Skip to content

មីយ៉ានម៉ា៖ រោងចក្រចិនច្រើន​កន្លែង​ត្រូវ​បាន​ដុត​បំផ្លាញ ​ខណៈ​បាតុ​ករ​ភូមា​ 38​នាក់​ បាន​បាត់បង់ជីវិត

រោងចក្រ​មួយចំនួន​ដែលមាន​ភាគហ៊ុន​របស់​ចិន នៅ​តំបន់ឧស្សាហកម្ម​ក្នុង​ទីក្រុង Yangon ត្រូវបាន​ដុតបំផ្លាញ នាំឱ្យ​កងកម្លាំង​ប៉ូលិស​បាញ់ប្រហារ​លើ​ហ្វូង​បាតុករ បណ្ដាលឱ្យ​មនុស្ស​រាប់សិប​នាក់​បាត់​បង់ជីវិត។

សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា នៅពេល​ផ្សែង​ចាប់ផ្ដើម​លេចឡើង​ចេញពី​តំបន់ឧស្សាហកម្ម Hlaingthaya ជាយក្រុង Yangon កាលពី​ថ្ងៃទី 14 មីនា កងកម្លាំង​សន្តិសុខ​ក៏​ចាប់ផ្ដើម​បាញ់កាំភ្លើង​សំដៅលើ​ហ្វូង​បាតុករ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 22 នាក់​បាន​ស្លាប់។

ទូរទស្សន៍ Myawaddy របស់​កងទ័ព​ភូមា បានចេញ​ផ្សាយ​ថា ក្រុមប៉ូលិស​ប្រឆាំង​បាតុកម្ម​បាន​ផ្ទុះអាវុធ​នៅពេល​រោងចក្រ​កាត់ដេរ​ចំនួន 4 និង​រោងចក្រ​ផលិត​ជី​ចំនួន 1 កន្លែង បាន​ចាប់​ឆេះ។ ហ្វូង​បាតុករ​ប្រមាណ 2,000 នាក់ បាន​រារាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើ​សកម្មភាព។

«ពិតជា​សាហាវ។ គ្រប់គ្នា​ត្រូវបាន​បាញ់ប្រហារ​នៅ​ចំពោះមុខ​ខ្ញុំ។ ខ្ញុំ​នឹងមិន​ភ្លេច​ទិដ្ឋភាព​នេះឡើយ» អ្នកយកព័ត៌មាន​ម្នា​ក់នៅ​កន្លែងកើតហេតុ​រៀបរាប់។

ក្រៅពី​តួលេខ​បាតុករ​ដែល​បាន​ស្លាប់​ខាងលើ ក៏មាន​មនុស្ស​ចំនួន 16 នាក់​ផ្សេងទៀត​បាន​បាត់បង់​ជិវិត​នៅក្នុង​តំបន់​មួយចំនួន ក្នុងនោះ​មានដូចជា Mandalay និង Bago ជាដើម នាំឱ្យ​ថ្ងៃទី 14 មីនា ក្លាយជា​ថ្ងៃ​បង្ហូរឈាម​បំផុត​រាប់​ចាប់ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា។ ទូរទស្សន៍​កងទ័ព MRRV បាន​ផ្សាយ​ថា ប៉ូលិស​ម្នាក់​បាន​ស្លាប់​ដោយសារ​របួស​នៅត្រង់​ដើមទ្រូង បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ។

ច្បាប់អាជ្ញាសឹក​ត្រូវបាន​អនុវត្ត​នៅក្នុង​តំបន់ Hlaingthaya និង​ខណ្ឌ​មួយ​ផ្សេងទៀត​នៅ​ទីក្រុង Yangon។ បច្ចុប្បន្ន មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការដុត​បំផ្លាញ​រោងចក្រ​ខាងលើនេះ​នៅឡើយ។

ភាគី​កងទ័ព​បាន​បដិសេធ​ការអធិប្បាយ​អំពី​ហេតុការណ៍​ខាងលើ ខណៈ​តំណាងរាស្ត្រ Sasa ដែល​តំណាងឱ្យ​ក្រុមតំណាងរាស្ត្រ​ជាប់ឆ្នោត​ដែល​ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ បានបង្ហាញ​ការគាំទ្រ​ដល់​ក្រុមបាតុករ។ លោក Sasa ថ្លែងថា៖ «ក្រុម​ជនល្មើស ជនដៃដល់ ដែលជា​សត្រូវ​របស់​ប្រជាជន​មី​យ៉ាន​ម៉ា SAC (ក្រុមប្រឹក្សា​គ្រប់គ្រង​រដ្ឋ) នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះ​ឈាម​គ្រប់​ដំណាក់​ដែល​បាន​ស្រក់​ចេញ»។

ចំណែក​ស្ថានទូត​ចិន បាន​អធិប្បាយ​ថា ស្ថានភាព​ពិតជា «ធ្ងន់ធ្ងរ» ហើយ​ថា បុគ្គលិក​ជនជាតិ​ចិន​ជាច្រើន​នាក់​បាន​រងរបួស និង​ជាប់គាំង​ក្នុង​អគារ ព្រមទាំង​បានស្នើ​ឱ្យ​មី​យ៉ាន​ម៉ា​ការពារ​ទ្រព្យសម្បត្តិ និង​ពលរដ្ឋ​ចិន​ផងដែរ។

ប្រទេស​មី​យ៉ាន​ម៉ា បាន​ធ្លាក់​ទៅក្នុង​អំពី​ហិង្សា និង​ភាពវឹកវរ បន្ទាប់ពី​កងទ័ព​បាន​យក​លេស​ដែល​ពួកគេ​បាន​ចោទថា​មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត​ដើម្បី​ធ្វើ​រដ្ឋប្រហារ និង​បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​របស់​បក្សសម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ (NLD)។ លោកស្រី Suu Kyi ដែល​បច្ចុប្បន្ន​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន​ករណី នឹងត្រូវ​បង្ហាញខ្លួន​នៅក្នុង​តុលាការ​នា​ថ្ងៃនេះ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *