Skip to content

តៃវ៉ាន់​ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង F-16 ចំនួន 42គ្រឿង ឱ្យទៅជា F-16V

យន្តហោះ​ចម្បាំង F-16A/B របស់​កោះ​តៃវ៉ាន់​ចំនួន 42 គ្រឿង​ដែល​ត្រូវបាន​ដំឡើង​ឱ្យទៅជា F-16V តាម​គម្រោង​នឹងត្រូវ​ប្រគល់ឱ្យ​កងកម្លាំង​ការពារ​ដែន​កោះ​នេះ​នៅ​ចុងខែ​មីនា 2021។

Huang Chih-wei មេបញ្ជាការ​ទ័ពអាកាស​តៃវ៉ាន់ កាលពី​ថ្ងៃទី 17 មីនា បានឱ្យដឹងថា យន្តហោះ​ចម្បាំង F-16A/B ដែល​ត្រូវបានធ្វើ​ទំនើបកម្ម​ឱ្យទៅជា F-16V មាន​សមត្ថភាព​អាច «រកឃើញ​សត្រូវ​បាន​លឿន​ជាង និង​អាច​វាយប្រហារ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង»។ យន្តហោះ​ចម្បាំង F-16V របស់​ទ័ពអាកាស​តៃវ៉ាន់ បច្ចុប្បន្ន មាន​សមត្ថភាព​វាយប្រហារ​គ្របដណ្ដប់​ទូទាំង​ដែនអាកាស​របស់​កោះ​នេះ។

យន្តហោះ​ចម្បាំង F-16V ទាំងនេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​ក្រុម​ហោះហើរ​យុទ្ធសាស្ត្រ​លេខ4 នាំឱ្យ​អង្គភាព​នេះ​ក្លាយជា​ស្ថាប័ន​ដំបូង​គេ​របស់​កងទ័ព​ការពារ​ដែនអាកាស​តៃវ៉ាន់ មាន​សុទ្ធតែ F-16V នេះ​បើតាម​លោក Huang Chih-wei។ ពិធី​ប្រគល់​យន្តហោះ​ចម្បាំង​ទាំងនេះ​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ចុងខែ​មីនា ដែល​ក្នុង​ពិធី​នោះ​នឹងមាន​វត្តមាន​របស់​មេ​ដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen ផងដែរ។

មេដឹកនាំ​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen

ទ័ពអាកាស​តៃវ៉ាន់ កាលពី​ឆ្នាំ 2016 បានចាប់ផ្ដើម​ដំណើរការ​កម្មវិធី​ដំឡើង F-16A/B ទៅជា F-16V ប្រកបដោយ​ភាពទាន់សម័យ​បំផុត ជាមួយនឹង​ប្រព័ន្ធ​អេឡិចត្រូនិក​ស្ដង់ដា​ខ្ពស់​ជាងគេ រួម​នឹង​ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ និង​ប្រយុទ្ធ​ទាន់សម័យ។ តាម​ផែនការ កម្មវិធី​ដែល​ត្រូវបាន​ដំណើរការ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​ឧស្សាហកម្ម​អាកាសចរណ៍​តៃវ៉ាន់ (Aerospace Industrial Development Corporation/AIDC) សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​អាវុធ​Lockheed Martin របស់​អាមេរិក ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ 3.7 ពាន់​លាន​ដុល្លារ​ខាងលើនេះ នឹងត្រូវ​បញ្ចប់​នៅមុន​ដំណាច់ឆ្នាំ 2023។

ក្រៅពី F-16A/B ដែល​ត្រូវបាន​ដំឡើង​ស្ដង់ដា​ថ្មី តៃវ៉ាន់​ក៏បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-16V ថ្មី ពី​សហរដ្ឋអាមេរិក​ចំនួន 66 គ្រឿង ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ផងដែរ ដែល​កោះ​មួយ​នេះ​នឹង​ផ្ដើម​ទទួលបាន​ចាប់ពី​ឆ្នាំ 2022។ កាលពី​ឆ្នាំ 1992 កោះ​តៃវ៉ាន់​បាន​ទិញ​យន្តហោះ​ចម្បាំង F-16 ចំនួន 160 គ្រឿង ហើយ​បច្ចុប្បន្នកំពុង​គ្រប់គ្រង​ប្រមាណ 150 គ្រឿង។

កោះ​តៃវ៉ាន់​កំពុងតែ​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​សព្វាវុធ​របស់ខ្លួន នៅក្នុង​គ្រា​ដែល​ប្រទេស​ចិនដីគោក កំពុង​បង្កើន​សម្ពាធ​លើ​កោះ​នេះ។ មួយរយៈ​ពេល​ចុង​ក្រោយនេះ ចិនដីគោក តែងតែ​បញ្ជូន​យន្តហោះ​ចម្បាំង​មក​កៀក​នឹង​កោះ​នេះ​ជា​រៀងរាល់ថ្ងៃ នាំឱ្យ​តៃវ៉ាន់​ត្រូវ​ពង្រាយ​យន្តហោះ​ចម្បាំង​ដើម្បី​ទប់ទល់។

លោក​ស្រី​ Tsai Ing-wen ប្រធានាធិបតី​កោះ​តៃវ៉ាន់ និង​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ AIDC

ក្រុមមន្ត្រី តៃវ៉ាន់ បានឱ្យដឹងថា ក្នុង​ឆ្នាំ 2020 កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​បាន​ចំណាយ​ប្រាក់​ជិត 1.1 ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទប់ស្កាត់​យន្តហោះ​យោធា​របស់​ចិនដីគោក ដែល​ហោះចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស (ADIZ) របស់​កោះ​នេះ។ មេបញ្ជាការ​ទ័ពអាកាស​តៃវ៉ាន់ លោក Huang Chih-wei បាន​បញ្ជាក់ថា ប្រាក់​ចំណាយ​ក្នុង​មួយម៉ោងៗ សម្រាប់​យន្តហោះ​ចម្បាំង F-16 គឺ 5,300 ដុល្លារ​អាមេរិក, សម្រាប់ AIDC F-CK-1 គឺ 7,800 ដុល្លារ ហើយ​សម្រាប់​យន្តហោះ​ប្រមាញ់​នាវាមុជទឹក P-3C គឺ 7,000 ដុល្លារ។

សាធារណរដ្ឋ​ប្រជាមានិត​ចិន (ចិនដីគោក) តែងតែ​ចាត់ទុកថា កោះ​តៃវ៉ាន់​គឺជា​ទឹកដី​មួយផ្នែក​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា ការប្រកាស​ឯករាជ្យរ​បស់​កោះ​នេះ​គឺ «ស្មើនឹង​សង្គ្រាម»។ ប៉ុន្តែ សាធារណរដ្ឋ​ចិន (ចិនតៃវ៉ាន់) ឯណោះ​វិញ កំពុងតែ​ចាត់ទុកថា ខ្លួន​ជា​ប្រទេស​ឯករាជ្យ​ស្រាប់ មិនចាំបាច់​ប្រកាស​ឯករាជ្យ​ទៀតឡើយ៕

ប្រភព៖ Focus Taiwan
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *