជាជន ព្រមទាំង​បាន​ចាប់ជំរិត​មនុស្ស​ជាង 70នាក់។

ADF គឺជា​ឧទ្ទាម​ដែល​ប្រើ​អំពើហិង្សា​ជាងគេ​ក្នុងចំណោម​ឧទ្ទាម​ចំនួន 122ក្រុម ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​កុង​ហ្គោ។ កាលពី​ឆ្នាំ 2020 ក្រុម​នេះ​បានសម្លាប់​មនុស្ស​ប្រមាណ 460នាក់។

យោងតាម​អង្គការ​តាមដាន​សន្តិសុខ Kuvu (KST/Kivu Security Tracker) ចាប់ពី​ឆ្នាំ 2017 ដល់​បច្ចុប្បន្ន ADF បានសម្លាប់​ជន​ស៊ីវិល​ជាង 1,200នាក់​នៅ​ទីក្រុង Beni។

បច្ចុប្បន្ន UNHCR ត្រូវការ​ប្រាក់ 2លាន​ដុល្លារ​ជាបន្ទាន់​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​នៅ​តំបន់ Beni និង​តំបន់ Irumu ក្នុង​ខេត្ត Ituri។ មកដល់ពេលនេះ UNHCR ទើបតែ​ទទួលបាន 5.5% ប៉ុណ្ណោះ ក្នុងចំណោម 33លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ខេត្ត​នានា​នៅ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ​សម្រាប់​ឆ្នាំ 2021៕

ប្រភព៖ AFP
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *