ជប៉ុននឹងពន្យារសុពលភាពនៃកិច្ចព្រមព្រៀងតម្លៃ 1.9 ពាន់លានដុល្លារដែលប្រទេសនេះត្រូវបង់ទៅឱ្យកងទ័ពសហរដ្ឋអាមេរិកដែលបោះជំរំនៅប្រទេសនេះ សម្រាប់រយៈពេលមួយឆ្នាំ បើទោះជាអតីតប្រធានាធិបតី Trump ធ្លាប់ទាមទារច្រើនជាងនេះ 4 ដងក៏ដោយ។
រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi កាលពីថ្ងៃទី 17 កុម្ភៈ បានប្រកាសថា ទីក្រុងតូខ្យូ និងវ៉ាស៊ីងតោន បានយល់ព្រមពន្យារសុពលភាពនៃកិច្ចព្រមព្រៀងខាងលើ ដោយរក្សាទុកតម្លៃដើមដែលជប៉ុនត្រូវបង់ទៅឱ្យទាហានអាមេរិកចំនួន 55,000 នាក់ ដែលបោះទ័ពក្នុងប្រទេសនេះ ក្នុងគ្រាប្រទេសទាំងពីរកំពុងចរចាគ្នាអំពីកិច្ចព្រមព្រៀងចែករំលែកខ្ទង់ចំណាយថ្មី។
កិច្ចព្រមព្រៀងចែករំលែកការចំណាយនាបច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅក្រោយខែមីនា ឆ្នាំ 2021 ប៉ុន្តែនឹងត្រូវបានអូសបន្លាយដល់ខែមីនា ឆ្នាំ 2022 ហើយជប៉ុននឹងបន្តបង់ប្រាក់ឱ្យសហរដ្ឋអាមេរិកចំនួន 1.9 ពាន់លានដុល្លារ សម្រាប់អំឡុងពេលនេះ។
អតីតប្រធានាធិបតី Donald Trump កាលពីនៅកាន់តំណែង ធ្លាប់បានដាក់សម្ពាធឱ្យជប៉ុនបង់ថ្លៃការពារដល់អាមេរិកច្រើនជាងបច្ចុប្បន្នដល់ទៅ 4 ដង ពោលគឺប្រហាក់ប្រហែលនឹង 8 ពាន់លានដុល្លារអាមេរិក។ សម្ពាធនេះគឺស្ថិតក្នុងយុទ្ធនាការរបស់លោក Trump ដើម្បីបង្ខំឱ្យប្រទេសជាសម្ព័ន្ធមិត្ត បង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ។
ទាហានអាមេរិកប្រមាណ 55,000 នាក់ កំពុងមានវត្តមាននៅលើទឹកដីជប៉ុន ក្នុងនោះមាន កងនាវាចម្បាំងទី7 (United States Seventh Fleet) របស់កងទ័ពជើងទឹក រួមនឹងក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះប្រចាំការ និងកងទ័ពជើងទឹកលេខ3 (III Marine Expeditionary Force) ផងដែរ។ បណ្ដាប្រទេសដែលកងទ័ពសហរដ្ឋអាមេរិកបោះជំរំ ត្រូវមានកាតព្វកិច្ច «ជួយចេញថ្លៃលើការបណ្ដុះបណ្ដាល ពលកម្ម និងភ័ស្តុភារ សម្រាប់មូលដ្ឋានទ័ព»។
រដ្ឋាភិបាលលោក Joe Biden កំពុងតែស្វែងរកការប្ដូរផ្លាស់វិធីសាស្ត្របែប «ប្រឈមមុខ» របស់អតីតរដ្ឋាភិបាលលោក Trump ចំពោះសម្ព័ន្ធមិត្ត ទាក់ទងនឹងកិច្ចសន្យាការពារប្រទេសរបស់ពួកគេ។ លោក Biden មុននេះក៏ធ្លាប់បានផ្អាកផែនការដកទ័ពអាមេរិកប្រមាណ 11,900 នាក់ ចេញ្ពីប្រទេសអាល្លឺម៉ង់ ដែលត្រូវបានលោក Trump បញ្ជាកាលពីលោកនៅគ្រប់គ្រងសេតវិមាន៕
ប្រភព៖ Aljazeera