Skip to content

មី​យ៉ាន​ម៉ា៖ បាតុករ 6នាក់​ទៀត​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ថ្ងៃនេះ

ក្នុងចំណោម​បាតុករ​ទាំង 6 នាក់​ដែល​បាន​បាត់​បង់ជីវិត មាន 4 នាក់​ត្រូវបាន​បាញ់សម្លាប់​នៅ​តំបន់ Sagaing ចំណែក 2 នាក់​ទៀត បាន​ស្លាប់​ក្នុង​ទីក្រុង Mandalay នេះ​បើតាម​ក្រុមគ្រូពេទ្យ​ដែល​បានឱ្យដឹង​នៅ​ថ្ងៃទី 3 មីនា​​នេះ។

«ក្រុម​របស់ខ្ញុំ​បាន​ចាត់ចែង​សាកសព និង​បាន​ទាក់ទង​ទៅកាន់​ក្រុមគ្រួសារ​សព» Myo Min Tun បុគ្គលិក​ជួយ​សង្គ្រោះ​បន្ទាន់​បាន​ប្រាប់​ដូច្នេះ។ ក្រុមគ្រូពេទ្យ​នៅ​តំបន់ Sagaing ក៏បាន​បញ្ជាក់​អំពី​ករណី​ស្លាប់​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវ​គ្រាប់​ពិត ឬ​គ្រាប់​កៅស៊ូ។

នៅ Mandalay ដែលជា​ទីក្រុង​ធំជាងគេ​ទី​ពីរ​របស់​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) និង​មាន​ចម្ងាយ​ពី Sagaing ប្រហែល 2 ម៉ោង​បើ​ធ្វើដំណើរ​តាម​ឡាន គ្រូពេទ្យ​ម្នាក់​បាន​ប្រាប់ថា មាន​បាតុករ 2 នាក់ ត្រូវបាន​កងសន្តិសុខ​បាញ់សម្លាប់។ «Myo Naing Lin ត្រូវ​បាញ់​ចំ​ដើមទ្រូង ចំណែក Ma Kyay Sin ត្រូវ​គ្រាប់​ចំក្បាល»។

បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ជាច្រើន​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​នា​ថ្ងៃនេះ។ បាតុកម្ម​នៅ​កណ្ដាល​ទីក្រុង Myingyan បាន​ក្លាយជា​អំពើហិង្សា​នៅពេល​ក្រុមប៉ូលិស​បាន​ប៉ះទង្គិច​ជាមួយនឹង​ក្រុមបាតុករ​ដែល​ពាក់មួក​សុវត្ថិភាព​ការងារ និង​កាន់​ខែល​ការពារ​គ្រាប់​ដែល​ពួកគេ​បាន​ច្នៃ។

អង្គការ​ជំនួយ​អ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា មនុស្ស​ចំនួន​ជាង 1,200 នាក់ ត្រូវបាន​ចាប់ខ្លួន រាប់​ចាប់ពី​មាន​អំពើ​រដ្ឋប្រហារ ក្នុងនោះ​មាន​ជាង 900 នាក់ កំពុង​ជាប់ឃុំ ឬ​ប្រឈម​នឹង​ការកាត់ទោស។ ប៉ុន្តែ តួលេខ​ពិត​អាចមាន​ច្រើនជាង​នេះ។ សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ក្នុង​ថ្ងៃទី 28 កុម្ភៈ មនុស្ស​ជាង 1,300 នាក់ ត្រូវបាន​ចាប់ខ្លួន។ អ្នកយកព័ត៌មាន 34 នាក់​ត្រូវបាន​ជាប់ឃុំ ក្នុងនោះ​មាន 15 នាក់ ត្រូវបាន​ដោះលែង៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *