បាតុកររាប់ម៉ឺននាក់បាននាំគ្នាចេញធ្វើបាតុកម្មនៅក្នុងទីក្រុងធំៗ ដូចជា Naypyidaw, Yangon និង Mandalay ជាដើម ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា បើទោះជាមានការព្រមានសម្លាប់ ពីសំណាក់កងទ័ព។
នាថ្ងៃទី 22 កុម្ភៈ ឆ្នាំ 2021 នេះ ពលរដ្ឋមីយ៉ានម៉ារាប់ម៉ឺននាក់ នៅតែបន្តនាំគ្នាចេញដើរតាមដងផ្លូវនៅក្នុងទីក្រុង និងទីរួមស្រុកនានាពាសពេញទឹកដីមីយ៉ានម៉ា ដើម្បីជំទាស់នឹងការដែលកងទ័ពឡើងគ្រប់គ្រងអំណាច បើទោះជាក្រុមមន្ត្រីយោធាបានព្រមានថា បាតុករអាចនឹងត្រូវ «បាត់បង់ជីវិត» ប្រសិនប្រឈមមុខនឹងកងសន្តិសុខ។
ក្រុមបាតុករខ្លះអង្គុយស្រែកហ៊ោនៅតាមដងផ្លូវក្នុងទីក្រុង Mandalay។ បាតុករជាច្រើន ពាក់មួក និងពាក់វ៉ែនតាពិសេសដើម្បីទប់ទល់នឹងផ្សែងបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូរបស់ប៉ូលិស។
ចលនា Civil Disobedience Movement របស់មីយ៉ានម៉ា ថ្ងៃនេះ បានអំពាវនាវឱ្យមានការធ្វើកូដកម្មទូទាំងប្រទេស និងបិទការិយាល័យ និងហាងទាំងអស់ដើម្បីប្រឆាំងនឹងកងទ័ព។ ក្រុមមេដឹកនាំបាតុករក៏បានអំពាវនាវឱ្យពលរដ្ឋភូមាទាំងអស់ ចូលរួមធ្វើបាតុកម្ម និងបង្កើតជា «សមុទ្រមនុស្សពេញទីក្រុង»។
ប៉ូលិសមីយ៉ានម៉ា កាលពីថ្ងៃទី 20 កន្លងទៅ បានបាញ់ប្រហារទៅលើក្រុមបាតុករនៅទីក្រុង Mandalay បណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 2 នាក់ និងជាង 30 នាក់រងរបួស។