ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា រន្ទះបាញ់ដែលបាញ់ចុះមកកាន់ផ្ទៃដីរបស់ភពផែនដីកាលពីយុគសម័យដំបូងៗ ទំនងជាបានផ្ដល់សារធាតុផូស្វ័រ ( phosphorus) ចាំបាច់ដើម្បីបង្កបង្កើតជីវិត។
ផូស្វ័រគឺជាសមាសធាតុដ៏សំខាន់មួយនៅក្នុងម៉ូលេគុលដែលបង្កបង្កើតរចនាសម្ព័ន្ធរបស់កោសិការាងកាយ និងម្នាសរបស់កោសិកា ហើយជាងនេះ វាក៏បង្កបង្កើតបានជាគ្រោងសម្រាប់ DNA និង ARN ផងដែរ។ ប៉ុន្តែ ផូស្វ័រពិតជាពិបាកត្រូវបានចាប់យកនៅលើផែនដីកាលពីយុគសម័យជាង 4ពាន់លានឆ្នាំមុន។
«ផូស្វ័រស្ទើរតែទាំងអស់នៅលើផែនដីកាលពីយុគសម័យដំបូង ត្រូវជាប់គាំងនៅក្នុងរ៉ែមិនរលាយ និងមិនដំណើរការ មានន័យថា វាមិនអាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតជាម៉ូលីគុលជីវសាស្ត្រចាំបាច់សម្រាប់ជីវិត» នេះបើតាមការឱ្យដឹងពីអ្នកវិទ្យាសាស្ត្រ Benjamin Hess មកពីសាកលវិទ្យាល័យ Yale នៃសហរដ្ឋអាមេរិក។
កន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា អាចម៍ផ្កាយដែលធ្លាក់មកលើផែនដី បាននាំមកនូវកត្តាចាំបាច់សម្រាប់ជីវិតលើពិភពមួយនេះ។ ដុំថ្មអវកាសត្រូវបានគេដឹងថា មានផ្ទុក schreibersite ជាសារធាតុផូស្វ័រដែលអាចរលាយក្នុងទឹក។ បើសិនជាមានអាចម៍ផ្កាយច្រើនធ្លាក់មកលើផែនដី នោះវាគឺជាប្រភពរបស់ផូស្វ័រដ៏សមស្របសម្រាប់ការកកើតជីវិត។
ក៏ប៉ុន្តែ ការសិក្សាស្រាវជ្រាវថ្មីៗនេះ បានបង្ហាញថា ជីវិតចាប់ផ្ដើមកកើតលើផែនដីរបស់យើងតាំងពី 3.5 ដល់ 4.5ពាន់លានឆ្នាំមុន ហើយក្នុងយុគសម័យនោះ ផែនដីមិនសូវទទួលឥទ្ធិពលពីអាចម៍ផ្កាយ។ ដូច្នេះ បរិមាណផូស្វ័យដែលគាំទ្រដល់ជីវិត អាចមានប្រភពពីយន្តការដទៃ។
នៅក្នុងរបាយការណ៍ថ្មីមួយនៅលើទស្សនាវដ្ដី Nature Communication ដែលបានចុះផ្សាយកាលពីថ្ងៃទី 16 មីនា 2021 អ្នកវិទ្យាសាស្ត្រ Hess រួមនឹងសហការីរបស់ខ្លួនបានរកឃើញភ័ស្ដុតាងដែលអាចអះអាងបានថា រន្ទះដែលបាញ់ចុះមកផែនដីកាលពីអតីតកាល ទំនងជាបាន «បើកសោ» ឱ្យផូស្វ័រដែលកំពុងជាប់នៅក្នុងរ៉ែផ្សេងៗអាចចេញមកក្រៅ។
កាលពីផែនដីនៅក្មេង រន្ទះបាញ់កើតមានច្រើនជាងសព្វថ្ងៃ ព្រោះថា កាលណោះបរិយាកាសមានផ្ទុកសារធាតុ carbon dioxide យ៉ាងច្រើន។ សព្វថ្ងៃ ផែនដីមានរន្ទះបាញ់ប្រមាណ 560លានដងក្នុងមួយឆ្នាំ។ ក្នុងយុគសម័យដំបូង តួលេខនេះគឺ ចាប់ពី 1 ដល់ 5ពាន់លានដង ក្នុងនោះមានចាប់ពី 100 ទៅ 1ពាន់លានដង បានបាញ់មកលើដី។ ប្រការនេះមានន័យថា រន្ទះបាញ់អាចផ្គត់ផ្គងសារធាតុផូស្វ័រដល់ផែនដីបានយ៉ាងច្រើន។
«ការយល់ដឹងអំពីតួនាទីរបស់រន្ទះបាញ់ដែលដូចទៅនឹងយន្តការបង្កបង្កើតផូស្វ័រដែល «អាចប្រតិកម្ម» គឺជារឿងសំខាន់ក្នុងការសិក្សាស្រាវជ្រាវរកប្រភពនៃជីវិតនៅលើផែនដី ក៏ដូចជាប្រភពនៃជីវិតនៅក្រៅផែនដី។ ការរកឃើញរបស់យើង អាចអនុវត្តនៅលើគ្រប់ពិភពទាំងអស់ដែលមានបរិយាកាសអាចបង្កើតរន្ទះបាញ់» អ្នកវិទ្យាសាស្ត្រ Hess អះអាងដូច្នេះ៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា