Skip to content

ប៉ូលិស​ប្រឆាំង​កុបកម្ម ប៉ះទង្គិច​​ជា​មួយ​នឹង​ក្រុមបាតុករ​ថៃ-មី​យ៉ាន​ម៉ា នៅមុខ​បន្ទាយ​ទាហាន

ប៉ូលិស​ថៃ កាលពី​ថ្ងៃទី 28 កុម្ភៈ ឆ្នាំ 2021 បាន​ប្រើប្រាស់​ឡានទឹក និង​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ប​ង្រា​ម​ក្រុមបាតុករ​នៅក្បែរ​មូលដ្ឋានទ័ព​មួយ​ក្នុង​រាជធានី​បាងកក។

ចលនា​បាតុកម្ម​ដឹកនាំ​ដោយ​ក្រុមយុវជន​ដែល​ស្នើឱ្យ​នាយករដ្ឋមន្ត្រី​ថា Prayut Chan-o-cha ចុះ​ចេញពី​តំណែង នៅក្នុង​អំឡុង​ប៉ុន្មាន​ខែ​កន្លងទៅនេះ មាន​ភាពស្ងប់ស្ងាត់ ដោយសារតែ​បញ្ហា Covid-19។ ប៉ុន្តែ ករណី​មេដឹកនាំ​ចលនា​បាតុកម្ម​ចំនួន 4 នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មុន​ក្រោម​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ បាន​នាំឱ្យ​ចលនា​នេះ​ពុះកញ្ជ្រោល​ឡើងវិញ។

មេដឹកនាំ​ចលនា​ចំនួន 4 នាក់​នេះ ស្ថិតក្នុង​ចំណោម​បាតុករ 58 នាក់ ដែល​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​អំ​ពីបទ​ប្រមាថ​មហាក្សត្រ អាច​ត្រូវ​ជាប់ពន្ធនាគារ 15 ឆ្នាំ ប្រសិនបើ​ត្រូវ​កាត់ទោស។

បាតុករ​
បាតុករ​ម្នាក់​រង​របួស​

មនុស្ស​ប្រមាណ 2,000 នាក់ កាលពី​ម្សិលមិញ (28 កុម្ភៈ) បាន​ហែ​ក្បួន​ពី​វិមាន​ជ័យជំនះ​នៅ​ទីក្រុង​បាងកក ទៅកាន់​មូលដ្ឋានទ័ព​មួយ​នៅក្បែរនោះ ជា​កន្លែង​ដែលមាន​ភូមិគ្រឹះ​របស់​នាយករដ្ឋមន្ត្រី Prayut។ ក្នុងចំណោម​បាតុករ​ក៏មាន​ការចូលរួម​រប​ស់​ក្រុម​ពលករ​មកពី​ប្រទេស​មី​យ៉ាន​ម៉ា​ដែល​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​របស់​ប្រទេស​ពួកគេ​ផងដែរ។

ក្រុមបាតុករ​ពាក់មួក​ការពារ និង​កាន់​ទង់​ពណ៌​ក្រហម។ ក្រុមបាតុករ​បាន​រុញច្រាន​ធុង​ផ្ទុកទំនិញ​ដែល​ប៉ូលិស​បានដាក់​ដើម្បី​រារាំង​បាតុករ ហើយ​ក្រោយមក​ក៏បាន​ចូលទៅ​ក្បែរ​របង​បន្លា​លួស​របស់​បន្ទាយ​ទាហាន នាំឱ្យមាន​ការប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម​នៅត្រង់​ផ្លូវ​ចូលទៅក្នុង​បន្ទាយ។

នៅ​ចំពោះមុខ​ភាពវឹកវរ​នេះ ក្រុមប៉ូលិស​ក៏បាន​បាញ់​ទឹក និង​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក ទៅលើ​ហ្វូងមនុស្ស។ បាតុករ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថៃ​ថា «ពួកគេ (ក្រុមប៉ូលិស) ត្រៀម​គ្រប់យ៉ាង៖ ខែល ដំបងឆក់ ទឹក​លាយ​ធាតុគីមី និង​គ្រាប់កាំភ្លើង​ជ័រ»។

សូម​រំលឹកថា បាតុកម្ម​នៅ​ប្រទេស​ថៃ បាន​ផ្ទុះឡើង​ចាប់ពី​ខែកក្កដា ឆ្នាំ 2020 រហូតដល់​បច្ចុប្បន្ន។ ចលនា​បាតុកម្ម​នេះ ផ្ដោតទៅលើ​បញ្ហា 3 ចំណុច រួមមាន ការទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី Prayuth ចុះ​ចេញពី​តំណែង ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​កំណែទម្រង់​របប​យោធា​របស់​មហាក្សត្រ Maha Vajiralongkorn។

ក្រុមបាតុករ​បាន​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ថៃ​ថា បាន​ប្រើ​ឧបាយកល​លើ​ការបោះឆ្នោត​កាលពី​ឆ្នាំមុន ដើម្បី​បន្ត​ក្ដោប​ក្ដាប់​អំណាច។ ប៉ុន្តែ លោក Prayuth បាន​អះអាងថា ការបោះឆ្នោត​ដំណើរការ​ដោយ​យុត្តិធម៌ ហើយ​ថា លោក​នឹងមិន​ចុះ​ចេញពី​តំណែង​ឡើយ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *