Skip to content

លោកស្រី Suu Kyi បង្ហាញខ្លួន​នៅ​តុលាការ បន្ទាប់ពី​ត្រូវ​នាំ​ចេញពីផ្ទះ ទៅកាន់​ទីតាំង​អាថ៌កំបាំង

មេដឹកនាំ​បក្សសម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi បានបង្ហាញ​ខ្លួន​តាមរ​យៈ​វីដេអូ​នៅ​តុលាការ​ក្នុង​ទីក្រុង​ណៃ​ពី​ដោ នា​ថ្ងៃនេះ។

លោកស្រី កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន​ករណី ក្នុងនោះ​មានដូចជា ការ​នាំចូល​ឧបករណ៍​ទាក់ទង​ដោយ​ខុសច្បាប់ និង​រំលោភ​លើ​វិធានការ​បង្ការ​ការឆ្លង​វីរុស Covid-19 ជាដើម នេះ​បើតាម​ក្រុម​មេធាវី​របស់លោក។ សហគមន៍​អន្តរជាតិ​បាន​ហៅ​ការចោទប្រកាន់​ពី​សំណាក់​កងទ័ព​ថា​ជា​រឿង​គ្មាន​ន័យ និង​ដើម្បី​បង្វែរ​ចំណាប់អារម្មណ៍។

Khin Maung Zaw ដែលជា​មេធាវី​ម្នាក់​របស់លោក​ស្រី Suu Kyi និយាយថា លោកស្រី​មាន​សុខ​ភាពល្អ​នៅពេល​កំពុង​បង្ហាញខ្លួន​នៅ​តុលាការ។ ចំណែក​មេធាវី Min Min Soe និយាយថា លោកស្រី​ទំនងជា​បាន​ស្រក​ទម្ងន់ និង​បាន​ស្នើសុំ​ជួប​ក្រុមអ្នកច្បាប់​របស់លោក​ស្រី។

លោកស្រី Suu Kyi មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ចាប់តាំងពី​រដ្ឋប្រហារ​បា​ន​កើតឡើង និង​ត្រូវបាន​គេ​ជឿថា ត្រូវ​កងទ័ព​ឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់​លោកស្រី​នា​រដ្ឋធានី​ណៃ​ពី​ដោ។ ប្រភពព័ត៌មាន​មួយ​ពី​គណៈបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ (NLD) កាលពី​ថ្ងៃទី 26 កុម្ភៈ បានឱ្យដឹងថា លោកស្រី Suu Kyi ត្រូវ​ក្រុមប៉ូលិស​នាំខ្លួន​ចេញពីផ្ទះ ទៅកាន់​ទីតាំង​សម្ងាត់​មួយ​តាំងពី 6 ថ្ងៃមុន​មកម្ល៉េះ។

ក្នុង​គ្រា​ដែល​លោកស្រី Suu Kyi បង្ហាញខ្លួន​នៅ​តុលាការ ពលរដ្ឋ​នៅក្នុង​ទីក្រុងសំខាន់ៗជាច្រើន​នៃ​ប្រទេស​នេះ ក៏​នាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អំពើ​រដ្ឋប្រហារ​របស់​ក​ង​ទ័ព។ ចំណែក​ក្រុមប៉ូលិស និង​កងសន្តិសុខ រួម​នឹង​រថយន្ត​បាញ់​ទឹក រថពាសដែក​ទាំងឡាយ​របស់​មេដឹកនាំ​រដ្ឋប្រហា​រ លោក Min Aung Hlaing ក៏ត្រូវ​បានដាក់​ពង្រាយ ត្រៀម​បម្រាប​លើ​ក្រុមបាតុករ​ផងដែរ៕

ប្រភព​៖ RT
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *