ព្យុះ Dujuan ដែលទើបតែបានកើតឡើងនៅលម្ហសមុទ្រហ្វីលីពីន អាចនឹងបោកបក់ចូលសមុទ្រចិនខាងត្បូងនៅដើមសប្ដាហ៍ក្រោយ និងក្លាយជាព្យុះដំបូងគេនៅសមុទ្រចិនខាងត្បូងសម្រាប់ឆ្នាំ 2021 នេះ។
CNN កាលពីជាង 9 ម៉ោងមុន បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន បានក្លាយទៅជាព្យុះ ដែលនេះគឺជាព្យុះដំបូងគេបង្អស់នៅក្នុងឆ្នាំ 2021 សម្រាប់មហាសមុទ្រប៉ាស៊ីហ្វិកភាគពាយព្យ។ ព្យុះនេះត្រូវបានគេដាក់ឈ្មោះថា Dujuan ជាឈ្មោះដែលចិនជាអ្នកស្នើឡើង ហើយវាមានន័យថា ជាផ្កាមួយប្រភេទ។ តាមការព្យាករ ព្យុះ Dujuan នឹងរីកមាឌធំជាងបច្ចុប្បន្ន រួចបោកបក់ចូលកាន់សមុទ្រចិនខាងត្បូងក្នុងអំឡុងចាប់ពីថ្ងៃទី 22-23 ខែកុម្ភៈ។
ការព្យាករបញ្ជាក់ថា មុនពេលធ្វើដំណើរចូលដល់សមុទ្រចិនខាងត្បូង ព្យុះ Dujuan អាចនឹងបង្កើនកម្លាំងរហូតដល់កម្រិតចាប់ពី 9-10 ក៏ប៉ុន្តែ ក្រោយពីបានឆ្លងផុតពីប្រទេសហ្វីលីពីន Dujuan នឹងត្រូវចុះខ្សោយ ហើយបន្តបោកបក់ចូលសមុទ្រចិនខាងត្បូងដោយកម្លាំងចាប់ពីកម្រិត 7 ដល់កម្រិត 8។ ក្រោយពីបានចូលដល់សមុទ្រចិនខាងត្បូង Dujuan ក៏អាចជះឥទ្ធិពលដល់ប្រទេសវៀតណាម និងអាចបណ្ដាលឱ្យអាកាសធាតុនៅកម្ពុជាប្រែប្រួលខ្លះ។
ការព្យាករបានបន្តថា សមុទ្រខាងត្បូងអាចនឹងមិនមានព្យុះណាមួយកើតឡើងទៀតទេ ក្រោយពីព្យុះនេះ រហូតដល់ខែឧសភា ឆ្នាំ 2021។ ចូលដល់ខែមិថុនា-កក្កដា ព្យុះ និងសម្ពាធទាបចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញនៅតំបន់សមុទ្រខាងលើ៕
ប្រភព៖ CNN, CNBC