កាលពីថ្ងៃទី២៤កុម្ភៈ ម្សិលមិញ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ ពីសវនាការរឿងក្ដី ដែលស្ត្រីម្ចាស់ផ្ទះ ជនជាតិសិង្ហបុរីម្នាក់ បានធ្វើវាយបាបលើរូបរាងកាយអ្នកបម្រើ ជាស្ត្រីមេផ្ទះម្នាក់ ដ៏សែនរន្ធត់ចិត្តថា ជនជាប់ចោទដែលមានឈ្មោះថា កៃយ៉ាធីរី មូរូកាយ៉ាន់ ភេទស្រី អាយុ ៤០ឆ្នាំ សញ្ជាតិសិង្ហបុរី បានសារភាពថា ខ្លួនជាអ្នកធ្វើទារុណកម្ម លើស្ត្រីជាអ្នកបម្រើនៅក្នុងផ្ទះម្នាក់ ឈ្មោះ ផាយ ង៉ាយ ដន អាយុ ២៤ឆ្នាំ សញ្ជាតិភូមា រហូតដល់ស្លាប់ ពិតប្រាកដមែន កាលពីខែមករា ឆ្នាំ2016។
ស្ត្រីរងគ្រោះ ត្រូវរងការវាយតប់ ច្របាច់ក យកខ្សែរឹតក វាយដំដោយដំបង និងយកដែកក្ដៅ មកដាក់លើរាងកាយ និងពេលខ្លះ ប្ដី និងម្ដាយរបស់ស្ត្រីជាប់ចោទ បានចូលរួមធ្វើទណ្ឌកម្មទាំងនោះទៀតផង។
គណៈអយ្យការ បានថ្លែងថា ទង្វើរបស់ស្ត្រីជាប់ចោទ គឺមានភាពសាហាវឃោរឃៅ គ្មានមនុស្សធម៌ ត្រូវប្រឈមនឹងទោសទណ្ឌខ្ពស់បំផុត តាមបទប្បញ្ញត្តិ របស់ច្បាប់ និងចាត់ទុកថា ជារឿងក្ដីមួយដែលធ្ងន់ធ្ងរបំផុត ក្នុងការធ្វើទារុណកម្មលើនិយោជិតនៅក្នុងប្រទេសសិង្ហបុរី។
តែយ៉ាងណាក្ដី អយ្យការបានដំណើរការរឿងក្ដីរបស់ស្ត្រីជាប់ចោទឈ្មោះ មូរូកាយ៉ាន់ ក្នុងបទចោទប្រកាន់ ធ្វើទារុណកម្មបណ្ដាលឱ្យអ្នកដទៃស្លាប់ ជំនួសឱ្យបទចោទ ការធ្វើឃាតដោយចេតនា ព្រោះយល់ឃើញថា ជនរងគ្រោះ មានជំងឺពិបាកចិត្ត និងសោកសៅ ធ្វើឱ្យទោសទណ្ឌ ថយចុះមកនៅត្រឹម ជាប់គុក ១ជីវិត ជំនួសឱ្យការប្រហារជីវិតវិញ។
ជនរងគ្រោះជាអ្នកបម្រើតាមផ្ទះ សញ្ជាតិភូមារូបនេះ មានមេប៉ូលិសម្នាក់ ជាអ្នករៀបចំស្វែងរកមកឱ្យជនជាប់ចោទ កាលពីឆ្នាំ2015 ដោយមានភារកិច្ចត្រូវមើលថែទាំកូនស្រីម្នាក់ អាយុ ៤ឆ្នាំ និងកូនប្រុស អាយុ ១ឆ្នាំ ម្នាក់ទៀតរបស់ជនជាប់ជនចោទ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនោះ។
ជនរងគ្រោះ ត្រូវបានបង្ខំឱ្យដេកសម្រាក បានត្រឹមតែ ៥ម៉ោងប៉ុណ្ណោះក្នុង ១ថ្ងៃ រហូតធ្វើឱ្យធ្លាក់ខ្លួនស្គមស្គាំង និងទម្ងន់ខ្លួនស្រកចុះដល់ទៅ ៣៨% និងក្នុងអំឡុងពេលស្លាប់ ជនរងគ្រោះ មានទម្ងន់ខ្លួននៅសល់ត្រឹមតែ ២៤គីឡូក្រាមប៉ុណ្ណោះ។
សូមជម្រាបដែរថា ទាំងអស់នេះ ប្រទេសសិង្ហបុរី មានពលករបរទេសចំណាកស្រុក ដែលជាអ្នកបម្រើតាមផ្ទះ ប្រមាណជា ២៥០ ០០០នាក់ ដែលភាគច្រើន មកពីប្រទេសក្នុងភូមិភាគអាស៊ី ដែលទីទ័លក្រ និងតែងប្រឈមនឹងការធ្វើទារុណកម្មជាប្រក្រតី៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ ទិទីតំតាតូ