សហរដ្ឋអាមេរិកយល់ព្រមលក់កែវយឹតនាវាមុជទឹក ប្រព័ន្ធកំណត់ទិសនៃសំឡេងក្នុងទឹក (sonic navigation system) ទៅឱ្យគម្រោងផលិតនាវាមុជទឹករបស់កោះតៃវ៉ាន់ នៅក្នុងកិច្ចព្រមព្រៀងដំបូងក្នុងសម័យរបស់ប្រធានាធិបតី Joe Biden។
កម្មវិធីផលិតនាវាមុជទឹកក្នុងស្រុករបស់កោះតៃវ៉ាន់ បានឈានដល់ចំណុចគួរឱ្យចាប់អារម្មណ៍មួយ បន្ទាប់ពីទីក្រុងវ៉ាស៊ីងតោនសម្រេចផ្ទល់ការអនុញ្ញាតឱ្យនាំចេញប្រព័ន្ធអាវុធចំនួន 3 ប្រភេទដែលកោះតៃវ៉ាន់មិនអាចផលិតដោយខ្លួនឯងបាន។ នេះបើតាមមេដឹកនាំអង្គភាពការពារខ្លួនរបស់តៃវ៉ាន់ Chiu Kuo-cheng ដែលបានឱ្យដឹងកាលពីថ្ងៃទី 16 មីនា 2021។
«អំពីពេលវេលានៃការប្រគល់ទំនិញ ខ្ញុំមិនអាចនិយាយមុនបានទេ» លោក Chiu ថ្លែងដូច្នេះ។ ក្រុមមន្ត្រីតៃវ៉ាន់មិនបានឱ្យដឹងលម្អិតអំពីអាវុធដែលទីក្រុងវ៉ាស៊ីងតោនលក់មកឱ្យតៃវ៉ាន់នោះដែរ ប៉ុន្តែ កោះនេះធ្លាប់បានទទួលស្គាល់ថា ខ្លួនមិនអាចអភិវឌ្ឍប្រព័ន្ធកំណត់ទិសសំឡេងក្នុងទឹកលក្ខណឌីជីថល (sonar) ប្រព័ន្ធប្រយុទ្ធចម្រុះ និងឧបករណ៍ជំនួយបន្ថែម ដូចជា កញ្ចក់កែវយឹតរបស់នាវាមុជទឹកជាដើម នាំឱ្យតៃវ៉ាន់ត្រូវសង្ឃឹមលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ប្រភពព័ត៌មានពីកងទ័ពតៃវ៉ាន់ បានបង្ហើបឱ្យដឹងថា អតីតប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលក់ប្រព័ន្ធ sonar និងប្រព័ន្ធប្រយុទ្ធចម្រុះដល់កោះតៃវ៉ាន់មុនពេលដាច់អាណត្តិ ខណៈដែលលិខិតអនុញ្ញាតឱ្យប្រគល់កែវយឹតនាវាមុជទឹកត្រូវបានចេញជាលើកដំបូងដោយប្រធានាធិបតី Joe Biden តាមរយៈកិច្ចព្រមព្រៀងលក់អាវុធទៅឱ្យតៃវ៉ាន់។
សហរដ្ឋអាមេរិកធ្លាប់សន្យាលក់នាវាមុជទឹកប្រើប្រេងម៉ាសុត-អគ្គិសនីចំនួន 8 គ្រឿងទៅឱ្យតៃវ៉ាន់កាលពីឆ្នាំ 2001។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះក្រោយមកក៏ត្រូវលុបចោល ហើយកោះតៃវ៉ាន់បានសម្រេចចិត្តផលិតនាវាមុជទឹកដោយខ្លួនឯង។
នាវាមុជទឹកក្នុងស្រុកដំបូងរបស់តៃវ៉ាន់ ត្រូវបានចាប់ផ្ដើមផលិតកាលពីខែវិច្ឆិកា 2020 ហើយបើតាមផែនការ នាវាដំបូងនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ 2024 ដើម្បីជំនួសនាវាមុជទឹកដែលហួសសម័យ។
កងទ័ពកោះតៃវ៉ាន់ បច្ចុប្បន្នមាននាវាមុជទឹកចំនួន 4 គ្រឿង ក្នុងនោះមានពីរគ្រឿងផលិតនៅសហរដ្ឋអាមេរិកកាលពីសម័យសង្គ្រាមលោកលើកទីពីរ និងពីរគ្រឿងផលិតនៅប្រទេសហូឡង់ ក្នុងអំឡុងឆ្នាំ 1982-1986។ នាវាទាំងនេះ ពិតជាមិនអាចប្រៀបធៀបបានជាមួយនឹងនាវាមុជទឹករបស់ចិន ដោយសារនាវារបស់តៃវ៉ាន់ចាស់ៗអស់ទៅហើយ។
ចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងរង់ចាំតែថ្ងៃដណ្ដើមយកមកវិញប៉ុណ្នោះ បើទោះជាត្រូវធ្វើសង្គ្រាមក៏ដោយ។ ព្រោះតែហេតុនេះហើយបានជាតៃវ៉ាន់ត្រូវរកគ្រប់មធ្យោបាយដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចិនដីគោក៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា