Skip to content

ប៉ូលិស​មី​យ៉ាន​ម៉ា ឡោមព័ទ្ធ​ក្រុមបាតុករ​ទាំងយប់៖ មនុស្ស 3នាក់​ត្រូវបាន​បាញ់សម្លាប់

ក្រុម​សន្តិសុខ​នៃ​របប​សឹក​មី​យ៉ាន​ម៉ា បាន​ឡោមព័ទ្ធ​បាតុករ​រាប់រយ​នាក់​ដែល​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ទីក្រុង Yangon និង​បាន​គំរាម​ដល់​ពលរដ្ឋ​ណា​ដែល​លាក់​បំពួន​បាតុករ។

សកម្មភាព​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី 8 មីនា ឆ្នាំ 2021 នៅក្នុង​សង្កាត់ Sanchuang នៃ​ទីក្រុង Yangon។ Stephane Dujarric អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា អគ្គលេខាធិការ Antonio Guterres បាន​អំពាវនាវ​ឱ្យ «អត់ធ្មត់​ជា​អតិបរមា និង​ដោះលែង​គ្រប់គ្នា​ដោយ​សុវត្ថិភាព»។ ការិយាល័យ​អង្គការសហប្រជាជាតិ​នៅ​មី​យ៉ាន​ម៉ា រួម​នឹង​ស្ថានទូត​អាមេរិក និង​អង់គ្លេស ក៏បាន​ស្នើឱ្យ​ប៉ូលិស​ទុក​ផ្លូវ​ឱ្យ​បាតុករ​ចាកចេញ។

ក៏ប៉ុន្តែ ពុំមាន​សញ្ញា​ណាមួយ​បង្ហាញថា ប៉ូលិស​មី​យ៉ាន​ម៉ា​នឹង​បង្អង់​ដៃ​នោះទេ។ សារព័ត៌មាន​ក្នុងស្រុក និង​​ក្រុម​អ្នក​លេង​ Facebook បានឱ្យដឹងថា មនុស្ស​ចំនួន 20 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​សង្កាត់ Sanchuang បន្ទាប់ពី​ក្រុមប៉ូលិស​បាន​ឆែកឆេរ​ផ្ទះ​របស់​ពលរដ្ឋ។

នៅ​តំបន់ផ្សេងៗក្នុង​ទីក្រុង Yangon មនុស្ស​រាប់ពាន់នាក់​បាន​ចេញ​ធ្វើបាតុកម្ម និង​ស្នើឱ្យ​ដោះលែង​បាតុករ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន។ ប៉ូលិស​បាន​ផ្ទុះអាវុធ និង​បាញ់​គ្រាប់បែក​សម្ល​ត់​ស្មារតី ដើម្បី​បំបែកហ្វូង​បាតុករ។

អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន​ម៉ា មិនទាន់​ធ្វើការ​អធិប្បាយ​អ្វី​អំពី​ហេតុការណ៍​ខាងលើ​នៅឡើយ។

សារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃទី 8 មីនា បានឱ្យដឹងថា បាតុករ 3 នាក់ ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​បាតុកម្ម​នៅ​ភាគ​ខាងជើង​ប្រទេស និង​តំបន់​វាលរាប​ទន្លេ Irrawaddy។ យោងតាម​អង្គការសហប្រជាជាតិ សកម្មភាព​របស់​ប៉ូលិស និង​កងទ័ព​មី​យ៉ាន​ម៉ា បាន​បណ្ដាលឱ្យ​មនុស្ស​ជាង 50 នាក់ ត្រូវ​បាត់បង់​ជីវិត រាប់​ចាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​កើតឡើង។

មី​យ៉ាន​ម៉ា បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ក្រោយពី​កងទ័ព​ប្រទេស​នេះ​បានធ្វើ​រដ្ឋប្រហារ និង​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​កាលពី​ថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ បាតុកម្ម​ដែល​បាន​កើតឡើង​រយៈពេល​ជាង 1 ខែ​មកនេះ​គឺ​ដើម្បី​ស្នើឱ្យ​ដោះលែង​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ស្នើឱ្យ​មានការ​គោរព​លទ្ធ​ផល​នៃ​ការបោះឆ្នោត​​កាល​ពី​​ខែ​វិច្ឆិកា​ 2020 ​ដែល​កងទ័ព​ចោទថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *