Skip to content

ពលរដ្ឋ​មី​យ៉ាន​ម៉ាប​ន្ត​ចេញ​ធ្វើបាតុកម្ម ក្រោយ​មានការ​ប​ង្រា​ប​ដ៏​បង្ហូរឈាម​កាលពី​ម្សិលមិញ

ប្រជាជន​ភូមា បន្ត​នាំគ្នា​មកកាន់​ដងផ្លូវ​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​ជា​បន្តទៀត និង​ស្នើឱ្យ​ស្ដារ​ប្រជាធិបតេយ្យ បើទោះជា​មានការ​ប​ង្រា​ប​យ៉ាង​ខ្លាំងក្លា​ពី​ក្រុមប៉ូលិស​ដែល​គាំទ្រ​ដោយ​កងទ័ព​ប្រទេស​នេះ​កាលពី​ថ្ងៃទី 28 កុម្ភៈ ឆ្នាំ 2021។

ក្រុមប៉ូលិស​ប្រដាប់អាវុធ និង​រថយន្ត​បាញ់​ទឹក រួម​នឹង​រថពាសដែក​របស់​ក​ង​ទ័ព ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ទីតាំងសំខាន់ៗរបស់​ក្រុមបាតុករ​នៅ​ទីក្រុង Yangon នា​ថ្ងៃទី 1 មីនា​នេះ ខណៈដែល​ក្រុមបាតុករ​កំពុង​ហែ​ក្បួន​នៅក្នុង​ទីរួមស្រុក Kale ភាគ​ពាយព្យ​ប្រទេស​ភូមា។ ក្រុមបាតុករ​នាំគ្នា​លើក​រូបថត​របស់លោក​ស្រី Aung San Suu Kyi និង​ស្រែក​ជ័យ​ឃោស​ន៍ «ប្រជាធិបតេយ្យ ជា​យុត្តិធម៌​របស់​យើង»។

វីដេអូ​ដែល​បាន​ផ្សាយ​ផ្ទាល់​នៅលើ Facebook បង្ហាញថា បាតុករ​ជាច្រើន​នាក់​ដែល​ពាក់មួក​សុវត្ថិភាព​ការងារ បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទីប្រជុំជន​មួយ​នៅ Lashio ក្នុង​រដ្ឋ Shan និង​នាំគ្នា​ស្រែក​ជ័យ​ឃោស​ន៍​នៅពេល​ក្រុមប៉ូលិស​កំពុង​ឆ្ពោះ​មកកាន់​ពួកគេ។

មេដឹកនាំ​បាតុកម្ម Ei Thinzar Maung បាន​បង្ហោះ​សារ​នៅលើ Facebook ថា៖ «មួយខែ​បាន​កន្លងផុតទៅ ចាប់តាំងពី​មាន​រដ្ឋប្រហារ។ ពួកគេ​បាន​បង្ក្រាប​ពួកយើង​ដោយ​ការបាញ់រះ។ យើង​នឹង​ត្រលប់មក​នៅថ្ងៃនេះ»។

បាតុករ​មួយចំនួន​បាន​អំពាវនាវ​ឱ្យមាន​ការបំផ្លាញ​កាមេរ៉ា​តាមដាន​ដែល​អាជ្ញាធរ​កំពុង​ប្រើប្រាស់ និង​បាន​ចែករំលែក​អំពី​វិធី​ច្នៃ​ផ្សែង​បង្ហូរទឹកភ្នែក​នៅលើ​បណ្ដាញ​សង្គម​ផងដែរ។ សកម្មជន​ខ្លះ​បាន​ច្នៃ​ខែល​ការពារ​សម្រាប់​ក្រុមបាតុករ​ដើម្បី​អាច​ទប់ទល់​នឹង​កងក​ម្លាំ​ង​ប៉ូលិស និង​ទាហាន​ដែល​បំពាក់អាវុធ​គ្រប់​ដៃ។

តាម​ដងផ្លូវ​នៅ​ទីក្រុង Yangon បាតុករ​បាន​យក​រូបថត​របស់​មេដឹកនាំ​យោធា Min Aung Hlaing បិទ​ទៅលើ​ដី និង​មាន​សរសេរថា «អាម៉ាស់​ចំពោះ​លោក យើង​នឹងមិន​លើកលែងទោស​ឱ្យ​លោក​ឡើយ»។

បាតុកម្ម​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​រាយការណ៍​ថា យ៉ាងហោច​មាន​មនុស្ស 18 នាក់​បាន​ស្លាប់ និង 30 នាក់​រងរបួស ក្រោយ​កា​រប​ង្រា​ប​ពី​សំណាក់​ក្រុម​ប៉ុ​លិ​ស។

គណៈកម្មការ​មួយ​ដែល​តំណាងឱ្យ​ក្រុមតំណាងរាស្ត្រ​ជាប់ឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 បានឱ្យដឹងថា មនុស្ស​យ៉ាងតិច 26 នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង «ថ្ងៃ​បង្ហូរឈាម» 28 កុម្ភៈ។ គណៈ​កម្មនេះ​បញ្ជាក់ថា៖ «ការប្រើប្រាស់​កម្លាំង​អាវុធ​ហួសហេតុ និង​ទង្វើ​រំលោភច្បាប់​ផ្សេងទៀត​របស់​កងទ័ព កំពុង​ត្រូវបាន​លាតត្រដាង ហើយ​ពួកគេ​នឹងត្រូវ​ទទួលខុសត្រូវ»។

ភាគី​កងទ័ព​មី​យ៉ាន​ម៉ា មិនទាន់​អធិប្បាយ​អ្វី​អំពី​ការប្រើប្រាស់​ហិង្សា​របស់ខ្លួន ក្នុង​គ្រា​ដែល​ក្រុមប៉ូលិស និង​អ្នកនាំពាក្យ​របស់​កងទ័ព​បាន​បដិសេធ​ការឆ្លើយ​នឹង​សំណួរ​ទាក់ទង។

សមាគមន៍​ជំនួយ​អ្នកទោសនយោបាយ បានឱ្យដឹងថា យ៉ាងហោច​មាន​មនុស្ស 270 នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី 28 កុម្ភៈ នាំឱ្យ​តួលេខ​សរុប​នៃ​ក្រុមមនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់ ឬ​កាត់ទោស រាប់​ចាប់ពី​អំពើ​រដ្ឋប្រហារ​បានកើត​ឡើង។ សាក្សី​ជាច្រើន​បានឱ្យដឹងថា បាតុករ​ជាច្រើន​នាក់​ត្រូវ​ក្រុមប៉ូលិស​វាយតប់ មុនពេល​ត្រូវបាន​ចាប់ខ្លួន​យកទៅ​បាត់៕

ប្រភព​៖ RT
ប្រែសម្រួល​៖ បុត្រា​

Leave a Reply

Your email address will not be published. Required fields are marked *