Skip to content

​ក្បួន​រថយន្ត​របស់​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ឧក្រិដ្ឋ​ជន​​វាយឆ្មក់ បណ្ដាលឱ្យ​មនុស្ស 13នាក់​បាត់​បង់ជីវិត

ក្បួន​រថយន្ត​របស់​ប៉ូលិស​នៅក្នុង​រដ្ឋ​ភាគ​កណ្ដាល​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន លួច​វាយប្រហារ​កាលពី​ថ្ងៃទី 18 មីនា នាំឱ្យមាន​មនុស្ស​យ៉ាងតិច 13 នាក់​បាន​ស្លាប់។

ក្បួន​រថយន្ត​ល្បាត​របស់​ប៉ូលិស​ត្រូវ​រង​ការវាយប្រហារ​នៅ​ទីក្រុង Coatepec Harinas រដ្ឋ Mexico ក្នុង​គ្រា​ដែល​កំពុង​អនុវត្ត​ច្បាប់​សំដៅលើ​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​នៅក្នុង​តំបន់។ ជនរងគ្រោះ រួមមាន ប៉ូលិស​ចំនួន 8 នាក់ និង​ក្រុម​អ្នកស៊ើប​អង្កេត​មកពី​ការិយាល័យ​រដ្ឋអាជ្ញា​ស្រុក​ចំនួន 5 នាក់។ នេះ​បើតាម​ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋ Mexico។

«ក្បួន​រថយន្ត​កំពុងធ្វើកា​រ​ល្បាត​ក្នុង​តំបន់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ល្បើ​ស​ច្បាប់​ដែល​ធ្វើ​សកម្មភាព​ក្នុង​តំបន់។ នេះ​គឺជា​ការវាយប្រហារ​មក​លើ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក។ យើង​នឹង​ឆ្លើយតប​ដោយ​កងកម្លាំង​គ្រប់​ប្រភេទ» លោក Rodrigo Martinez Celis មេដឹកនាំ​អង្គភាព​សុវត្ថិភាព​សាធារណៈ​របស់​រដ្ឋ ឱ្យដឹង​ដូច្នេះ។

នេះ​គឺជា​ការវាយប្រហារ​ធំ​បំផុត​សំដៅលើ​កងកម្លាំង​អនុវត្ត​ច្បាប់​នៅ​ម៉ិ​ក​ស៊ិ​ក រាប់​ចាប់ពី​ខែតុលា 2019 ដែល​កាលណោះ មាន​ប៉ូលិស​ចំនួន 14 នាក់​បាន​ស្លាប់​នៅក្បែរ​រដ្ឋ Mexico បន្ទាប់ពី​ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ។

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃទី 18​ មីនា 2021

បច្ចុប្បន្ន ក្រុម​ជនដៃដល់​ខាងលើ មិនទាន់​ត្រូវបាន​វែកមុខ​នៅឡើយ ខណៈ​សមត្ថកិច្ច​កំពុង​ស្វែងរក ដោយមាន​ជំនួយ​ពី​ទាហានជើងគោក ទាហាន​ម៉ា​រី​ន និង​កងកម្លាំង​ការពារជាតិ។

រដ្ឋ Mexico ដែល​នៅជាប់​នឹង​រដ្ឋធានី ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​ដែលមាន​អំពើហិង្សា​ច្រើនជាងគេ​បំផុត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយសារ​វត្តមាន​របស់​ក្រុម​ឧក្រិដ្ឋជន​ជាច្រើន​ក្រុម។

ការវាយប្រហារ​ខាងលើ ទំនងជា​ត្រូវបាន​ធ្វើឡើង​ដើម្បី​រារាំង​កិច្ចការ​របស់​ប្រធានាធិបតី Andrés Manuel López Obrador ដែល​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​បោសសម្អាត ដែល​ប្រឈមមុខ​នឹង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ដោយផ្ទាល់ ដើម្បី​កាត់បន្ថយ​អំពើហិង្សា​នៅ​ប្រទេស​នេះ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *