រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍជាតិឥណ្ឌូនេស៊ី លោក Suharso Monoarfa កាលពីថ្ងៃទី 17 មីនា បានឱ្យដឹងថា គម្រោងកសាងរដ្ឋធានីថ្មីរបស់ប្រទេសនេះនឹងត្រូវបន្តនៅក្នុងឆ្នាំ 2021 ជាមួយនឹងគោលដៅសម្រេចជាស្ថាពរនៅក្នុងឆ្នាំ 2024។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ លោក Suharso Monoarfa ដែលជារដ្ឋមន្ត្រី និងជាអ្នកទទួលខុសត្រូវលើការគ្រប់គ្រងគម្រោងកសាងរដ្ឋធានីថ្មី បានឱ្យដឹងថា ថវិកាដែលបានប៉ាន់ប្រមាណដំបូងសម្រាប់ការកសាងរដ្ឋធានីថ្មីនេះ មានចំនួន 466 លានលានរូពី (32.3ពាន់លានដុល្លារអាមេរិក)។ ប៉ុន្តែ តួលេខនេះកំពុងត្រូវបានកែប្រែទៅតាមយុទ្ធសាស្ត្រ និងដំណាក់កាលរបស់គម្រោង។
កាលពីខែសីហា ឆ្នាំ 2020 ឥណ្ឌូនេស៊ី បានសម្រេចផ្អាកបណ្ដោះអាសន្ននូវគម្រោងរើរដ្ឋធានីទៅកាន់កោះ Borneo ដោយសារតែប្រទេសនេះកំពុងប្រឈមនឹងបញ្ហា Covid-19។
លោករដ្ឋមន្ត្រី Monoarfa ថ្លែងថា គម្រោងសាងសង់អគារនានារបស់រដ្ឋាភិបាលនៅក្នុងរដ្ឋធានីថ្មីនឹងត្រូវពន្យារពេលរហូតដល់ឥណ្ឌូនេស៊ីមានលទ្ធផលល្អក្នុងការទប់ស្កាត់ Covid-19។ លោក Monoarfa បញ្ជាក់ថា ការចាប់ផ្ដើមអនុវត្តគម្រោងនេះអាចត្រូវបានពន្យារពេលដល់ឆ្នាំ 2022 ឬ 2023 ព្រោះថា រដ្ឋាភិបាលកំពុងផ្ដោតលើការស្រាវជ្រាវ ដើម្បីអាចផ្គត់ផ្គង់វ៉ាក់សាំងបង្ការ Covid-19 ដល់ពលរដ្ឋជិត 270 លាននាក់។
យោងតាមផែនការដំបូង គម្រោងនេះនឹងត្រូវបានចាប់ផ្ដើមនៅដើមឆ្នាំ 2021 ជាមួយនឹងសកម្មភាពសាងសង់អគាររដ្ឋាភិបាល កែលម្អព្រលានយន្តហោះ កំពង់ផែសមុទ្រ និងផ្លូវថ្នល់នៅក្នុងតំបន់ព្រៃដែលត្រូវបានប្រើប្រាស់សម្រាប់តាំងរដ្ឋធានីឆ្លាតវៃថ្មី។ មកដល់ឆ្នាំ 2024 ដែលជាឆ្នាំចុងក្រោយនៃអាណត្តិទីពីររបស់ប្រធានាធិបតី Joko Widodo ក្រុមមន្ត្រីរដ្ឋាភិបាលនឹងចាប់ផ្ដើមរើទៅធ្វើការនៅរដ្ឋធានីថ្មី។
កាលពីឆ្នាំ 2019 ប្រធានាធិបតី Joko Widodo បានប្រកាសអំពីគម្រោងរើរដ្ឋធានីនេះ ដើម្បីជួយកាត់បន្ថយទម្ងន់របស់ Jakarta ជារដ្ឋធានីដែលស្ថិតនៅលើកោះ Java និងមានប្រជាជន 10លាននាក់កំពុងរស់នៅ។ លោក Masayoshi Son នាយកប្រតិបត្តិរបស់ធនាគារ SoftBank, អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair និងព្រះអង្គម្ចាស់ត្រៀមស្នងរាជ Sheikh Mohammed Bin Zayed al Nahyan របស់រដ្ឋធានី Abu Dhabi នៃប្រទេសអារ៉ាប់រួម ត្រូវបានអញ្ជើញ និងយាងឱ្យធ្វើជាទីប្រឹក្សាសម្រាប់គម្រោងខាងលើនេះ៕
ប្រភព៖ AA
ប្រែសម្រួល៖ បុត្រា