Skip to content

ទិដ្ឋភាព​បាតុកម្ម​នៅ​មី​យ៉ាន​ម៉ា ពេល​មើល​ពីលើ​មេឃ

បណ្ដា​រូបថត​ពី​ផ្កាយរណប​បង្ហាញថា បាតុកម្ម​ប្រឆាំង​កងទ័ព​នៅ​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) នៅតែ​មិនទាន់​ចុះខ្សោយ​នៅឡើយ ក្រោយ​រដ្ឋប្រហារ​យោធា​ជាង​មួយខែ​មកនេះ។

(រូប​ភាព​ខាងលើ)-បាតុករ​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃទី 4 មីនា នៅ​ឧទ្យាន City Park នាទី​ក្រុង Mandalay ដើម្បី​ប្រឆាំងនឹង​កងទ័ព និង​ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ Kyal Sin អាយុ 19 ឆ្នាំ ដែល​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​មុន​នោះ​មួយថ្ងៃ នៅពេល​កំពុង​ចូលរួម​ធ្វើបាតុកម្ម​នៅ Mandalay។

អក្សរ​ពីរ​បន្ទាត់​ដែល​សរសេរថា «ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា» និង «ដោះលែង​មេដឹកនាំ​របស់​យើង» ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ពី​ផ្កាយរណប​ដែល​បាន​ថត​ដងផ្លូវ​ក្នុង​ទីក្រុង Mandalay កាលពី​ថ្ងៃទី 4 មីនា។

រូបភាព​ពី​ផ្កាយរណប​ដែល​ហ្ស៊ូ​ម​ឆ្ងាយ​ជាង​រូប​ខាងលើ​បន្តិច នៅតែ​អាច​មើលឃើញ​អក្សរ​ពីរ​បន្ទាត់​យ៉ាងច្បាស់។

អក្សរ​មួយ​បន្ទាត់​ពណ៌​ស «សង្គ្រោះ​មី​យ៉ាន​ម៉ា​ផង» (ផ្នែក​លើ​គេ និង​នៅ​ចំ​កណ្ដាល) ត្រូវបាន​សរសេរ​នៅលើ​ឆ្នេរ​ខ្សាច់​តាម​បណ្ដោយ​ទន្លេ Irrawaddy នៅ Mandalay កាលពី​ថ្ងៃទី 4 មីនា។

«ដោះលែង​ក្រុម​មេដឹកនាំ​របស់​យើងខ្ញុំ» គឺជា​ឃ្លា​ដែល​ត្រូវបាន​ក្រុមបាតុករ​បាញ់ថ្នាំ​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង Yangon កាលពី​ខែកុម្ភៈ។

រូបភាព​ពី​ផ្កាយរណប​ដែល​បានមកពី​ក្រុមហ៊ុន Maxar Technologies បង្ហាញថា មាន​ទាហាន​រាប់ពាន់នាក់ និង​រថយន្ត​ដឹក​ទាហាន​ជិត 400 គ្រឿង ត្រូវបាន​ដាក់ពង្រាយ​នៅក្បែរ​មូលដ្ឋានទ័ព​នៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី​ណៃ​ពិដោ កាលពី​ថ្ងៃទី 4 មីនា។

កងទ័ព​មី​យ៉ាន​ម៉ា នៅតែ​បន្ត​ដាក់ពង្រាយ​ទាហាន​ទៅកាន់​ទីក្រុងធំៗរបស់​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ។ ក្រុមបាតុករ​មី​យ៉ាន​ម៉ា ក៏​នៅតែ​ប្ដេជ្ញាចិត្ត ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលយោធា​ដដែល បើទោះជា​មាន​បាតុករ​ជាច្រើន​សិប​នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់។

ក្រុមបាតុករ​បាន និង​កំពុង​អំពាវនាវ​ឱ្យ​កងទ័ព​ដោះលែង​ទីប្រឹក្សា​រដ្ឋ លោក Aung San Suu Kyi និង​ស្ដារ​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វី​ញ៕

ប្រភព៖ AFP/ Reuters/ AP
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *