Skip to content

ករណី​កុមារ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់ ត្រូវ​មិត្ត​រួម​ថ្នាក់​គំរាម​ឱ្យ​ផឹកទឹក​នោម កំពុង​ត្រូវបាន​ស៊ើបអង្កេត

ប៉ូលិស​រដ្ឋ Texas នៃ​សហរដ្ឋអាមេរិក បាន​បើក​ការស៊ើបអង្កេត​លើ​បណ្ដឹង​ចោទប្រកាន់​មួយ​ករណី​ស្ដីអំពី​កុមារ​ស្បែក​ខ្មៅ​ម្នាក់​ដែល​រៀន​នៅ​សាលា​មធ្យមសិក្សា ត្រូវបាន​មិត្ត​រួម​ថ្នាក់​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ ព្រមទាំង​បង្ខំ​ឱ្យ​ផឹក​ទឹកនោម​ទៀតផង ទាក់ទង​នឹង​បញ្ហា «ប្រកាន់ពូជសាសន៍»។

យោងតាម​សារព័ត៌មាន​អង់គ្លេស Daily Mail កាលពី​ថ្ងៃទី 10 មីនា 2021 ប៉ូលិស​ក្រុង Plano នៃ​រដ្ឋ Texas ឱ្យដឹងថា ពួកគេ​កំពុង «ញាប់ដៃ ញាប់ជើង» ស៊ើបអង្កេត​ករណី​សិស្ស​ថ្នាក់​ទី 8 ម្នាក់ ឈ្មោះ SeMarion Humphrey ត្រូវ​សង្ស័យថា ត្រូវបាន​មិត្ត​រួម​ថ្នាក់​ធ្វើបាប​យ៉ាង​អាណោចអាធម្ម។

ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​នាង Summer Smith ដែលជា​ម្ដាយ​របស់​កុមារ SeMarion បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ខាងក្រៅ​សាលា​មធ្យមសិក្សា Haggard ដោយ​ស្នើឱ្យ​ក្រុម​អាណាព្យាបាល និង​សិស្ស​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​អំពើហិង្សា​របស់កូនៗពួកគេ។

Smith ឱ្យដឹងថា កូនប្រុស​របស់​នាង ត្រូវបាន​គេ​សម្លុត​គំរាម និង​រំខាន​នៅឯ​សាលា Haggard ក្នុងអំឡុង 2 ឆ្នាំ​កន្លងទៅនេះ។ ប៉ុន្តែ ហេតុការណ៍​បាន​ធ្ងន់ធ្ងរ​ដល់​ចំណុចកំពូល​កាលពី​ថ្ងៃទី 12 កុម្ភៈ 2021 នៅពេល SeMarion ត្រូវបាន​មិត្ត​រួម​ថ្នាក់​ម្នាក់​អញ្ជើញ​ឱ្យចូល​រួម​ពិធីជប់លៀង និង​គេង​នៅ​ទីនោះ។ កុមារ​រងគ្រោះ​នេះ មិន​បានដឹង​ទាល់តែសោះ​ថា មិត្ត​រួម​ថ្នាក់​មួយចំនួន​ដែល​ធ្លាប់បាន​ធ្វើបាប​ខ្លួន នឹងចូលរួម​ពិធី​នោះ។

ក្នុង​យប់នោះ Smith និយាយថា កូនប្រុស​របស់​នាង​ត្រូវគេ​បង្អាប់​ដោយ​ពាក្យ​គ្រោតគ្រាត​បំផុត។ សិស្ស​មួយចំនួន​ថែមទាំង​បាន​យក​កាំភ្លើង​ជ័រ បាញ់​ទៅលើ SeMarion។ ក្នុង​វីដេអូ​មួយ​បាន​បង្ហាញថា កុមារ​រូបនេះ ថែមទាំង​ត្រូវ​ទះកំផ្លៀង​ទៀតផង។

អ្វីដែល​សាហាវ​ជាងគេ នោះ​គឺ​សកម្មភាព​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម បង្ហាញថា SeMarion ត្រូវបាន​បង្ខំ​ឱ្យ​ផឹកទឹក​មួយ​ប្រភេទ ដែល​វា​ទំនងជា​ទឹកនោម ដែល​ដាក់​នៅក្នុង​កែវ​ក្រដាស​មួយ ខណៈដែល​នៅ​ជុំវិញ មាន​សំឡេង​សើច​កងរំពង។

ដំបូង​ឡើយ SeMarion មិន​ហ៊ាន​និយាយប្រាប់​អ្នកណា​អំពី​អ្វីដែល​បានកើត​ឡើង​កាលពី​យប់នោះ ដោយសារ​តែមាន​គេ​គំរាមថា​នឹង​វាយ​ធ្វើបាប។

SeMarion មិនបាន​ត្រលប់​ទៅ​សាលា​អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍ ដោយសារតែ​ព្រឹល​ធ្លាក់​ខ្លាំង។ ប៉ុន្តែ វីដេអូ​ដែល​បង្ហាញថា SeMarion ត្រូវ​មិត្ត​រួម​ថ្នាក់​បង្ខំ​ឱ្យ​ផឹក​ទឹកនោម ត្រូវបាន​គេ​ចែករំលែកតៗគ្នា​ពេញ​បណ្ដាញ​សង្គម​នៅក្នុង​អំឡុង​ពេលនោះ។

ក្រោយពី​ត្រលប់មក​សាលា​វិញ សិស្ស​ម្នាក់​បាន​សួរ SeMarion ថា តើ​ត្រូវគេ​បង្ខំ​ឱ្យ​ផឹកទឹក​នោម​មែន ឬទេ។ ពេលនេះ SeMarion គ្រាន់តែ​ឆ្លើយថា មិន​ចាំ​ហេតុការណ៍​នោះទេ។ មកដល់​សប្ដាហ៍​កន្លង​ទៅ ទើប SeMarion រៀបរាប់​ហេតុការណ៍​គ្រប់យ៉ាង ប្រាប់​នាយក​សាលា​របស់ខ្លួន បន្ទាប់ពី​ក្រុមមន្ត្រី​នៅ​សាលារៀន​បានដឹង​អំពី​វីដេអូ​នោះ។

កុមារារងគ្រោះ

នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 5 មីនា Sara Bonser ដែលជា​អ្នកគ្រប់គ្រង​សាលា​នៃ​តំបន់ Plano បានឱ្យដឹងថា ភ្លាមៗនោះ ពួកគេ​បាន​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ។

«ហេតុការណ៍​យ៉ាង​ដូច្នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស​ហគ​មន៍​របស់​យើង។ ខ្ញុំ​ចង់ឱ្យ​សហគមន៍​របស់​យើង​ដឹងថា Plano នឹងមិន​អត់ឱន​ឱ្យ​ទង្វើ​គំរាមកំហែង ឬ​រំខាន​នានា​ជាដាច់ខាត» Bonser បញ្ជាក់។

ក្រុមមន្ត្រី​អប់រំ​របស់​សាលា​បានឱ្យដឹងថា ពួកគេ​កំពុងធ្វើការ​ជាមួយ «សិក្សា​នុ​សិស្ស​ដែល​ពាក់ព័ន្ធ រួម​នឹង​អាណាព្យាបាល​របស់​ពួកគេ​ផងដែរ» ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

មេធាវី Cole តំណាងឱ្យ​គ្រួសារ SeMarion បានឱ្យដឹងថា គ្រួសារ​ជនរងគ្រោះ​មានបំណង​ប្ដឹង​ពីបទ​ព្រហ្មទណ្ឌ​ចំពោះ​សិស្ស​ទាំងឡាយ​ដែល​បាន​ប្រើ​អំពើហិង្សា​មកលើ SeMarion។

«នេះ​មិនមែនជា​ទោស​ស្រាល​នោះទេ តែ​វា​មាន​លក្ខណ​ធ្ងន់ធ្ងរ។ ដែល​ហៅ​វា​ថា​ជា​សកម្មភាព​សម្លុត​គំរាម​គឺ​គ្រាន់តែ​ដើម្បី​កាត់បន្ថយ​ទម្ងន់ទោស​នៃ​អំពើហិង្សា​នេះ​តែប៉ុណ្ណោះ»៕

ប្រភព៖ Daily Mail
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *