រដ្ឋាភិបាលយោធាភូមា (មីយ៉ានម៉ា) បានស្នើឱ្យក្រុមប៉ូលិស ឈប់ប្រើគ្រាប់កាំភ្លើងពិតក្នុងការបង្រាបក្រុមបាតុករ ក្រោយពីត្រូវអន្តរជាតិថ្កោលទោសដោយសារតែបានប្រើអំពើហិង្សា និងបាញ់ប្រហារ បណ្ដាលឱ្យបាតុករជាច្រើននាក់បានបាត់បង់ជីវិត។
សេចក្ដីប្រកាសខាងលើនេះត្រូវបានលើកឡើងនៅក្នុងកម្មវិធីផ្សាយនៃស្ថានីយទូរទស្សនកងទ័ពកាលពីថ្ងៃទី 1 មីនា មួយថ្ងៃក្រោយកងសន្តិសុខបាញ់ប្រហារក្រុមបាតុករដោយប្រើប្រាស់គ្រាប់កាំភ្លើងពិត។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បាតុករយ៉ាងតិច 18 នាក់បានស្លាប់ និង 30 នាក់ត្រូវរងរបួសនៅក្នុងអំពើបាញ់ប្រហារនោះពីសំណាក់ប៉ូលិសភូមា។ កងទ័ពភូមាក៏បានឱ្យដឹងថា មនុស្សជាង 1,300 នាក់ ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មនានានៅទូទាំងប្រទេស។
តាមគម្រោង បាតុកម្មនឹងត្រូវបន្តធ្វើឡើងនៅថ្ងៃនេះ បន្ទាប់ពីតុលាការមីយ៉ានម៉ា បានប្រកាសអំពីការចោទប្រកាន់បន្ថែមចំនួន 2 ករណីទៀត ប្រឆាំងនឹងមេដឹកនាំ Aung San Suu Kyi ដែលត្រូវបានកងទ័ពធ្វើរដ្ឋប្រហារកាលពីថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ លោកស្រី Suu Kyi បានបង្ហាញខ្លួននៅតុលាការតាមរយៈវីដេអូ កាលពីថ្ងៃទី 1 មីនា និងត្រូវបានគេជឿថា នឹងត្រូវកងទ័ពបញ្ជូនទៅឃុំខ្លួនជាបន្តទៀតក្នុងរយៈពេលយូរ។
ករណីកងសន្តិសុខបាញ់ប្រហារសម្លាប់ក្រុមបាតុករនៅភូមា បាននាំឱ្យមានការប្រតិកម្មដោយការថ្កោលទោសយ៉ាងខ្លាំងក្លាពីអន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ សហភាពអឺរ៉ុប និងប្រទេសមួយចំនួននៅតំបនអាស៊ីអាគ្នេយ៍ផងដែរ៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា