Skip to content

ថ្ងៃចុងខែកុម្ភៈ ជាថ្ងៃបង្ហូរឈាមបំផុតក្នុងអំឡុងមួយខែនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារនៅមីយ៉ានម៉ា

ថ្ងៃទី 28 កុម្ភៈ ឆ្នាំ 2021 ជា​ថ្ងៃ​ដ៏​សោកសៅ​បំផុត​របស់​ចលនា​ប្រឆាំង​រដ្ឋប្រហារ​នៅ​ភូមា (មី​យ៉ាន​ម៉ា) ដោយសារតែ​ក្រុមបាតុករ​ត្រូវបាន​ក្រុមប៉ូលិស​បាញ់​ប​ង្រា​ប​យ៉ាង​ចាស់ដៃ​ជាទីបំផុត។

កងកម្លាំង​សន្តិសុខ​ដែលមាន​ការគាំទ្រ​ពី​កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 28 កុម្ភៈ 2021 បាន​បាញ់រះ​លើ​ហ្វូង​បាតុករ​អហិ​ស្សា​នៅ​ទីក្រុង​មួយចំនួន​នៃ​ប្រទេស​នេះ បណ្ដាលឱ្យមាន​មនុស្ស​យ៉ាងតិច 18 នាក់ បាន​បាត់​បង់ជីវិត នេះ​បើតាម​អង្គការសហប្រជាជាតិ។

វីដេអូ​នានា​ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម បានបង្ហាញ​អំពី​ទិដ្ឋភាព​មនុស្ស​ជាច្រើន​នាក់​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង ខណៈដែល​បាតុករ​ផ្សេងទៀត​ខំ​រត់គេចខ្លួន​ពី​ក្រុមប៉ូលិស និង​ផ្សែង​បង្ហូរទឹកភ្នែក។ កា​រប​ង្រា​ប​បាតុករ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន​ម៉ា បាន​នាំឱ្យមាន​ការរិះគន់ និង​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ។

ការប្រើ​កម្លាំងបាយ​ពី​ភាគី​កងទ័ព បានបង្ហាញ​អំពី​ការប្ដេជ្ញា​យ៉ាងខ្លាំង​ក្លា​របស់​រដ្ឋាភិបាល​យោធា​នៅក្នុង​ការរំសាយ​អស្ថិរភាព​នៅ​មី​យ៉ាន​ម៉ា ដែល​បានអូសបន្លាយ​អស់​រយៈពេល​ពេញ​មួយខែ ក្រោយពី​មាន​អំពើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021។

«យើង​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​អំពើហិង្សា​សំដៅ​ទៅលើ​ក្រុមបាតុករ​នៅ​មី​យ៉ាន​ម៉ា ហើយ​យើង​អំពាវនាវ​ឱ្យ​កងទ័ព​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​អាវុធ​ប្រឆាំងនឹង​ក្រុមបាតុករ​អហិង្សា» Ravina Shamdasani អ្នកនាំពាក្យ​នៃ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ម្សិលមិញ (28 កុម្ភៈ) បាន​ថ្លែង​ដូច្នេះ។

នៅ​ទីក្រុង Dawei នៅ​ភាគខាងត្បូង​ប្រទេស​មី​យ៉ាន​ម៉ា ក្រុមប៉ូលិស​បាន​បាញ់រះ​ទៅលើ​ហ្វូង​បាតុករ​ដែលមាន​គ្នា​រាប់រយ​នាក់ នេះ​បើតាម​សាក្សី​ដែល​បាន​ប្រាប់​សារព័ត៌មាន New York Times។ វេជ្ជបណ្ឌិត​ដែល​បាន​ព្យាបាល​ជូន​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ បានឱ្យដឹងថា ករណី​បាញ់រះ​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច 3 នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ប្រមាណ 50 នាក់។

ក្រុម​វេជ្ជបណ្ឌិត​នៅ Mandalay បញ្ជាក់ថា មានការ​ផ្ទុះអាវុធ​ចំនួន 3 លើក នាំឱ្យមាន​ការស្លាប់ និង​របួស​ជាច្រើន​នៅទីនេះ។ ទីក្រុង Yangon និង​ទីក្រុង Mawlamyine ក៏មាន​ករណី​បាញ់ប្រហារ​ពី​សំណាក់​ក្រុមប៉ូលិស​ស្រដៀង​គ្នា​នេះដែរ។ សេចក្ដីប្រកាស​ពី​អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពួកគេ​មាន​របាយការណ៍​អំពី​ករណី​ស្លាប់ «ដោយសារ​គ្រាប់កាំភ្លើង​ដែល​បាញ់​សំដៅ​ហ្វូង​បាតុករ» នៅ Yangon, Mandalay, Dawei និង​ទីក្រុង​មួយចំនួនទៀត រួមមាន Myeik, Bago និង Pokokku ផងដែរ។

នេះ​គឺ​តួលេខ​ស្លាប់ និង​របួស​ច្រើនជាងគេ​នៅក្នុង​មួយថ្ងៃ រាប់​ចាប់ពី​ក្រោយ​អំពើ​រដ្ឋប្រហារ​របស់​ក​ង​ទ័ព​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​នៅ​មី​យ៉ាន​ម៉ា។ មុន​ថ្ងៃទី 28 កុម្ភៈ មាន​ករណី​ស្លាប់​ចំនួន​តែ 3 នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​រាយការណ៍​ទូលំទូលាយ បើ​ទោះ​មាន 2 នាក់​ផ្សេងទៀត​ត្រូវបាន​លើកឡើង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ។

សូម​រំលឹកថា កាលពី​ឆ្នាំ 1988 និង 2007 កងទ័ព​ភូមា ក៏​ធ្លាប់បាន​រំសាយ​ចលនា​ប្រជាធិបតេយ្យ ដោយ​ការបាញ់រះ​សំដៅ​ហ្វូង​បាតុករ​ដូច​ករណី​ថ្ងៃទី 28 កុម្ភ ឆ្នាំ 2021 នេះដែរ៕

ប្រភព៖ NYTimes
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *