កាលពីថ្ងៃទី 17 មីនា 2021 ព្រឹទ្ធសភាអាមេរិក បានអនុម័តតែងតាំងលោកស្រី Katherine Tai ជាអ្នកតំណាងពាណិជ្ជកម្មអាមេរិកនៅក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden។
សារព័ត៌មាន AP និងកាសែត The Hill បានរាយការណ៍ថា លោកស្រី Katherine Tai ទទួលបានការគាំទ្រស្ទើរតែដាច់ខាតនៅក្នុងការបោះឆ្នោតរបស់សភា ដោយមាន 98 សំឡេងគាំទ្រ និងមិនមានសំឡេងជំទាស់។
លទ្ធផលខាងលើនេះ ជួយឱ្យលោកស្រី Katherine Tai ក្លាយជាពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីដំបូងគេ និងជាស្ត្រីស្បែកខ្មៅដំបូងគេដែលកាន់កាប់តំណែងជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក។ លោកស្រីបានក្លាយជាសមាជិកទី 19 នៅក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធីបតី Biden ដែលត្រូវបានសភាជាន់ខ្ពស់គាំទ្រ។
នៅពេលកាន់កាប់តំណែងជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Tai នឹងត្រូវប្រឈមមុខជាមួយនឹងភារកិច្ចយ៉ាងច្រើននៅក្នុងគ្រាដែលរដ្ឋាភិបាលលោក Biden កំពុងកំណត់គោលនយោបាយពាណិជ្ជកម្ម ក្នុងនោះក៏មានកិច្ចការដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងម៉ិកស៊ិក និងកាណាដា រួមនឹងការដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប (EU)។ល។
លោកស្រី Katherine Tai បច្ចុប្បន្នមានអាយុ 46 ឆ្នាំ គឺជាកូននៃគ្រួសារមួយមកពីកោះតៃវ៉ាន់។ លោកស្រីជាអ្នកជំនាញខាងចរចាផ្នែកពាណិជ្ជកម្ម និងជាមេធាវីជើងចាស់ម្នាក់ផងដែរ។
លោកស្រី Katherine Tai ត្រូវបានគេស្គាល់ថាជាមេធាវីលំដាប់កំពូលមួយរូបដែលធ្វើការនៅការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក អំពីបញ្ហាជាមួយប្រទេសចិន នៅក្នុងអំឡុងឆ្នាំ 2007-1214 ដោយចូលរួមដោះស្រាយផ្ទាល់រាល់បញ្ហាពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
មេធាវីរូបនេះក៏ធ្លាប់បានប្រកាសថា នឹងធ្វើការជាមួយក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីបង្កើតសមរភូមិរួមមួយ សម្រាប់ទប់ទល់នឹងប្រទេសចិនដែលសហរដ្ឋអាមេរិកយល់ឃើញថា កំពុងធ្វើសកម្មភាពប្រកបដោយភាពដាច់ខាត៕
ប្រភព៖ AP, The Hill
ប្រែសម្រួល៖ បុត្រា