Skip to content

មេដឹកនាំ​ក្រុម​ប្រទេស G7 សន្យា​បង្កើន​សហប្រតិបត្តិការ​ដើម្បី​ទប់ទល់​នឹង Covid-19

នៅក្នុង​កិច្ចប្រជុំ​កំពូល​តាម​អន​ឡាញ​របស់​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​មាន​ឧស្សា​កម្ម​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក (G7) ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ក្រុម​មេដឹកនាំ G7 បាន​សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ក៏ដូចជា​ការជួយ​ដល់ WHO។

មុន​បញ្ចប់​កិច្ចប្រជុំ ក្រុម​មេដឹកនាំ G7 យល់ថា ការលះបង់​របស់​ក្រុមមនុស្ស​ដែល​បំពេញបេសកកម្ម​ជួរមុខ​នៅ​គ្រប់ទិសទី បានបង្ហាញ​នូវអ្វីៗដែល​ល្អប្រសើរ​បំផុត​របស់​មនុស្សជាតិ ខណៈ​ការអភិវឌ្ឍ​វ៉ាក់សាំង​បាន​យ៉ាង​ឆាប់រហ័ស​ដើម្បី​ទប់ទល់​នឹង Covid-19 ក៏បាន​បង្ហាញ​អំពី​កម្លាំង​នៃ​បញ្ញា​របស់​មនុស្សលោក។

ដើម្បី​សហការ និង​រួមគ្នា​ស្ដារ​មុខមាត់​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏ដូចជា​ជួយ​លើកកម្ពស់​តួនាទី​ដឹកនាំ និង​ចាត់ចែង​របស់​អង្គការ​នេះ ក្រុម​ប្រទេស G7 បាន​សន្យាថា​នឹង​ព​ន្លឿ​ន​ដំណើរការ​អភិវឌ្ឍ និង​ផ្គត់ផ្គង់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក សហការ​ដើម្បី​បង្កើន​លទ្ធភាព​ផលិត​វ៉ាក់សាំង ក្នុងនោះ រួមមាន​ទាំង​ការអនុម័ត​ផ្ដល់​ការអនុញ្ញាត​បណ្ដោះអាសន្ន​លើ​វ៉ាក់សាំង​នានា និង​កែលម្អ​ការចែករំលែក​ព័ត៌មាន។ល។

ក្រុម​មេដឹកនាំ G7 ក៏បាន​អះអាង​ជាថ្មី​អំពី​ការគាំទ្រ​ចំពោះ​កម្មវិធី​នានា​របស់ WHO មានដូចជា​កម្មវិធី​សហការ​បង្កើនល្បឿន​នៃ​ការចូល​ប្រើ​ឧបករណ៍​សម្រាប់​ទប់ទល់​នឹង Covid-19 (ACT-A) និង​កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង​ដោយ​យុត្តិធម៌​ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ និង​ប្រទេស​ដែលមាន​ចំណូល​ទាប (COVAX) ជាដើម។

សេចក្ដីប្រកាស​រួម​របស់ G7 ក៏បាន​បង្ហាញថា ជាមួយនឹង​ការសន្យា​ផ្ដល់ជំនួយ​បន្ថែម 4 ពាន់​លាន​ដុល្លារ ជំនួយ​សរុប​របស់ G7 សម្រាប់ COVAX និង ACT-A បាន​កើន​ដល់ 7.5 ពាន់​លាន​ដុល្លារ​អាមេរិក។ G7 និង​ធ្វើការ​ជាមួយ​ដៃគូ​នានា មានដូចជា​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន និង​ទើប​លេចធ្លោ (G20) និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​រួមគ្នា​ជួយ​ដល់​សកម្មភាព​របស់ ACT-A និង COVAX របស់ WHO៕

ប្រភព៖ NYT

Leave a Reply

Your email address will not be published. Required fields are marked *