កងទ័ពអាកាសសហរដ្ឋអាមេរិក បានបាញ់សាកល្បងកាំជ្រួចផ្លោងឆ្លងទ្វីប Minuteman III ដែលមិនមានបំពាក់ក្បាលគ្រាប់ ចេញពីមូលដ្ឋានទ័ពនៅ California និងបានចំគោលដៅដែលមានចម្ងាយពីមូលដ្ឋានទ័ពជាង 6,700 គីឡូម៉ែត្រ។
ការធ្វើតេស្តលើកាំជ្រួចផ្លោងឆ្លងទ្វីប (ICBM) Minuteman III នេះ ត្រូវបានធ្វើឡើងនៅឯមូលដ្ឋានទ័ព Vandenberg រដ្ឋ California កាលពីយប់ថ្ងៃទី 23 កុម្ភៈ។ កាំជ្រួចផ្លោងនេះបានបាញ់ចំគោលដៅនៅលើកោះថ្មប៉ប្រះទឹក Kwajalein នៃប្រជុំកោះ Marshall ដែលមានចម្ងាយជាង 6,700 គីឡូម៉ែត្រពីទីតាំងបាញ់សាកល្បង។
«កមកន្លាំង ICBM របស់ប្រទេសយើង តែងតែត្រៀមខ្លួនជាស្រេច 24/7» ឧត្ដមសេនីយ៍ Anthony Cotton មេបញ្ជាការរងនៃបញ្ជាការដ្ឋានវាយប្រហារទូទាំងសកលលោករបស់ទ័ពអាកាសអាមេរិក ឱ្យដឹងនៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី 24 កុម្ភៈ។ លោកបន្តថា «ការធ្វើតេស្តនានា បានបញ្ជាក់អំពីកម្រិតនៃការត្រៀមខ្លួន និងទំនុកចិត្តទៅលើកាំជ្រួចផ្លោង Minuteman III ដែលយើងមាន»។
មន្ត្រីយោធាខាងលើអះអាងថា សហរដ្ឋអាមេរិក «មានសមត្ថភាពគ្រប់គ្រងទំនុកចិត្ត ជាមួយនឹងវិធានការកំញើញជាយុទ្ធសាស្ត្រសកល ការពារសុវត្ថិភាពសម្ងាត់ និងប្រសិទ្ធភាព»។
កងទ័ពអាមេរិកឱ្យដឹងថា ការសាកល្បងអាវុធនេះមិនទាក់ទងនឹងព្រឹត្តិការណ៍នយោបាយពិភពលោក ឬភាពតានតឹងណាមួយក្នុងតំបន់ ព្រោះថា វាត្រូវបានរៀបចំតាំងតែពី 5 ឆ្នាំមុនមកម្ល៉េះ។
សហរដ្ឋអាមេរិកមានកាំជ្រួចផ្លោង Minuteman III ប្រមាណ 450 ដើម នៅពាសពេញទឹកដី រួមនឹងក្បាលគ្រាប់ប្រមាណ 3,800 គ្រាប់ ដែលស្ថិតក្នុងលក្ខណត្រៀមជាស្រេច និងក្បាលគ្រាប់ 2,000 គ្រាប់កំពុងនៅក្នុងឃ្លាំងសុវត្ថិភាព។ Minuteman III អាចបំពាក់ក្បាលគ្រាប់ W87 ដែលមានកម្លាំងបំផ្លាញ 450 kiloton ឬក្បាលគ្រាប់ W78 ចំនួន 3 គ្រាប់ ស្មើនឹងកម្លាំង 350 kiloton ដែលអាចវាយប្រហារលើគោលដាច់ដោយឡែករៀងៗខ្លួន៕
ប្រភព៖ Sputnik, Airforcetimes
ប្រែសម្រួល៖ បុត្រា