ក្រុមអ្នកគាំទ្រយោធាមីយ៉ានម៉ាដែលយកអាវុធតាមខ្លួន បានប៉ះទង្គិចគ្នានឹងក្រុមបាតុករប្រឆាំងរដ្ឋប្រហារ នៅទីក្រុង Yangon ប្រទេសភូមាកាលពីម្សិលមិញ (26 កុម្ភៈ 2021) នាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។
បាតុកម្ម និងកូដកម្មប្រឆាំងរដ្ឋប្រហារយោធា ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃនៅប្រទេសភូមា (មីយ៉ានម៉ា) ក្នុងរយៈពេល 3 ខែកន្លងមកនេះ។ ក្រុមនិស្សិត រួមនឹងក្រុមបាតុករផ្សេងទៀត នៅតែមានផែនការបន្តធ្វើបាតុកម្ម។ កាលពីថ្ងៃទី 25 កន្លងទៅ នៅពេលក្រុមបាតុករប្រឆាំងរដ្ឋប្រហារបង្ហាញខ្លួន ក៏ស្រាប់តែមានមនុស្សប្រហែល 1,000 នាក់ ដែលគាំទ្រកងទ័ព ក៏បានមានវត្តមាននៅកណ្ដាលទីក្រុង។ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករទាំងពីរក្រុមខាងលើក៏បានកើតឡើង និងក្លាយជាអំពើហិង្សាយ៉ាងឆាប់រហ័ស។
យោងតាមសាក្សី ក្រុមគាំទ្រកងទ័ព ដែលមានអាវុធក្នុងដៃ ដូចជាកាំបិត ដំបង ជំពាមកៅស៊ូ និងដុំថ្ម បានប្រវាយប្រហារលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ក្នុងនោះមានបាតុករយ៉ាងតិច 2 នាក់ ត្រូវបានចាក់។
មនុស្សមួយក្រុមប្រដាប់ដោយកាំបិត បានវាយប្រហារលើបុរសម្នាក់នៅខាងក្រៅសណ្ឋាគារមួយនៅក្នុងទីក្រុង។ បុគ្គលិកពេទ្យបានជួយសង្គ្រោះបុរសដែលត្រូវរបួសពេញខ្លួននេះ បន្ទាប់ពីក្រុមជនដៃដល់បានចាកចេញ ប៉ុន្តែមិនដឹងថា បុរសនោះនៅមានជីវិតដែរ ឬអត់។
កាលពីល្ងាចម្សិលមិញ ប៉ូលិសប្រឆាំងកុបកម្មរាប់សិបនាក់ បានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលប្រមូលផ្ដុំគ្នានៅក្បែរការិយាល័យរដ្ឋាភិបាល ដើម្បីឆាំងនឹងការដែលកងទ័ពបានតែងតាំងមន្ត្រីមូលដ្ឋានម្នាក់។
អំពើហិង្សាខាងលើ បាននាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងនៅប្រទេសនេះ។ មេដឹកយោធា Min Aung Hlaing បាននិយាយថា អាជ្ញាធរកំពុងប្រើប្រាស់កម្លាំងអាវុធតិចតួចបំផុត។
ក៏ប៉ុន្តែ គិតមកដល់បច្ចុប្បន្ន យ៉ាងហោចណាស់ មានបាតុករ 3 នាក់ និងប៉ូលិសម្នាក់ បានបាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី 24 កុម្ភៈ មនុស្សចំនួន 728 នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោស ទាក់ទិននឹងបាតុកម្មប្រឆាំងរដ្ឋប្រហារ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា