Skip to content

ប៉ូលិស​មី​យ៉ាន​ម៉ា​បន្ត​បាញ់​គ្រាប់​ពិត! បាតុករ​រងរបួស 2នាក់​ស្ថិតក្នុង​ស្ថាន​ភាព​​អាសន្ន​​ដល់​ជីវិត

ក្រុមប៉ូលិស​មី​យ៉ាន​ម៉ា (ភូមា) ត្រូវបាន​ចោទប្រកាន់ថា បាន​បន្ត​បាញ់ប្រហារ​ដោយ​គ្រាប់​ពិត​ដើម្បី​បំបែកហ្វូង​បាតុករ បណ្ដាលឱ្យ​មនុស្ស 2 នាក់​រងរបួស​ធ្ងន់ធ្ង​រ មួយថ្ងៃ​បន្ទាប់ពី​កងទ័ព​បានស្នើ​ឱ្យ​ឈប់​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត។

ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា ថ្ងៃនេះ​នៅតែ​បន្ត​ចេញ​ធ្វើបាតុកម្ម។ នៅ​ទីក្រុង Yangon ក្រុមបាតុករ​ពាក់មួក​សុវត្ថិភាព​ការងារ និង​ប្រដាប់​ដោយ​ខែល​ការពារ​ដែល​ពួកគេ​បាន​ច្នៃ និង​បាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​របង​បន្លា​លួស​នៅក្នុង​តំបន់ផ្សេងៗគ្នា។ ក្រុមបាតុករ​នាំគ្នា​ស្រែក​ហ៊ោ​ប្រឆាំង​រដ្ឋាភិបាលយោធា។

«បើសិនជា​យើង​ត្រូវបាន​ប​ង្រា​ប នឹង​មានការ​ផ្ទុះឡើង។ បើសិន​យើង​ត្រូវបាន​វាយប្រហារ យើង​នឹង​តបត» នេះ​គឺជា​ជ័យ​ឃោស​ន៍​របស់​ក្រុមបាតុករ។

មិនយូរប៉ុន្មាន ក្រុមប៉ូលិស​ក៏បាន​បង្ហាញខ្លួន បាញ់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក និង​គ្រាប់បែក​បង្ក​រន្ធត់​ស្មារតី (Stun grenade) ដើម្បី​បំបែកហ្វូង​បាតុករ​នៅក្នុង​តំបន់​ចំនួន 4 ផ្សេងៗគ្នា។ សកម្មជន​ម្នាក់ និង​អ្នកសារព័ត៌មាន​ម្នាក់​បានឱ្យដឹងថា ប៉ូលិស​នៅ​ទីរួមស្រុក Kale ភាគ​ពាយព្យ​ប្រទេស​ភូមា បាន​បាញ់ប្រហារ​ដោយ​គ្រាប់កាំភ្លើង​ពិត បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស។

វេជ្ជបណ្ឌិត​ម្នា​ក់នៅ Kale និយាយថា មាន 3 នាក់​រងរបួស​ធ្ងន់ ខណៈដែល​សកម្មជន​ម្នាក់​ឈ្មោះ War War Pyone បាន​ប្រាប់ថា៖ «មនុស្ស​មួយចំនួន​បាន​រងរបួស ក្នុងនោះ​មាន 2 នាក់​ស្ថិតក្នុង​ស្ថានភាព​អាសន្ន»។ ចំណែក​បុគ្គលិក​សង្គ្រោះ​ម្នាក់​ក៏បាន​អះអាងថា បាតុករ​ជាច្រើន​នាក់​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង​ពិត និង​គ្រាប់កាំភ្លើង​កៅស៊ូ។

ក្រុមមន្ត្រី​យោធា​នៃ​ប្រទេស​មី​យ៉ាន​ម៉ា និង​ក្រុមមន្ត្រី​ប្រចាំ​តំបន់​មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ករណី​ប៉ូលិស​បាញ់ប្រហារ​ដោយ​ប្រើ​គ្រាប់កាំភ្លើង​ពិត​នេះ​នៅឡើយ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *