Skip to content

ប៉ូលិស​មី​យ៉ាន​ម៉ា ដកថយ​ពី​តំបន់​ឡោមព័ទ្ធ​បាតុករ ក្រោយពី​ចាប់​មនុ​ស្សបាន 50នាក់

ក្រុមប៉ូលិស​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) បាន​ដកខ្លួន​ចេញពី​តំបន់​ដែល​ពួកគេ​បាន​ឡោម​ព័ទ្ធចាប់​បាតុករ​នៅ​កណ្ដាល​ទីក្រុង Yangon ជា​កន្លែង​ដែល​បាតុករ​រាប់រយ​នាក់​បាន​ជាប់គាំង​នៅពេល​យប់ បន្ទាប់ពី​កា​រប​ង្រា​ម និង​ចាប់ខ្លួន​ពី​សំណាក់​រដ្ឋអំណាច។

ក្រុម​សកម្មជន​ប្រជាធិបតេយ្យ ថ្ងៃនេះ​បានឱ្យដឹងថា បាតុករ​អាច​ចាក​ចេញពី​តំបន់​ប្រជុំជន​នៅក្នុង​សង្កាត់ San Chaung នាទី​ក្រុង Yangon ក្រោយពី​ត្រូវបាន​ប៉ូលិស​ឡោមព័ទ្ធ និង​តាម​ចាប់ខ្លួន​ពេញ​មួយ​យប់។ បាតុករ​ម្នាក់​ឈ្មោះ Shar Ya Mone បាន​និយាយថា នាង​បាន​ជាប់​នៅក្នុង​អគារ​មួយ​ដែលមាន​មនុស្ស ប្រហែល​ពី 15-20 នាក់ ប៉ុន្តែ​ពេលនេះ​អាច​ត្រលប់​ទៅផ្ទះ​បាន​ហើយ។

កងកម្លាំង​សន្តិសុខ​មី​យ៉ាន​ម៉ា តាំងពី​ព្រលប់​ថ្ងៃទី 8 មីនា បាន​ឡោមព័ទ្ធ​តំបន់​ប្រជុំជន​ខាងលើ​ដើម្បី​តាម​ចាប់ខ្លួន​បាតុករ​ដែល​ស្នើឱ្យ​ដោះលែង​លោកស្រី Aung San Suu Kyi។ ពេលយប់​ចូលមក​ដល់ ក្រុមប៉ូលិស​ចាប់ផ្ដើម​សម្រុកចូល​គាស់​ទ្វារផ្ទះ​ពលរដ្ឋ​ដើម្បី​ឆែកឆេរ​រក​បាតុករ​ដែល​ពួកគេ​សង្ស័យថា​កំពុង​លាក់ខ្លួន។

សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា យ៉ាងហោច​មាន​មនុស្ស​ចំនួន 50 នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​មិនមាន​ដីកា​តុលាការ នៅក្នុង​យប់​ថ្ងៃទី 8 មីនា និង​រំលងអធ្រាត្រ​ចូល​ថ្ងៃទី 9 មីនា។

មី​យ៉ាន​ម៉ា បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ក្រោយពី​កងទ័ព​ប្រទេស​នេះ​បានធ្វើ​រដ្ឋប្រហារ និង​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​កាលពី​ថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ បាតុកម្ម​ដែល​បាន​កើតឡើង​រយៈពេល​ជាង 1 ខែ​មកនេះ​គឺ​ដើម្បី​ស្នើឱ្យ​ដោះលែង​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ស្នើឱ្យ​មានការ​គោរព​លទ្ធ​ផល​នៃ​ការបោះឆ្នោត​​កាលពី​ខែ​វិច្ឆិកា​ 2020 ដែល​កងទ័ព​ចោទថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត៕

ប្រភព៖ Al Jazeera
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *