ក្រុមប៉ូលិសភូមា (មីយ៉ានម៉ា) បាននាំគ្នាដេញ និងចាប់បាតុករជាច្រើនរយនាក់នៅក្នុងព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នាប្រកបដោយភាពវឹកវរនៅរដ្ឋធានី ណៃពីដោ កាលពីថ្ងៃទី 22 កុម្ភៈ។
វីដេអូដែលត្រូវបានថតដោយទូរស័ព្ទរបស់ពលរដ្ឋ បង្ហាញថា ក្រុមប៉ូលិសប្រដាប់អាវុធបានបែងចែកទិសដៅគ្នា ដេញចាប់ក្រុមបាតុករដែលកំពុងរត់គេចខ្លួននៅ Pyinmana ដែលជាក្រុងរណបមួយរបស់រដ្ឋធានី។ រថយន្តប្រអប់មួយគ្រឿងរបស់ក្រុមប៉ូលិសឈប់នៅលើដងផ្លូវ ហើយបាតុករម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន និងត្រូវកៀប និងរុញច្រានឱ្យចូលក្នុងប្រអប់ ក្នុងពេលសំឡេងស្រែកប្រឆាំងបន្លឺឡើងកងរំពង។
អ្នកជិះម៉ូតូម្នាក់ឱ្យដឹងថា ខ្លួនបានជិះឆ្លងកាត់ក្បែររថយន្តប្រអប់ចំនួន 3 គ្រឿងរបស់ប៉ូលិស និងឃើញថា ក្នុងនោះមានបាតុករពេញណែនទាំងអស់។ យោងតាមសាក្សី បាតុករប្រមាណជាង 200 នាក់ ដែលភាគច្រើនគឺជានារីភេទ ត្រូវបានប៉ូលិសចាប់ខ្លួន។
ក្រុមគ្រួសាររបស់បាតុករដែលត្រូវបានចាប់ខ្លួន បានសម្ដែងការព្រួយបារម្ភខ្លាំងនៅលើបណ្ដាញសង្គម និងបានឱ្យដឹងថា បាតុករទាំងនោះសុទ្ធតែត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ព។ បើសិនជាព័ត៌មាននេះជាការពិត នោះវាគឺជាករណីចាប់ខ្លួនធំបំផុត រាប់ចាប់ពីចលនាប្រឆាំងរដ្ឋប្រហារនៅមីយ៉ានម៉ាត្រូវបានបង្កើតឡើង។
មនុស្សរាប់ម៉ឺននាក់បាននាំគ្នាចេញធ្វើបាតុកម្មនៅក្នុងទីក្រុងធំៗរបស់ប្រទេសភូមា កាលពីថ្ងៃទី 22 កុម្ភៈ ដើម្បីប្រឆាំងនឹងអំពើរដ្ឋប្រហាររបស់កងទ័ព។ ពួកគេស្នើឱ្យស្ដាររដ្ឋាភិបាលស៊ីវិល និងដោះលែងក្រុមមន្ត្រីដែលត្រូវបានចាប់ខ្លួន ក្នុងនោះមានទាំងទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi ផងដែរ។
មនុស្សយ៉ាងហោច 3 នាក់ បានបាត់បង់ជីវិតដោយសារការបាញ់ប្រហារពីក្រុមប៉ូលិស នៅក្នុងបាតុកម្មនានា ខណៈដែលភាគីខាងកងទ័ពក៏បានប្រកាសថា ប៉ូលិសម្នាក់បានស្លាប់ដោយសាររងរបួសធ្ងន់នៅពេលប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមបាតុករនៅ Mandalay។
ប្រទេសអង់គ្លេស អាមេរិក និងកាណាដា សុទ្ធតែបានចាប់ផ្ដើមដាក់ទណ្ឌកម្មលើក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសមីយ៉ានម៉ា ប៉ុន្តែ កងទ័ពនៃប្រទេសនេះ មកដល់បច្ចុប្បន្ន នៅតែមិនអើពើដល់សម្ពាធនានាពីសហគមន៍អន្តរជាតិ៕
ប្រភព៖ Reuters