Skip to content

មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ព្រោះ​រលក​យក្ស ក្រោយ​មាន​គ្រោះ​រញ្ជួយ​ដី​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

មនុស្ស​រាប់ម៉ឺន​នាក់​រស់នៅ​ក្បែរ​ឆ្នេរសមុទ្រ ត្រូវ​ជម្លៀស​ខ្លួន ក្រោយពី​គ្រោះ​រញ្ជួយ​ដី​ធ្វើឱ្យមាន​រលក​យក្ស​កើតឡើង​នៅ​ប្រទេស​មួយចំនួន​ដែលមាន​ទីតាំង​ជាប់​នឹង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក។

វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា រលក​យក្ស​បង្ហាញខ្លួន​នៅ​ឈូង​សមុទ្រ Tokomaru ភាគ​ខាងជើង​នៃ​ទីក្រុង Gisborne ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ នា​ថ្ងៃនេះ។ ឈី​លី ក៏បាន​ឱ្យដឹងថា ប្រទេស​នេះ​ទំនងជា​បានកើត​មាន​រលក​យក្ស​តូច​មួយចំនួន។

យោងតាម​មជ្ឈមណ្ឌល​ព្រមាន​អំពី​រលក​យក្ស​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក រលក​យក្សតូចៗមួយចំនួន​ក៏បាន​កើត​មាននៅ​ប្រទេស​តុង​ហ្គោ។ រលក​យក្សតូចៗ ត្រូវបាន​ព្យាករ​ថា​អាច​នឹង​ទៅដល់​ប្រទេស​ជប៉ុន រុស្ស៊ី ម៉ិ​ក​ស៊ិ​ក និង​ឆ្នេរសមុទ្រ​នៅ​អាមេរិក​ខាងត្បូង​ផងដែរ។

មនុស្ស​រាប់ម៉ឺន​នាក់​នៅលើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​កោះ North Island នៃ​ប្រទេស នូ​វែ​ល​ហ្សេ​ឡង់ បាន​ជម្លៀស​ខ្លួន​ទៅកាន់​តំបន់​ទួល ក្រោយពី​រញ្ជួយ​ដី​ទី​បី​កើតមាន​ក្នុង​តំបន់​ក្នុងអំឡុង​មិន​ដល់ 8 ម៉ោង។ ក្រុមកម្មករ និស្សិត និង​ពលរដ្ឋ​រស់នៅក្នុង​តំបន់ Northland និង Bay of Plenty ទទួលបាន​ជំនួយ​ពី​ក្រុម​សមត្ថកិច្ច​បន្ទាប់ពី​មានការ​ព្រមាន​ថា រលក​យក្ស​អាចមាន​កម្ពស់​ខ្ពស់ជាង 3 ម៉ែត្រ បើ​ធៀប​នឹង​ផ្ទៃ​ទឹកជោរ។

ពលរដ្ឋ​ម្នា​ក់នៅ​ទីក្រុង Auckland ប្រទេស​នូ​វែ​ល​ហ្សែ​ឡង់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញថា ផ្ទៃ​ទឹកសមុទ្រ​ប្រែក្លាយជា​ស្រក​ខ្លាំង​នៅ​កំពង់ផែ Kaipara។ Rachel Cunlife ប្រាប់ថា «ខ្ញុំ​មិនដែល​បានឃើញ​ដី​លេចឡើង​ខ្ពស់​យ៉ាង​ដូច្នេះ​ទេ នៅ​កំពង់ផែ Kaipara»។

គ្រោះ​រញ្ជួយ​ដី​ថ្មី​ដែលមាន​កម្លាំង 8.1 រិច​ទ័​រ​នៅ​ប្រជុំ​កោះ Kermadec ភាគ​ឦសាន​របស់​ប្រទេស​នូ​វែ​ល​ហ្សែ​ឡង់​នេះ បាន​កើតឡើង​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្លាំង 7.4 រិច​ទ័​រ​បាន​កើតមាន​ក្នុង​តំបន់​ដដែល​នេះ។ មុន​នោះ គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំង 7.2 រិច​ទ័​រ ក៏​ត្រូវបាន​រាយការណ៍​ថា បាន​កើតឡើង​ក្នុង​តំបន់​មួយ​ដែលមាន​ចម្ងាយ​ពី Northland ប្រហែល 900 គីឡូម៉ែត្រ ទៅ​ទិសខាងកើត។

សំឡេង​ព្រមាន​បាន​លាន់​កងរំពង​ពាសពេញ​តំបន់ Noumea ដែលជា​ទីក្រុង​ធំ​នៃ​ទឹកដី New Caledonia របស់​បារាំង នៅពេល​ក្រុមមន្ត្រី​បានចេញ​បញ្ជា​ឱ្យ​ពលរដ្ឋ​ជម្លៀស​ខ្លួន ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​រលក​យក្ស​ដែល​កំពុង​តម្រង់​មកកាន់​ទីនេះ។

នៅ​ម៉ោង​ប្រហែល 13:30 នាទី (ម៉ោង 7:30 នាទី​នៅ​ភ្នំពេញ) ក្រុមមន្ត្រី​របស់​នូ​វែ​ល​ហ្សេ​ឡង់ បាន​ដក​បទបញ្ជា​ជម្លៀស​ខ្លួន​ខាងលើ ដោយសារតែ​ហានិភ័យ​នៃ​ការកើតមាន​រលក​យក្ស​បាន​កន្លងផុត​ទៅហើយ។ បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​អំពី​ករណី​ស្លាប់ ឬ​រងរបួស​នៅឡើយ៕

ប្រភព៖ AFP, Reuters, Guardian
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *