អ្នកបើកបរយន្តហោះជនជាតិជប៉ុន រួមនឹងគ្រូបង្វឹកជនជាតិអាមេរិក បានបាត់បង់ជីវិត នៅពេលយន្តហោះសម្រាប់ហ្វឹកហាត់ T-38 របស់ពួកគេបានធ្លាក់នៅក្បែរព្រលានយន្តហោះ Montgomery នៃរដ្ឋ Alabama សហរដ្ឋអាមេរិក។
យន្តហោះសម្រាប់ហ្វឹកហាត់ T-38 របស់ទ័ពអាកាសអាមេរិក បានធ្លាក់កាលពីរសៀលថ្ងៃទី 19 កុម្ភៈ ក្នុងគ្រាកំពុងហ្វឹកហាត់ទៅតាមគម្រោងនៅខាងក្រៅមូលដ្ឋានទ័ពអាកាស Columbus ក្នុងរដ្ឋ Mississippi នេះបើតាម Seth Graham មេបញ្ជាការក្រុមហោះហើរហ្វឹកហាត់លេខ 14។
គ្រូបង្វឹករបស់អាមេរិកនៅលើយន្តហោះ T-38 ដែលជួបគ្រោះថ្នាក់នេះគឺ អនុសេនីយ៍ត្រី Scot Ames Jr. មកពីក្រុមហោះហើរហ្វឹកហាត់លេខ 50 នៅមូលដ្ឋានទ័ពអាកាស Columbus។ ឈ្មោះរបស់សិក្ខាកាមជនជាតិជប៉ុន វ័យ 24 ឆ្នាំ និងជាអនុសេនីយ៍ត្រី ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ។
មេបញ្ជាការក្រុមហោះហើរហ្វឹកហាត់លេខ 14 របស់អាមេរិកឱ្យដឹងថា យន្តហោះ T-38 ត្រូវបានបញ្ជាដោយអ្នកបើកបរជនជាតិជប៉ុន និងជួបគ្រោះថ្នាក់នៅពេលស្ថិតក្នុងការហ្វឹកហាត់ពេលយប់ដំណាក់កាលដំបូង។ ទ័ពអាកាសអាមេរិកកំពុងធ្វើការស៊ើបអង្កេតលើមូលហេតុដែលនាំឱ្យកើតមានហេតុការណ៍ធ្លាក់យន្តហោះនេះ។
យន្តហោះហ្វឹកហាត់ T-38 របស់អាមេរិកដែលជួបគ្រោះថ្នាក់កន្លងទៅថ្មីៗនេះ នោះគឺករណីនៅមូលដ្ឋានទ័ពអាកាស Vance ក្នុងរដ្ឋ Oklahoma នៅពេលយន្តហោះរបស់ពួកគេកំពុងចុះចតជាក្រុម បណ្ដាលឱ្យអ្នកបើកបរពីរនាក់បានស្លាប់។
T-38 គឺជាយន្តហោះសម្រាប់ហ្វឹកហាត់ដែលមានកៅអីចំនួនពីរ ត្រូវបានអភិវឌ្ឍតាំងពីចុងទសវត្សរ៍ឆ្នាំ 1950 និងត្រូវបានប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ T-38 ប្រមាណជាជាង 1,100 គ្រឿង ត្រូវបានលក់ចេញ និងត្រូវបានប្រើប្រាស់ក្នុងប្រទេស និងដែនដីចំនួន 6 ក្នុងនោះសហរដ្ឋអាមេរិកគឺជាប្រទេសដែលប្រើច្រើនជាងគេ ដោយកាន់កាប់ប្រហែល 500 គ្រឿង៕
ប្រភព៖ Task&Purpose