Skip to content

លិច​កប៉ាល់​នៅ​សមុទ្រ​ទុយ​នេ​ស៊ី នាំឱ្យ​មនុស្ស​យ៉ាងតិច 39នាក់​បាន​ស្លាប់

យោងតាម​ក្រសួងការពារជាតិ​ទុយ​នេ​ស៊ី (Tunisia) កាលពី​ថ្ងៃទី 9 មីនា​កន្លងទៅ មាន​ជន​ចំណាកស្រុក​យ៉ាងហោច 39 នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​ករណី​លិច​កប៉ាល់​នៅលើ​លម្ហ​សមុទ្រ​របស់​ប្រទេស​ទុយ​នេ​ស៊ី ក្នុងពេល​កំពុង​ព្យាយាម​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដើម្បី​ទៅកាន់​កោះ Lampedusa របស់​អ៊ីតាលី។

អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​ទុយ​នេ​ស៊ី បានឱ្យដឹងថា ឆ្មាំ​ការពារ​ឆ្នេរសមុទ្រ​ប្រទេស​នេះ សង្គ្រោះ​ជីវិត​មនុស្ស​បាន 165 នាក់​ដែល​ធ្វើដំណើរ​តាម​កប៉ាល់​ខាងលើ ហើយ​បច្ចុប្បន្នកំពុង​ស្វែងរក​ជនរងគ្រោះ​ផ្សេងទៀត​នៅ​លម្ហ​សមុទ្រ​នៃ​ទីក្រុង Sfax។ ពលរដ្ឋ​ចំណាកស្រុក​ដែល​បាន​ស្លាប់​ខាងលើ សុទ្ធតែជា​អ្នក​មកពី​ភាគខាងត្បូង​នៃ​សមុទ្រ​ខ្សាច់ Sahara នៅ​អាហ្វ្រិក។

តំបន់ឆ្នេរ​សមុទ្រ​ក្បែរ​កំពង់ផែ​នៃ​ទីក្រុង Sfax របស់​ទុយ​នេ​ស៊ី កន្លងមកនេះ​គឺជា​កន្លែង​ចេញដំណើរ​របស់​ក្រុម​អ្នក​ចំណាកស្រុក​ដែល​ភៀសខ្លួន​ពី​សង្គ្រាម និង​គ្រោះ​ទុរភិក្ស​នៅ​តំបន់​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ស្វែងរក​ជីវភាព​ល្អប្រសើរ​នៅ​អឺរ៉ុប។

ក្នុង​ឆ្នាំ 2019 ជនភៀសខ្លួន​ប្រមាណ 90 នាក់​មកពី​អាហ្វ្រិក បាន​បាត់​បង់ជីវិត​នៅពេល​កប៉ាល់​របស់​ពួកគេ​បាន​ក្រឡាប់​នៅលើ​សមុទ្រ​ទុយ​នេ​ស៊ី ក្រោយពី​បានចេញ​ដំណើរ​ពី​ប្រទេស​លី​ប៊ី ដើម្បី​ទៅកាន់​អឺរ៉ុប។ តួលេខ​ជនភៀសខ្លួន​ពី​ទុយ​នេ​ស៊ី ទៅកាន់​ឆ្នេរសមុទ្រ​របស់​អ៊ីតាលី បាន​កើន​ឡើងដល់​ជាង 13,000 នាក់ ក្នុង​ឆ្នាំ 2020៕

ប្រភព​៖ Guardian
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *