Skip to content

សមាគម​ព្រះពុទ្ធសាសនា​ធំ​បំផុត​នៅ​ភូមា ថ្កោលទោស​កងទ័ព និង​ត្រៀម​ចេញ​សេចក្ដីថ្លែងការណ៍

សមាគម​ព្រះពុទ្ធសាសនា​ដែលមាន «ទឹកមាត់ប្រៃ» បំផុត នៅ​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) បាន​ថ្កោលទោស​ចំពោះ​កា​រប​ង្រា​ប និង​សម្លាប់​បាតុករ​ដែល​កងទ័ព​ប្រទេស​នេះ​បាន​ធ្វើឡើង ទន្ទឹមនឹង​ការអំពាវនាវ​ឱ្យ​បញ្ចប់​អំពើហិង្សា។

គណៈ​កម្ម​ធិ​ការ​ព្រះសង្ឃ​ពុទ្ធសាសនា Maha Nayaka ដែលជា​សមាគម​ព្រះពុទ្ធសាសនា​មានអំណាច​បំផុត​នៅ​ភូមា ថ្ងៃនេះ (17 មីនា 2021) បាន​ចោទប្រកាន់ «សមាជិក​មួយចំនួន​នៃ​កងកម្លាំងប្រដាប់អាវុធ» ថា បានធ្វើ​ទារុណកម្ម និង​សម្លាប់​ពលរដ្ឋ​សាមញ្ញ​ដែល​គ្មាន​ទោសពៃរ៍។

តាម​គម្រោង សមាគម​ព្រះសង្ឃ​ខាងលើ​នឹង​ផ្អាក​រាល់​សកម្មភាព​នៃ​ព្រះពុទ្ធសាសនា​ដើម្បី​ជំទាស់​នឹង​ការប្រើ​អំពើហិង្សា​របស់​កងទ័ព​ទៅលើ​បាតុករ។ សមាគម​នេះ​នឹង​ចេញ​សេចក្ដីប្រកាស​ចុងក្រោយ បន្ទាប់ពី​បានទទួល​យោបល់​ពី​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា នៅ​ថ្ងៃទី 18 មីនា​ខាងមុខ។

ក្រុម​អ្នកបួស​នៅ​មី​យ៉ាន​ម៉ា គឺជា​អ្នក​នាំមុខ​ក្នុង «ប​ដិ​វដ្ដ Saffron» កាលពី​ឆ្នាំ 2007 ក្នុងការ​ប្រឆាំងនឹងរ​បប​យោធា និង​បាន​ជួយ​បើកផ្លូវ​ឱ្យមាន​របប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​នេះ។ ឥរិយាបថ​របស់ Maha Nayaka បានបង្ហាញ​អំពី​ការ​ប្រេះឆា​រវាង​កងទ័ព ជាមួយនឹង​សមាគម​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល។

មី​យ៉ាន​ម៉ា បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ចាប់តាំងពី​កងទ័ព​បានធ្វើ​រដ្ឋប្រហា​រ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​បាន​ចាប់ខ្លួន​លោកស្រី Aung San Suu Kyi កាលពី​ថ្ងៃទី 1 កុម្ភៈ 2021 ព្រមទាំង​បាន​ចាប់ខ្លួន​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​របស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នាំឱ្យមាន​បាតុកម្ម​កើតឡើង​ពាសពេញ​ប្រទេស។ យោងតាម​អង្គការ​គាំពារ​អ្នកទោសនយោបាយ បាតុករ​ជាង 180 នាក់ បាន​ស្លាប់​នៅពេល​ប៉ះទង្គិច​ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ។

បើទោះជា​ត្រូវបាន​ប​ង្រា​ប​យ៉ាង​បង្ហូរឈាម​ក៏ដោយ ក្រុមបាតុករ​ភូមា​នៅតែ​មិន​ដកថយ។ ប៉ុន្តែ​ពួកគេ​កំពុង​ជួប​បញ្ហា​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​ក៏មាន​បញ្ហា​គ្មាន​អ៊ី​ន​ធើ​ណិ​ត​ប្រើប្រាស់​ដើម្បី​ទាក់ទង​គ្នា​ផងដែរ ដោយសារ​អាជ្ញាធរ​បាន​កាត់ផ្ដាច់៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *