Skip to content

ប្រជាជន​មី​យ៉ាន​ម៉ា​បន្តធ្វើ​បាតុកម្ម ក្រោយ​មាន​បាតុករ 38នាក់ ត្រូវបាន​បាញ់សម្លាប់​កាលពី​ម្សិលមិញ

ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា បានប្រកាសថា នឹង​បន្តធ្វើ​បាតុកម្ម​ជាច្រើន​ទៀត ក្រោយពី​មាន​បាតុករ​ចំនួន 38 នាក់ ត្រូវបាន​បាញ់សម្លាប់​ដោយ​ក្រុមប៉ូលិស​កាលពី​ម្សិលមិញ។

«យើង​ដឹងថា អាច​ត្រូវបាន​បាញ់សម្លាប់​ដោយ​គ្រាប់កាំភ្លើង​ពិត ប៉ុន្តែ ក៏​គ្មាន​ន័យ​អ្វី​ដែរ បើសិនជា​រស់នៅ​ក្រោមរ​បប​យោធា ដូច្នេះហើយ​ទើប​យើង​ជ្រើសរើស​វិធី​គ្រោះថ្នាក់​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា» បាតុករ​ម្នាក់​ឈ្មោះថា Maung Saungkha បាន​និយាយ​នៅថ្ងៃនេះ។ បាតុករ​រូបនេះ​បន្តថា ៖ «យើង​នឹង​ប្រយុទ្ធ​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើបាន។ គោលដៅ​ចុងក្រោយ​របស់​យើង​គឺ​លុបបំបាត់​របប​នេះ»។

Maung Saungkha ប្រាប់ថា គណៈកម្មការ​មហា​កូដកម្ម​ជនជាតិ​របស់លោក មាន​គម្រោង​ធ្វើបាតុកម្ម​ធំ​មួយទៀត​នៅ​ថ្ងៃទី 4 មីនា​នេះ។

សារ​នៅលើ​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ដោយ​ក្រុមបាតុករ​ផ្សេងទៀត​ក៏បាន​ឱ្យដឹងថា យ៉ាងហោចណាស់​មាន​បាតុកម្ម​ចំនួន​ពីរ​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ទីក្រុង Yangon។

ការប្រកាស​ខាងលើនេះ​បានកើត​ឡើង​បន្ទាប់ពី​រដ្ឋទូត​របស់​អង្គការសហប្រជាជាតិ​ស្ដីអំពី​បញ្ហា​មី​យ៉ាន​ម៉ា លោកស្រី Christine Schraner Burgener បាន​ហៅ​ថ្ងៃទី 3 មីនា​ថា​ជា «ថ្ងៃ​បង្ហូរឈាម​បំផុត» រាប់​ចាប់​ពីថ្ងៃ​រដ្ឋប្រហារ ដោយមាន​បាតុករ​ចំនួន 38 នាក់ ត្រូវបាន​សម្លាប់ នាំឱ្យ​តួលេខ​អ្នកស្លាប់​ក្នុងការ​ប​ង្រា​ប​របស់​រដ្ឋាភិបាលយោធា​ភូមា កើន​ដល់​ជាង 50 នាក់។ លោកស្រី Schraner Burgener បានឱ្យដឹងថា លោកស្រី​បាន​ព្រមាន​ដល់​អគ្គ​មេបញ្ជាការរង​កងទ័ព​មី​យ៉ាន​ម៉ា Soe Win ថា កងទ័ព​ប្រទេស​នេះ​អាច​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ទន្ទឹមនឹង​ការដាក់​ឱ្យនៅ​ឯកោ។

«ចម្លើយ​គឺថា៖ «យើង​បាន​ស៊ាំ​នឹង​ទណ្ឌកម្ម ហើយ​យើង​នៅតែ​ជំនះបាន» លោកស្រី Schraner Burgener រៀបរាប់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អំពី​ការឆ្លើយតប​របស់​អគ្គ​មេបញ្ជាការរង​កងទ័ព​ភូមា។ «ពេល​ខ្ញុំ​ព្រមាន​ថា ពួកគេ​នឹងត្រូវ​ដាក់ឱ្យ​នៅឯ​កោ ចម្លើយ​គឺថា «យើងខ្ញុំ​ត្រូវ​ស្វែងយល់​អំពី​ជំហាន​បន្ទាប់​ដោយមាន​មិត្ត​តែ​ប៉ុន្មាន​នាក់​ក៏បាន»។

សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា បាតុករ​រាប់រយ​នាក់​ត្រូវបាន​បាញ់ប្រហារ ខណៈ​ស្ថាប័ន​ជំនួយ​មួយ​បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​គឺមាន​កុមារ 4 នាក់។ ចំណែក​អ្នក​នាំពា​ក​ក្យ​របស់​ក្រុមប្រឹក្សា​យោធា​ដែល​កំពុង​កាន់អំណាច មិន​ឆ្លើយតប​នឹង​សំណួរ​ទាក់ទង​នឹង​បញ្ហា​បាតុករ​ត្រូវបាន​បាញ់សម្លាប់​នេះ​ទេ។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​ធា​តិ​នឹង​បើក​កិច្ចប្រជុំ​សម្ងាត់​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ាន​ម៉ា នៅ​ថ្ងៃទី 5 មីនា​ខាងមុខ។ សហភាព​អឺរ៉ុប​យល់ថា ការបាញ់ប្រហារ​លើ​ពល​រដ្ឋ​ដែល​មិនមាន​អាវុធ​គឺជា​អំពើ​ខុសច្បាប់​អន្តរជាតិ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *