Skip to content

Meghan Markle ភរិយា​របស់​អតីត​ព្រះ​អង្គ​ម្ចាស់​អង់គ្លេស ​បាន​ធ្វើឱ្យ​​ពិភព​លោក​នាំគ្នា​ពិចារណា​អំពី​បញ្ហា​ពលរដ្ឋ​ត្រូវ​បង់ពន្ធ​ដើម្បី​ចិញ្ចឹម​រាជវង្ស

ជាមួយនឹង​ប្រជាជន​សរុប​ចំនួន 66.8 លាន​នាក់ ជា​មធ្យម ពលរដ្ឋ​អង់គ្លេស​ម្នាក់​ត្រូវ​បង់ពន្ធ​ចំនួន 1.28 ផោន ដើម្បី​ចិញ្ចឹម​មហាក្សត្រី និង​រាជវង្សានុវង្ស​នៃ​ចក្រភព​អង់គ្លេស។

កិច្ច​សម្ភាស​របស់​អតីត​ព្រះ​នាង Meghan Markle ដែលជា​ភរិយា​របស់​អតីត​ព្រះអង្គម្ចាស់ Harry (Henry Charles Albert David) នៃ​រាជវង្ស​អង់គ្លេស បាន​វាយប្រហារចំៗទៅលើ​រាជវាំង បើទោះជា​ប្រជាជន​ប្រទេស​នេះ មាន​ទម្លាប់​គោរព​រាជវង្សានុវង្ស។

ក្រោយពី​កិច្ច​សម្ភាស​ខាងលើ ក្រុមហ៊ុន YouGov ក៏បាន​ធ្វើ​ការស្ទង់មតិ​មួយ ហើយ​លទ្ធផល​បាន​បង្ហាញថា ពលរដ្ឋ​ប្រមាណ 40% មានការ​អាណិត​ដល់​រាជវង្ស និង​មហាក្សត្រី​អង់គ្លេស Elizabeth II (Elizabeth Alexandra Mary Windsor) ដោយ​ចាត់ទុកថា ត្រូវបាន​គេ «លាប​ពណ៌» នៅលើ​កញ្ចក់​ទូរទស្សន៍ ខណៈដែល 24% សំដែង​ការ​អាសូរ​ចំពោះ​គ្រួសារ Meghan ព្រោះតែ​បញ្ហា​ដែល​ពួកគេ​បាន​ឆ្លងកាត់។ ចំណែក មតិ​ចំនួន 24% ទៀត មិន​ចូលចិត្ត​ភាគី​ខាង​ណា​ទាំងអស់។

តាម​ការពិត ពលរដ្ឋ​អង់គ្លេស​បាន​ជជែក​គ្នា​ជាច្រើន​អំពី​ខ្ទង់​ថវិកាជាតិ​ដែល​ត្រូវបាន​ចំណាយ​ទៅលើ​រាជវង្ស។ បើទោះជា​កិត្តិនាម​ដ៏​ល្បីល្បាញ​របស់​មហាក្សត្រី និង​រាជវង្សានុវង្ស​អង់គ្លេស ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​ក៏ដោយ ប៉ុន្តែ សមាជិក​រាជវង្ស​ក៏ត្រូវ​ការ​ខ្ទង់​ប្រាក់​ជំនួយ​សម្រាប់​ជីវភាព​លំដាប់​ថ្លៃថ្នូរ​ផងដែរ។

កិច្ច​សម្ភាស​ខាង​លើ​ មាន​អ្នក​តាម​ដាន​រាប់​សិប​លាន​នាក់

យោងតាម​ច្បាប់ រាជវង្ស​អង់គ្លេស មាន​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រាជវាំង ឬ​ហៅថា «Crown Estate» រួមមាន​ដីធ្លី រាជវាំង ឬ​កសិដ្ឋាន។ វិមាន Buckingham, Windsor ជាដើម សុទ្ធតែជា​កម្មសិទ្ធិ​រប​ស់រាជ​វាំង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ។ ក្រៅពីនេះ ថវិកាជាតិ​ក៏ត្រូវ​បាន​ទុក​មួយ​ខ្ទង់​សម្រាប់​ជា​ជំនួយ​ដល់​រាជវង្ស ដែល​នេះ​ត្រូវបាន​គេ​ហៅថា «Sovereign Grant»។

ខ្ទង់​ថវិកា​ខាងលើ ត្រូវបាន​គេ​ចែង​យ៉ាងច្បាស់​ថា ដើម្បី​ជួយ​ដល់​មហាក្សត្រី រួម​នឹង​សមាជិក​រាជវង្ស សម្រាប់​បំពេញ​កិច្ចការ​ដែលជា​ភារកិច្ច​របស់​មេដឹកនាំ​កិត្តិយស មានដូចជា ការទទួល​ជួប​មេដឹកនាំ​បរទេស ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស សកម្មភាព​មនុស្សធម៌។ល។

ផ្ទុយ​មកវិញ ប្រភព​ចំណូល​នៃ​វិមាន​នានា​របស់​រាជវាំង​អង់គ្លេស នឹងត្រូវ​ប្រគល់​មកឱ្យ​រដ្ឋ ដែល​នេះ​ប្រៀបបាន​ដូចជា​ការ «ដោះដូរ» គ្នា។

កិច្ចសម្ភាសរបស់អតីតព្រះនាង Meghan Markle និង​អតីតព្រះអង្គម្ចាស់ Harry ជាមួយ​នឹង​ទូរទស្សន៍​ CBS កាល​ពី​ពេល​ថ្មី​ៗ​នេះ​

របាយការណ៍​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​បង្ហាញថា ប្រាក់ចំណូល​ដែល​រាជវាំង​រកបាន​ក្នុង​ឆ្នាំសារពើពន្ធ 2018-2019 ឡើងដល់ 343.5 លាន​ផោន (476.5 លាន​ដុល្លារ​អាមេរិក)។ ចំណែក​ខ្ទង់​ជំនួយ​របស់​រដ្ឋាភិបាល​សម្រាប់​រាជវាំង​ក្នុង​ឆ្នាំ 2020-2021 មាន​ត្រឹមតែ 85.9 លាន​ផោន​ប៉ុណ្ណោះ ពោលគឺ​ស្មើនឹង 25% បើ​ធៀប​នឹង​ចំណូល​ដែល​រាជវាំង។

ដូច្នេះ ជាមួយនឹង​ប្រជាជន 66.8 លាន​នាក់ ជា​មធ្យម ពលរដ្ឋ​អង់គ្លេស​ម្នាក់​នឹងត្រូវ​បង់ 1.28 ផោន (ប្រហែល​ជិត 2 ដុល្លារ​អាមេរិក) ដើម្បី​ចិញ្ចឹម​រាជវង្សានុវង្ស​អង់គ្លេស៕

ប្រភព​៖ NYT, ABC News
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *