Skip to content

Biden ប្រកាសថា អាមេរិក​នឹង​​ត្រលប់​មក​​ធម្មតា​វិញ​ចាប់ពី​ខែកក្កដា

ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ណែនាំ​ឱ្យ​បណ្ដា​រដ្ឋ ប្រញាប់​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដើម្បី​អាចឱ្យ​ប្រទេស​នេះ ត្រលប់​មករក «ប្រហាក់ប្រហែល​ធម្មតា» វិញ ចាប់ពី​ខែកក្កដា 2021។

«មុន​ថ្ងៃទី 4 កក្កដា គ្រួសារ និង​មិត្តភក្ដិ​របស់​គ្រប់គ្នា អាច​នឹង​មានឱកាស​ជួបជុំគ្នា​នៅ​ខាងក្រោយ​សួន ឬ​ទីតាំង​ណាមួយ​ដើម្បី​ចម្អិន​អាហារ ជប់លៀង និង​ប្រារព្ធ​ពិធី​រំលឹក​ថ្ងៃ​ឯករាជ្យ» ប្រធានាធិបតី Joe Biden បាន​ថ្លែង​ដូច្នេះ​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី 11 មីនា។

លោក Biden អះអាងថា សហរដ្ឋអាមេរិក​អាច​ឆ្លងកាត់​ខួប​ទិវា​ឯករាជ្យ​ដូច​ធម្មតា​បាន ឬ​មិនបាន​គឺ​អាស្រ័យ​លើ​ការដែល​ពលរដ្ឋ​ភ្ញាក់រលឹក​ទៅ​ចាក់​វ៉ាក់សាំង​នៅពេល​ដល់​វេន និង​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ស្ថាប័ន​សុខាភិបាល​ស្ដីអំពី​ការពាក់​ម៉ាស់ ក៏ដូចជា​រក្សា​គម្លាត​សង្គម។

លោក Biden បន្តថា ពលរដ្ឋ​អាមេរិកាំង​អាយុ​លើសពី 65 ឆ្នាំ​ជាង 70% បាន​ចាក់​វ៉ាក់សាំង​លើកទីមួយ។ លោក​ថា រដ្ឋាភិបាល​កំពុង​ដើរ​ត្រង់​ទិសដៅ ក្នុងការ​ចែកចាយ​វ៉ាក់សាំង​ចំនួន 100 លាន​ដូ​ស ក្នុងអំឡុង 60 ថ្ងៃ​ដំបូង​នៃ​ការឡើង​កាន់តំណែង​រប​ស់លោក។

«ពុំទាន់​មាន​ប្រទេស​ណា​អាច​ធ្វើបាន​ដូច្នេះ» លោក Biden សង្កាត់​ធ្ងន់​យ៉ាងនេះ។ លោក Biden ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបានគ្រប់ៗគ្នា ដើម្បី​ឆាប់​ឱ្យ​ប្រទេសជាតិ​វិល​ប្រ​លប់​មករក​សភាព​ធម្ម​តា។

កាលពី​ថ្ងៃទី 11 មីនា លោក Biden ក៏បាន​ចុះហត្ថលេខា​បញ្ចេញ​កញ្ចប់​ថវិកា «គម្រោង​រំដោះ​ពលរដ្ឋ​អាមេរិក» តម្លៃ 1.9 លាន​លាន​ដុល្លារ ដែល​លោក​ជា​អ្នកស្នើ ដើម្បី​ជួយ​ដល់​ប្រជាជន និង​ជំរុញ​កំណើនសេដ្ឋកិច្ច។

យោងតាម​ទំព័រ Worldometers សហរដ្ឋអាមេរិក​បច្ចុប្បន្ន​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង​វីរុស​ជាង 29,990,000 នាក់ និង​ជាង 540,000 បាន​បាត់​បង់ជីវិត៕

ប្រភព៖ Fox News
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *